មរណភាពអៀង សារី៖ បទចោទប្រកាន់ត្រូវបានបញ្ចប់ តែសវនាការនៅបន្ត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: March 15, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រមព្រហ្មទណ្ឌកម្ពុជា និងវិធានផ្ទៃក្នុងរបស់សាលាក្ដីខ្មែរក្រហម បានបញ្ជាក់ថាមរណភាពរបស់ជនជាប់ចោទ នឹងនាំទៅដល់ការរំលត់បណ្ដឹងអាជ្ញា ប្រឆាំងនឹងជនជាប់ចោទ។ តែសម្រាប់ព្រះរាជអាជ្ញារបស់សាលាក្ដីនេះ មរណភាពរបស់អៀង សារី នឹងមិនប៉ះពាល់ដល់ដំណើរការកាត់ក្ដី ដែលបានចាប់ផ្ដើមរួចមកហើយនោះទេ។
លោកអៀងសារី (រូបកណ្ដាល) ក្នុងចំណោមទាហ៊ានខ្មែរក្រហម។ រូបថត EMMANUEL DUNAND / AFP។
លោក អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ១៩២៥ និងត្រូវបានចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០០៧ សម្រាប់វិនិច្ឆ័យទោស ក្នុងតុលាការកូនកាត់ រវាងរដ្ឋាភិបាលខ្មែរ និងអង្គការសហប្រជាជាតិ ដែលគេហៅថា សាលាក្ដីខ្មែរក្រហម ឬ អ.វ.ក.ត។ លោកត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យជាច្រើនលើក ចាប់តាំងពីបានឃុំខ្លួន នៅមន្ទីរឃុំឃាំងបណ្តោះអាសន្ន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ក.ត)។
ចុងក្រោយក្នុងអាយុ ៨៨ឆ្នាំ លោក អៀង សារី បានចូលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ទើបតែបានដប់ថ្ងៃ នៅព្រឹកថ្ងៃទី១២ ខែមីនា បានស្លាប់នៅវេលាម៉ោង៨ និង៤៥ នាទីដោយជម្ងឺគាំងបេះដូង។
សេចក្តីប្រកាសជាសាធារណៈមួយចុះថ្ងៃទី១៤ ខែមីនា ចេញដោយ លោក និល ណុន ប្រធានអង្គជំនុំជំរះសាលាដំបូង នៃសាលាក្តីខ្មែររក្រហម បានបង្ហាញថា តាមក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ត្រង់មាត្រា ៧.១ មរណៈភាពរបស់ លោក អៀង សារី ត្រូវរលត់បណ្តឹងអាជ្ញា ប្រឆាំងនឹងរូបគាត់នៅចំពោះមុខអ.វ.ក.ត និងអនុលោមតាមវិធានផ្ទៃក្នុងនៃ អ.វ.ក.ត ក៏បណ្តាលឲ្យបញ្ចប់បណ្តឹងរដ្ឋប្បវេណីផងដែរ។ «មរណៈភាពរបស់ជនជាប់ចោទ អៀង សារី មានអានុភាពរលត់បណ្តឹងអាជ្ញា និងបញ្ចប់បណ្តឹងរដ្ឋប្បវេណីប្រឆាំងនឹងជនជាប់ចោទអៀង សារី នៅចំពោះមុខ អ.វ.ក.ត»។
ជាមួយគ្នានេះដែរក្នុងសន្និសីទកាសែតកាលរសៀលថ្ងៃទី១៤ ខែមីនានេះ លោកស្រី ជា លាង សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហម លើកឡើងថា ការស្លាប់របស់លោកអៀង សារី មិនប៉ះពាល់ដល់ដំណើរការកាត់ក្តីក្នុងសំណុំរឿង០០២ នោះទេ ព្រោះគាត់ស្លាប់ក្នុងដំណាក់កាលកាត់ទោស ពោលរាល់ការស៊ើបអង្កេត និងប្រមូលភស្តុតាងចោទប្រកាន់ លើរូបលោកបានធ្វើចប់សព្វគ្រប់អស់ហើយ។ «ការស៊ើបអង្កេតបឋម និងការប្រមូលភស្តុតាង ត្រូវបានបញ្ចប់ នៅតែសួរដេញដោល និងចេញសាលក្រមតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំយល់ថា អ្វីដែលប្រមូលបាន ក៏ដូចជាសហចៅក្រមស៊ើបអង្កេត បញ្ជូនរឿងទៅជំនុំជម្រះ វាមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ផ្តន្ទាទោសលោក អៀង សារី ហើយ។ ដូច្នេះព័ត៌មានទាំងនេះ វាមិនមានការបាត់បង់ឡើយ។»
លោកស្រីបន្តថា បណ្តឹងអាជ្ញាប្រឆាំងនឹងលោក អៀង សារី បានផុតរលត់ តាមមាត្រា៧.១ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជាដែលចែងថា «មរណភាពនៃជនជាប់ចោទ នាំដល់ការរំលត់បណ្តឹងអាជ្ញា ប្រឆាំងនឹងរូបគាត់»។
តាមការបញ្ជាក់របស់សហព្រះរាជអាជ្ញាជាតិ និងអន្តរជាតិ ថាការបាត់បង់លោកអៀង សារីមិនធ្វើ អោយបាត់បង់នូវព័ត៌មាន ដែលត្រូវបានគេប្រមូលនៅក្នុងដំណាក់កាលដំបូងរួចជាស្រេចហើយនោះទេ។ រីឯសវនាការសំណុំរឿង០០២ ដែលគ្រោងនឹងបញ្ចប់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងនៅបន្តរដំណើរការ ដោយប្រឆាំងលើជនជាប់ចោទពីររូបដែលនៅរស់ លោក នួន ជា និងលោក ខៀវ សំផន។
ទោះយ៉ាងនេះក្តី បើតាមលោកស្រី ជា លាង សហព្រះរាជអាជ្ញា បញ្ជាក់ថា ការិយាល័យសហព្រះរាជអាជ្ញា នឹងធ្វើបញ្ចប់នូវការស៊ើបអង្កេតជាផ្លូវការ លើករណីស្លាប់របស់ អៀង សារី ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ មុនដាក់របាយការណ៍ផ្លូវការនេះ ទៅការិយារដ្ឋបាលនៃសាលាក្តីខ្មែរក្រហម។
ចំណែកលោក វិល្លីយ៉ាម ស្មីត (William Smith) សហព្រះរាជអាជ្ញារងអន្តរជាតិ នៅសាលាក្តីខ្មែរក្រហម ក៏បានថ្លែងក្នុងសន្និសីទកាសែតនោះថា មរណភាពរបស់លោក អៀង សារី ពេលនេះ មិនមែនជាបរាជ័យ សម្រាប់សាលាក្តីខ្មែរក្រហមទេ។ ម្យ៉ាងទៀតសំណុំរឿង០០២ នឹងអាចបញ្ចប់នៅក្នុងរយៈពេល ៤ ឬ ៥ ខែខាងមុខ។
សូមបញ្ជាក់ថា អង្គជំនុំជម្រះសាលាដំបូង បានបើកសវនាការបឋម នៅខែមិថុនា ឆ្នាំ២០១១។ សវនាការលើភ័ស្តុតាងចាប់ផ្តើមនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយពិភាក្សាទៅលើ ការជម្លៀសប្រជាជន ដោយបង្ខំចេញពីទីក្រុងភ្នំពេញ ហើយក្រោយមកចេញពីទីប្រជុំជននានា និងបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
ក្នុងសំណុំរឿង០០២ មានអតីតមេដឹកនាំ នៃរបបកម្ពុជាប្រជាធិបតេយ្យចំនួនបីរូប ដែលកំពុងត្រូវបានជំនុំជម្រះក្តី។ ជនជាប់ចោទទាំងបីរូបនោះមានលោក នួន ជា អតីតប្រធានរដ្ឋសភា និងអនុលេខាបក្សកុម្មុយនីស្តកម្ពុជា, លោក ខៀវ សំផន អតីតប្រមុខរដ្ឋ និងលោក អៀង សារី អតីតឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការបរទេស និងជាសមាជិកមួយរូប នៃគណៈអចិន្ត្រៃយ៍ នៃបក្សកុម្មុយនិស្តកម្ពុជា ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ជនជាប់ចោទទាំងបីរូប រួមទាំងលោក អៀង សារី ផង ត្រូវបានជំនុំជម្រះក្តីនៅចំពោះមុខ អ.ក.ត.វ ចំពោះបទចោទប្រកាន់ អំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការរំលោភបំពារបំពាន យ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ ១៩៤៩។
សូមរម្លឹកថា របបខ្មែរក្រហមបានឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវទម្លាក់ពីអំណាចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ប្រជាជនកម្ពុជាប្រមាណ ១,៧ លាននាក់បានបាត់បង់ជីវិត។ សង្គ្រាមស៊ីវិលបានបន្ដ ក្រោយពីការដួលរលំនៃរបបខ្មែរក្រហមនាឆ្នាំ១៩៧៩ ហើយបានត្រូវបញ្ចប់នៅឆ្នាំ១៩៩៨ ក្នុងខណៈពេលដែលរចនាសម្ព័ន្ធនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវរំសាយ ឬរំលាយចោល៕
-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៥ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ