រដ្ឋាភិបាលបារាំង ព្យាយាមរំងាប់ភាពតានតឹងជាមួយទីក្រុងប៊ែរឡាំង
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សមាជិកជាច្រើន ក្នុងរដ្ឋាភិបាលចេញពីគណបក្សសង្គមនិយម និងកំពុងកាន់អំណាចសព្វថ្ងៃ បានព្យាយាមពន្លត់ភាព តានតឹង កើតឡើងចេញពីមេដឹកនាំគណបក្សសង្គមនិយមខ្លះ ដែលលើកឡើងក្នុងសប្ដាហ៍ចុងក្រោយនេះ ពីភាពចាំបាច់ ក្នុងការប្រឈមមុខទល់នឹងអាឡឺម៉ង់។
ប្រធានាធិបតីបារាំង លោកហ្វ្រង់ស័រ ហូឡង់ កំពុងពន្យល់លោកស្រី អង់ជឺឡា ម៊ែគែល ទេសាភិបាលអាឡឺម៉ង់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកម៉ានុយអែល វ៉ាល (Manuel Valls) បានវាយតម្លៃថា ជាការមិនទទួលខុសត្រូវ នូវការ លើកឡើងរបស់មេដឹកនាំគណបក្សសង្គមនិយមមួយចំនួន ទៅលើភាពចាំបាច់ណាមួយក៏ដោយ ដែលចង់ប្រឈមទល់នឹងទីក្រុងប៊ែរឡាំង។ ការលើកឡើងពីភាពចាំបាច់នេះ ត្រូវបានបញ្ជាក់អះអាងជាពិសេស ដោយប្រធានសភាជាតិបារាំងមកពីគណបក្សសង្គមនិយម លោក ក្លូដ បារតូឡូន (Claude Bartolone) ដើម្បីទាមទារអោយមាន កំណែទម្រង់នូវកញ្ចប់ប្រាក់កម្ចីសេដ្ឋកិច្ចមួយ នៅអ៊ឺរ៉ុប។
លោកមីឆែល សាប៉ាំង (Michel Sapin) រដ្ឋមន្ត្រីក្រសួងការងារ ក៏បានបន្ថែមដែរថា «វានឹងបង្កអោយមានភាពពិបាកដ៏ខ្លាំងមួយ នៃទំនាក់ទំនងជាមួយនឹងប្រទេសយើងទាំងពីរ»។ លោកបានបញ្ជាក់ថា ការប្រើប្រាស់ពាក្យ«ប្រឈមមុខ» ទល់នឹងអាឡឺម៉ង់ ជារឿងមួយខុសទាំងស្រុង ហើយមិនសមស្របថែមទៀតផង។
និយាយនៅក្នុងបណ្ដាញទូរទេស្សន៍មួយ រដ្ឋមន្ត្រីការងាររូបនេះ បានពន្យល់ថា «វាមិនមែនជារឿងដែលត្រូវទៅប្រឈមមុខ ទល់នឹងប្រទេសមួយនោះទេ ហើយវាក៏កាន់តែមិនត្រូវ ទៅប្រឈមទល់នឹងទេសាភិបាលអាឡឺម៉ង់ លោកស្រីអង់ជឺឡា មែរគែល (Angela Merkel) នោះដែរ។ តែគេត្រូវជួបជជែក ជាមួយនឹងសហគមអ៊ឺរ៉ុបទាំង២៧ប្រទេស មិនមែនគ្រាន់តែអាឡឺម៉ង់នោះទេ។ ដំណោះស្រាយនយោបាយដែលល្អបំផុត នៅក្នុងខែឬឆ្នាំខាងមុខ គឺត្រូវធ្វើអ្វីមួយ ជម្រុញឲ្យអ៊ឺរ៉ុបមានកំណើនសេដ្ឋកិច្ចត្រឡប់មកវិញ និងឲ្យអ៊ឺរ៉ុបត្រូវមានរបៀបរបប នៅក្នុងវិស័យហិរញ្ញវត្ថុរបស់ខ្លួន។»
សម្រាប់លោកមីឆែល សាប៉ាំង គេត្រូវការជជែកគ្នាឲ្យម៉ត់ចត់ជាទីបំផុត ជាមួយអាឡឺម៉ង់ តែវាជាការពិភាក្សា សម្រាប់តម្រង់ទិសដៅ នៃនយោបាយមួយ។ មិនមែនជាការប្រឈមមុខទល់នឹងប្រទេសមួយ ហើយក៏កាន់តែតិចទៅទៀត ការប្រឈមទល់នឹងមនុស្សម្នាក់។ កាលពីថ្ងៃព្រហស្បត្តិ៍ លោកក្លូដ បារតូឡូន បានបង្កភាពតឹងតែងមួយ យ៉ាងដូច្នេះថា «ប្រទេសបារាំងអាចនឹងឈានទៅរក ការប្រឈមមុខទល់នឹងអាឡឺម៉ង់ ដើម្បីយកមកអោយសហគមន៍អ៊ឺរ៉ុប នូវការជម្រុះចោលនៃនយោបាយតឹងតែង និងត្បិតត្បៀត សម្រាប់ សមាជិករបស់ខ្លួន នៅក្នុងបរិបទនៃវិបត្តិសេដ្ឋកិច្ចសព្វថ្ងៃ»។
គណបក្សសង្គមនិយមរបស់បារាំង បានចោទលោកស្រីអង់ជឺឡា ម៉ែរគែលថា បានបង្កើតភាពរឹតត្បិត តាមបែបអាត្មានិយម នៅលើប្រធានបទនេះ។ ភាពតានតឹងនេះ បានបង្ខំអោយនាយករដ្ឋមន្ត្រីបារាំង លោកហ្សង់ម៉ាក់ អារ៉ូល៍ (Jean-Marc Ayrault) ចូលអន្តរាគមន៍ តាមរយៈសំណេរចំនួនពីរក្នុងបណ្ដាសង្គមទ្វីសធើរ (Twitter) ក្នុងបំណងលប់បំបាត់ចោល នូវពាក្យសម្ដីដ៏«គ្រោតគ្រាត»ទាំងនេះ និងបានការពារនូវគំនិតទាំងឡាយ ដែលឈានទៅរកការពិភាក្សាគ្នាមួយស្វិតស្វាញ តែស្និតស្នាល រវាងទីក្រុងប៉ារីស និងទីក្រុងប៊ែរឡាំង៕
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ