ម៉ាក្រុង មាន​​ឥរិយាបថ​«ខ្មែរ» ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាល្ស៍

តំណាងរាស្ត្របារាំងម្នាក់ និងជាអភិបាលក្រុង «Chantilly (ភាគខាងជើងរដ្ឋធានីប៉ារីស)» លោក អេរិក វើដ (Éric Woerth) បានរិះគន់លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងទើបនឹងជាប់ឆ្នោត ថា​បាន​បង្ហាញា​ឥរិយាបថ​មិន​សម​ប្រកប ជាមួយនឹងអតីតនាយករដ្ឋមន្ត្រី លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls)។ លោក វ័ដ បានហៅទង្វើ​នោះ ថាជាឥរិយាបថ​«ខ្មែរ»។
ម៉ាក្រុង មាន​​ឥរិយាបថ​«ខ្មែរ» ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាល្ស៍
ពីឆ្វេងទៅស្ដាំ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីជាប់ឆ្នោតថ្មី និងលោក សាឡុត ស ហៅ ប៉ុលពត មេដឹកនាំរបប កម្ពុជាប្រជាធិបតេយ្យ។ (រូបថតឯកសារ)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 12, 2017
  • ប្រធានបទ: នយោបាយបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គួរជាទីមោទនភាពណាស់ឬ ដែលឥរិយាប​របស់ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត ត្រូវបានប្រៀបធៀប ទៅនឹង«ជនជាតិខ្មែរ»? តែមិនមែនជាជនជាតិខ្មែរធម្មតា ឬខ្មែរទូទៅនោះទេ ព្រោះបើគេស្ដាប់ តាមន័យដែលបានលើកឡើង ពាក្យ«ខ្មែរ»នោះ មានន័យស្មើរនឹង«ខ្មែរក្រហម»។

គឺតំណាងរាស្ត្របារាំងម្នាក់ មកពីគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - និន្នាការ​ស្ដាំនិយម) លោក អេរិក វើដ (Éric Woerth) ដែលបានប្រៀបធៀបឥរិយាបថ របស់ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថាមានលក្ខណៈដូច«ខ្មែរ» នៅចំពោះការទាត់ចោល នូវសំណើរ​បេក្ខភាព​នាយករដ្ឋមន្ត្រីថ្មី សម្រាប់ លោក ម៉ានុយអែល វ៉ាល្ស៍ (Manuel Valls) អតីតនាយករដ្ឋមន្ត្រី របស់លោកប្រធានាធិបតីផុតតំណែង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande)។

លោក អេរិក វើដ ដែលមានតំណែងមួយទៀត ជាអភិបាលក្រុង «Chantilly (ភាគខាងជើងរដ្ឋធានីប៉ារីស)» តាំងពីច្រើនអាណត្តិមកនោះ បានថ្លែងនៅក្នុងកិច្ចពិភាក្សាមួយ ជាមួយវិទ្យុបារាំង «Europe1» ថា៖ «គ្មានអ្វីល្អទេ នៅក្នុងសន្ដានចិត្ត របស់លោក អេម៉ានុយអែល ម៉ាក្រុង។ គាត់ជាមនុស្សចង្អៀតចង្អល់ជាទីបំផុត (...) តើគាត់កំពុងធ្វើនយោបាយ តាមបែបទំនើបកម្ម​ ឬនយោបាយ តាមបែបស្អប់ខ្ពើម សងសឹក​ទៅលើមនុស្សម្នាក់ ដែលបានអនុញ្ញាតឲ្យគាត់ បានក្លាយជារដ្ឋមន្ត្រីសេដ្ឋកិច្ច?»។

ក្នុងរវាងពីឆ្នាំ ២០១៤ មកទល់នឹងឆ្នាំ២០១៦ លោក អេម៉ានុយអែល ម៉ាក្រុង ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នៅក្នុងរដ្ឋាភិបាល ដឹកនាំដោយលោក ម៉ានុយអែល វ៉ាល្ស៍។ លោក ម៉ាក្រុង បានចាកចេញពីរដ្ឋាភិបាលនេះ នៅចុងខែសីហា ឆ្នាំ២០១៦ ដើម្បីបង្កើតចលនានយោបាយថ្មី ហៅថា «En Marche!» និងបានដាក់បក្ខភាព ជាប្រធានាធិបតីបារាំង សម្រាប់ការបោះឆ្នោត កាលពីប៉ុន្មានសប្ដាហ៍មុន រហូតទទួលបានជ័យជំនះ នៅក្នុងជុំទាំងពីរ។ លោក ម៉ាក្រុង នឹងស្បថចូលកាន់តំណែង នៅថ្ងៃទី១៤ ខែឧសភាប៉ុន្មានថ្ងៃខាងមុខ ដើម្បីក្លាយជាប្រធានាធិបតីបារាំង ហើយបន្ទាប់មកលោក ក៏ត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីមួយរូប ដើម្បីរៀបចំរដ្ឋាភិបាល របស់លោកដែរ។

ដោយទំនងជាផ្លូវនយោបាយ របស់លោក អេម៉ានុយអែល ម៉ាក្រុង មានសភាពខ្លីស្រួលដើរ តែបាន​បត់បែនច្រើន​បន្ដិច​ដូច្នេះហើយ ទើបធ្វើឲ្យលោកតំណាងរាស្ត្រ អេរិក វើដ គិតថា លោក ម៉ាក្រុង ស្អប់គំគួន និងខឹងលោក វ៉ាល្ស៍ ខ្លាំងណាស់ រហូតដល់ថ្នាក់ទាត់ចោល យ៉ាងឃោឃៅ នូវសំណើរបេក្ខភាពនាយករដ្ឋមន្ត្រីថ្មី សម្រាប់លោក វ៉ាល្ស៍ ដែលជាអតីត​​នាយករដ្ឋមន្ត្រី​​របស់​លោក។

ក្នុងកិច្ចពិភាក្សា​តាមវិទ្យុដដែល លោក អេរិក វើដ បានឆ្លើយនឹងសំនួរខាងលើ ដោយខ្លួនលោកថា៖ «គាត់មានឥរិយាបថ​មិនថ្លៃថ្នូរទេ ជាឥរិយាបថខ្មែរ ដូចជា ខ្ញុំជាន់កំទេចអ្នក ខ្ញុំបំបាក់អ្នក ត្រូវតែអ្នកឯង"វារ"មក ជាមួយនឹងខ្សែចន្លុះ ចងជាប់នៅនឹងក ឬអោនលិតស្បែកជើង... ហើយនៅពេលនោះ ប្រហែលជាអ្នកឯងអាចមានសង្ឃឹមខ្លះ ថានឹងទទួល​បាន​តំណែង​ណា​មួយ»។

តំណាងរាស្ត្រ មកពីគណបក្សអ្នកសាធារណរដ្ឋរូបនេះ បានបញ្ចប់សេចក្ដីថា៖ «បើអញ្ចឹងទេ សូមកុំនិយាយបន្តទៀតថា អ្វីៗទាំងអស់ [របស់លោក អេម៉ានុយអែល ម៉ាក្រុង] សុទ្ធតែល្អ សុទ្ធតែអស្ចារ្យនោះ»៕

» វីដេអូ នៃកិច្ចពិភាក្សានៅក្នុងវិទ្យុ «Europe1»៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...