រកឃើញរថក្រោះបន្សល់តាំងពីសង្គ្រាមលោក នៅក្នុងផ្ទះបុរសម្នាក់
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ០៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 05, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដោយមានជំនួយពីកងទ័ពផង នគរបាលអាល្លឺម៉ង់ បានរឹបអូសយក បានសម្រេចជាស្ថាពរ នូវសព្វាវុធធុនធ្ងន់មួយសម្រាប់ ពីក្នុងផ្ទះរបស់បុរស ចំណាស់៧៨ឆ្នាំម្នាក់។ នេះបើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអាល្លឺម៉ង់ «Deutsche Welle» ចេញកាលពីម្សិលម៉ិញ។ ក្រៅពីរថក្រោះ គេនៅរកឃើញកាំភ្លើងធំ សម្រាប់បាញ់ ការពារដែនអាកាស ទំងន់៥តោនមួយគ្រឿង និងកាំជ្រួចបាញ់ក្នុងទឹក មួយគ្រាប់ទៀត ពីគេហដ្ឋាន របស់បុរសដដែលនេះ។
សារព័ត៌មានបានសរសេរទៀតថា ទាហានចំនួន២០នាក់ បានចំណាយពេលដល់ទៅ៩ម៉ោង ដើម្បីយករថក្រោះនេះ ចេញមកបាន កាលពីថ្ងៃទី២ ខែកក្កដាកន្លងមក។ ចំងល់បានចោទសួរឡើង ថាធ្វើយ៉ាងណា ទើបបែកធ្លាយ ករណីលាក់សព្វាវុធ ធុនធ្ងន់បែបនេះ ទៅដល់អាជ្ញាធរ?
កាលពីប៉ុន្មានខែមុន បុរសចំណាស់ ដែលជាអ្នកដើរប្រមែប្រមូលវត្ថុទាំងនេះ បានថ្លែងអួតអាងប្រាប់សារព័ត៌មានមួយចំនួន ថាខ្លួនបានរក្សាទុក នូវគ្រឿងសម្ភារៈកងទ័ព នៅក្នុងបន្ទប់ក្រោមដី នៃផ្ទះរបស់គាត់។ បុរសម្នាក់នេះ បានបង្ហើបទៀតថា គាត់មានរូបចម្លាក់ធ្វើពីស្ពាន់ជាច្រើន ដែលបន្សល់ទុកពីសម័យហ៊ីត្លែ នៅកាន់អំណាច។ ការលើកឡើងនេះ ជៀសមិនផុត ពីការស្ដាប់ឭ របស់នគរបាលអាល្លឺម៉ង់នោះទេ ដែលបង្កឲ្យការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ រហូតឈានមកដល់ ការឆែកឆេរក្នុងផ្ទះ របស់បុរសអ្នកប្រមែប្រមូល។ នៅក្នុងពេលនោះហើយ ដែលនគរបាល បានរកឃើញនូវសព្វាវុធទាំងនេះ។
សព្វាវុធគ្រប់ប្រដាប់ ត្រូវបានសម្រេចឲ្យរឹបអូស ដោយរដ្ឋអាជ្ញាអាល្លឺម៉ង់ ប្រចាំក្រុង «Kiel» ហើយត្រូវបានដឹកចេញទៅ ដោយយានយន្ដដ៏ធំ របស់កងទ័ព។
បើតាមមេធាវីរបស់បុរសចំណាស់ បានឲ្យដឹងថា អ្នកប្រមូលទុករូបនេះ មិនបានធ្វើខុសច្បាប់អ្វីទាំងអស់ ដោយសារសព្វាវុធដែលត្រូវបានរឹបអូស មិនមានសកម្មភាព បាញ់ចេញអ្វីឡើយ។ ដោយឡែកមេភូមិ ក្នុងតំបន់នោះបានរំលឹកឡើងវិញថា អ្នកភូមិនេះពីមុន សុទ្ធតែបានដឹង ពីវត្តមានរបស់រថក្រោះ។ លោកមេភូមិ បានថ្លែងឡើងថា៖ «ពួកគេបានបានជិះរថក្រោះនេះ ដើរកំសាន្ដ នៅតាមផ្លូវ កាលពីមានខ្យល់ព្យុះទឹកកក ក្នុងឆ្នាំ១៩៧៨។ មនុស្សយើង មានសព្វគ្រប់ទាំងអស់ ព្រោះអ្នកខ្លះ ចូលចិត្តជិះរថភ្លើង តែអ្នកខ្លះទៀត ចូលចិត្តជិះរថក្រោះ ទុកដូចជាយាន្ដជំនិះ។»៕