«សាលាក្តីខ្មែរក្រហម មិនបានពន្យឺតសំណុំរឿង០០២ទេ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៦ ខែមិនា ២០១៣
- កែប្រែចុងក្រោយ: March 26, 2013
- ប្រធានបទ: ខ្មែរក្រហម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា អ្វីដែលតុលាការកំពុងតែធ្វើមិនមានចេតនាណាមួយ ក្នុងការពន្យាពេល និងធ្វើឲ្យយឺតយ៉ាវទេ។ នេះជាដំណើរការនីតិវិធីមួយ មានប្រសិទ្ធិភាព ផ្តល់នូវយុត្តិធម៌ ឆ្លើយតបទៅនឹងផលប្រយោជន៍គ្រប់ភាគីទាំងអស់ ដែលអាចទទួលយកបាន (ទាំងជនរងគ្រោះ ទាំងជនជាប់ចោទ)។
ការថ្លែងរបស់អ្នកនាំពាក្យសាលាក្ដី បានធ្វើឡើង បន្ទាប់ពីជនរងគ្រោះ និងដើមបណ្តឹងរដ្ឋប្បវេណី ចំនួនដប់បីនាក់ ដែលមកពីដប់មួយខេត្តក្រុង បានធ្វើសន្និសិទកាសែតមួយ កាលពីថ្ងៃទី២៥ ខែមីនានេះ ទាមទារឲ្យសាលាក្តីខ្មែរក្រហមពន្លឿន ក្នុងការបញ្ចប់សុំណុំរឿង០០២។ ការស្នើសុំនេះ បន្ទាប់ពីការស្លាប់របស់លោក អៀង សារី កាលពីថ្ងៃទី១២ ខែមីនា ដែលជាជនជាប់ចោទម្នាក់ ក្នុងចំណោមជនជាប់ចោទពីរនាក់ផ្សេងទៀត គឺលោក នួន ជា អតីតប្រធានរដ្ឋសភា នៃរបបកម្ពុជាប្រជាធិបតេយ្យ និងជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ។ ពួកគាត់បន្តថា ដោយសារតែបច្ចប្បន្ននេះ ជនជាប់ចោទពីរនាក់នេះ មានវ័យកាន់តែ«ជរា»ទៅហើយ និងមានជំងឺប្រចាំកាយទៀត ខ្លាចមិនអាទ្រាំទ្រ រហូតដល់មានសវនាការមួយចប់ ដែលអាចផ្តល់នូវយុត្តិធម៌ សម្រាប់ជនរងគ្រោះបាន។
ប៉ុន្តែសម្រាប់អ្នកនាំពាក្យ របស់សាលាក្ដី បានឆ្លើយបញ្ជាក់បន្ថែមថា សាលាក្តីបានគិតគូរ ចំពោះការទាមទាររបស់ប្រជាពលរដ្ឋ ហើយអង្គជំនុំជំរះ នៃសាលាដំបូងនេះ ក៏កំពុងស្វែងរកពីវិធីសាស្រ្ត យ៉ាងណា ដើម្បីពន្លឿនការជំនុំជំរះក្តី ឲ្យបានឆាប់រហ័ស។ លោកបន្តថា៖ «យើងយល់ពីការទន្ទឹងរងចាំ របស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ។ អ្វីដែលសំខាន់ តុលាការបាននឹងកំពុងបំពេញការងារនេះ ដើម្បីឆ្លើយតប ទៅនឹងការទន្ទឹងរងចាំ របស់ជនរងគ្រោះ ដែលចង់បានយុត្តិធម៌។»។
ចំពោះលោក អ៊ឹង ហ្សឺឌី មន្ត្រីកម្មវិធី នៃគណៈកម្មាធិការប្រព្រឹត្តិកម្ម ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា បានលើកឡើងថា ទាំងនេះជាការព្រួយបារម្មណ៍ និងជាការលើកឡើងរួមគ្នា របស់ដើមបណ្តឹងរដ្ឋប្បវេណី ក៍ដូចជាជនរងគ្រោះ ក្នុងសម័យនោះ។ លោក ហ្សឺឌី បន្តថា រាល់ការលើកឡើងទាំងអស់នេះ វាត្រឹមត្រូវ និងសមស្រប ព្រោះថា ជនជាប់ចោទកាន់តែជរា មានសុខភាពកាន់តែទ្រុទទ្រោម ដូច្នេះពួកគាត់ចង់មើលឃើញ ដំណើរការក្តីនេះទៅមុខ បានដោយរលូន និងឆាប់រហ័ស។ ម្យ៉ាងទៀត បញ្ហាថវិការរបស់តុលាការ ក៏ជាកង្វល់មួយ ដែលគិតថា តើតុលាការអាចបន្តដំណើរបស់ខ្លួនយូរ ដល់ពេលណានោះទេ។
សេចក្ដីប្រកាសព័តមានរួម របស់វិទ្យាស្ថានស្រាវជ្រាវបញ្ហាសង្គម (ASRIC) គណៈកម្មាធិការប្រព្រឹត្តិកម្ម ដើម្បីសិទ្ធិមនុស្សនៅកម្ពុជា(CHRAC) និងសមាគមក្សេមក្សាន្ត (KSAEM KSAN) ក៏បានទទូច ឲ្យសាលាក្ដីខ្មែរក្រហម ចាប់ផ្ដើមលើកយកបទចោទធំៗ រួមមានបទប្រល័យពូជសាសន៍ និងអាពាហ៍ពិពាហ៍ចាប់បង្ខំជាដើម នៅក្នុងសំណុំរឿង០០២ មកបើកសវនាការកាត់សេចក្ដីដែរ។
ចំពោះករណីនេះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ការទាមទារនេះ ជាការទាមទាមួយស្របច្បាប់ របស់ពួកគាត់។ អ្វីដែលសំខាន់ តុលាការកំពុងធ្វើការ ទៅលើការងារទាំងអស់នះហើយ ការសម្រេច ការបំបែកនីតិវីធី របស់សាលាដំបូង និងការបន្តសំណុំរឿង និងការបញ្ចូលអង្គហេតុ យ៉ាងណានោះ ជានីតិវិធីនៃអង្គជំនុំជំរះសាលាដំបូង ដែលលោកបំពេញតាមកាតព្វកិច្ច ស្របតាមនីតិវិធីច្បាប់ និងវិធានផ្ទៃក្នុងដែលមានចែង។ លោកបន្តថា នៅថ្ងែទី២៩ ខែមីនា ខាងមុខនេះ អង្គជំនុំជំរះនឹងប្រកាស ពីការសម្រេចដ៏សំខាន់ចំនួនពីរ ដោយ«ផ្ទាល់មាត់»។ អ្នកនាំពាក្យបានបញ្ជាក់ថា៖ «ទីមួយកិច្ចបំបែកដំណើរការនីតិវីធី និងទីពីរ ការទាមទារបស់ជនជាប់ចោទ នួន ជា មុននឹងឈានដល់ថា តើដំណាក់ការអ្វី វិធីសាស្រ្តអ្វី និងនីតិវីធីអ្វីខ្លះ ដែលអង្គជំនុំជំរះត្រូវចាត់វិធានការ ដើម្បីពន្លឿននីតិវិធីនេះ»។
ឯលោក អ៊ឹង ហ្សឺឌី បានបញ្ជាក់ថា ការដែលអង្គការលោក ចេញនូវសេចក្ដីប្រកាសព័តមានរួមគ្នា ដោយបញ្ចូលបទប្រល័យពូជសាសន៍ និងអាពាហ៍ពិពាហ៍ចាប់បង្ខំ ក្នុងសំនុំរឿង០០២នេះ ព្រោះតែ ចង់ពន្លឿនរឿងក្តីនេះ ឲ្យបានឆាប់ចប់ ដោយយកករណីទាំងពីនេះ មកសម្រេចក្នុងសំនុំរឿង០០២តែម្តង។ លោកបន្តថា ដូចករណីទីមួយ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ករណីទីពីរឧក្រិដ្ឋកម្មសង្គ្រាម និងករណីទីបី ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលត្រូវចំណាយពេល ដោយឡែកពីគ្នាច្រើន ដូច្នេះអង្គការទាំងបី មិនចង់ឲ្យមានការបំបែកសំណុំរឿង ដោយឡែកគ្នានោះទេ។ លោកបន្ថែមថា ការធ្វើដូចនេះ វាអាចពន្លឿននីតិវិធី និងស្របតាមបំណងប្រាថ្នា របស់ជនរងគ្រោះ ក៏ដូចជាជនជាប់ចោទ។
ឥឡូវនេះសាលាជំនុំជំរះសាលាក្តីខ្មែរក្រហម មានជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះ ដែលស្ថិតក្នុងភាពចាស់ជរា និងមានជំងឺប្រចាំកាយ៖ លោក នួន ជា អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ និងអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងត្រូវបានជំនុំជម្រះក្តី ពាក់ពន្ធ័នឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការរំលោភបំពានធ្ងន់ធ្ងរ លើអនុសញ្ញា ទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ដោយឡែកសំនុំរឿង របស់លោក អៀង សារី ដែលជនជាប់ចោទរួម នៅក្នុងសំណុំរឿង០០២នេះ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០១៣ ក្រោយពីលោក បានទទួលមរណភាព។ រីឯលោកស្រី អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីសង្គមកិច្ច នៃរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវជាប្រពន្ធលោក អៀង សារី ក៏ត្រូវបានចោទប្រកាន់ដូចគ្នាដែរ។ តែដោយកាយសម្បទា និងបញ្ញាស្មារតី មិនគ្រប់គ្រាន់ ក្នុងការចូលរួមការជំនុំជម្រះក្តី ដោយសារគាត់មានជំងឺបាត់ការចងចាំ អ្នកស្រី អៀង ធីរិទ្ធ ត្រូវបានបំបែកចេញ ពីសំណុំរឿងនេះ នៅខែវិច្ឆិកា ឆ្នាំ២០១១កន្លងមក៕