កែវ ស្រីនាង៖ «ខ្ញុំថតស្រាត ទាល់តែតម្លៃ១លានដុល្លា»
- ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ០៤ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 05, 2015
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើតារាស្រីខ្មែរណាខ្លះ ដែលហ៊ានអះអាងជាចំហរ ថាខ្លួនអាចដោះសម្លៀកបំពាក់ ចេញពីខ្លួនអស់ ពោលគឺស្រាតននលគោក ១០០% សម្ដែងនៅពីមុនកាម៉េរ៉ា? មកដល់ពេលនេះ គេដូចជារកមិនទាន់បាននៅឡើយ បើទោះជាតារាមួយចំនួន ខិតខំបញ្ចេញភាពស៊ិចស៊ី បង្ហាញលើបង្ខិតក្រោម ឲ្យចេញប្រដាប់ប្រដា ខ្លះៗក៏ដោយ។ ប៉ុន្តែតារាស្រីមួយរូប នាង កែវ ស្រីនាង ដែលល្បីទាំងឈ្មោះ ថែមទាំងរស់លើគំនរ ទ្រព្យសម្បត្តិហូរហៀរនោះ បានចេញមកប្រកាសថា នាងអាចថត«ស្រាត១០០%»បាន ដោយមិនខ្លាចអ្វីទាំងអស់។
ចុះមានអ្វី ជាល័ក្ខខ័ណ្ឌឬទេ? ពិតជាមាន! ក្នុងកិច្ចសម្ភាស ជាមួយនឹងសារព័ត៌មាន ក្នុងស្រុកមួយ នាង កែវ ស្រីនាង បានបង្ហើបល័ក្ខខណ្ឌថា ឲ្យតែ«បុកលុយដល់» ដោយនាងបានទារតម្លៃខ្លួន ដើម្បីជាថ្នូរទៅនឹងការថតស្រាត មានកម្រិតដល់ទៅ ១លានដុល្លា។ តារាសាច់ចាំកូនមួយ ជាមួយស្វាមីជាតិអង់គ្លេស រូបនេះ បានថ្លែងប្រាប់សារព័ត៌មាននោះ ទៀតថា៖ «ដូចខ្ញុំប្រាប់អ៊ីចឹង សំខាន់សិល្បៈ ខ្ញុំអត់បញ្ហាទេ។ ថតប៉ុនណាក៏បានដែរ ឱ្យតែស្ថិតក្នុងរង្វង់សិល្បៈ។ និយាយរួម ឱ្យតែបុកលុយដល់ ខ្ញុំអាចថតបាន ឱ្យតែជាលក្ខណៈភាពយន្ត។»
តារាសម្ដែងបានថ្លែងច្បាស់ៗថា៖ «បើឱ្យខ្ញុំថតស្រាត ទាល់តែតម្លៃ១លានដុល្លារ។ បើអ្នកដឹកនាំរឿង ឬក៏ខាងផលិតកម្មនោះ ហ៊ានឱ្យតម្លៃខ្លួនខ្ញុំប៉ុណ្ណឹង ខ្ញុំនឹងថតឱ្យភ្លាម។»
កុំយល់សប្ដិ!
ប៉ុន្តែវិថីរបស់នាង កែវ ស្រីនាង ឆ្ពោះទៅដណ្ដើមបានប្រាក់លាននេះ ទំនងជាមានរបាំងមួយយ៉ាងធំ នៅប្រទេសកម្ពុជា ព្រោះនាង កែវ ស្រីនាង ខ្លួនឯង បានពន្យល់បន្តថា ភាពយន្ដដែលតម្រូវឲ្យនាងស្រាតនោះ ត្រូវតែមានការអនុញ្ញាត ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីអាចដាក់បញ្ចាំង នៅតាមរោងបាន។ «របាំង»មួយនេះ មានកម្រាស់ប៉ុនភ្នំ និងមានកំពស់ខ្ពស់ស្មើមេឃ ដែលធ្វើឲ្យគេគិតថា តើភាពយន្ដមានឈុតឆាកស្រាតណាមួយ ដែលអាចទទួលបានការអនុញ្ញាត ពីប្រទេសកម្ពុជា ដែលនៅប្រកាន់ខ្ជាប់យ៉ាងខ្លាំងក្លា នូវទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន ដើម្បីដាក់បញ្ចាំង នៅលើផ្ទាំងសំពត់សនោះ?
បើអញ្ចឹងទៅវិញទេ គេពិបាកនឹងយល់សប្ដិថា នៅកម្ពុជា នឹងអាចមានការទទួលយក នូវការថតស្រាត ននលគោកទាំងស្រុង ជាមួយនឹងតម្លៃឈ្នួល ដ៏ខ្ពស់បែបនោះណាស់ ជាពិសេសនៅពេល ដែលផលិតកម្មភាពយន្ដនីមួយៗ នៅកម្ពុជា មិនហ៊ានចំណាយ លើសពី១ភាគ១០ នៃប្រាក់មួយលាន ថ្លៃតម្លៃថតរបស់នាង កែវ ស្រីនាង នោះផង។ ភាពយន្ដកម្ពុជាកន្លងមក ឃើញមានតែ ផលិតកម្ម ដែលថតរឿង «ស្បែកគង់» មួយប៉ុណ្ណោះ ដែលបានអួតអាងថា ហ៊ានចាយទុនទាំងអស់ ដល់ទៅជាងកន្លះលានដុល្លា។
សម្ដែងក្នុងភាពយន្ដរឿង «ក្រមុំសៅកែ» ដែលកំពុងចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ដសព្វថ្ងៃនេះ នាង កែវ ស្រីនាង បានអះអាងថា នាងនៅតែមានជំនក់ចិត្ត ក្នុងសិល្បៈភាពយន្ដ បើទោះជានាងមានគ្រួសារ និងមានជំនួញ រកប្រាក់បានរាប់ពាន់ម៉ឺន ក្នុងមួយខែៗក៏ដោយ។ បើអញ្ចឹងទេ គេត្រូវរងចាំបន្តិចទៀតទៅមើល ក្រែងលោមានផលិតកម្មបរទេសណាមួយ ចាប់អារម្មណ៍សម្ផស្សដ៏ស្រគត់ស្រគុំ និងទេពកោសល្យសម្ដែង របស់នាង កែវ ស្រីនាង ហើយអាចអញ្ជើញនាង ទៅថតឈុតឆាកស្រាត ដោះខោអាវទាំងស្រុង ជាថ្នូរទៅនឹងថ្លៃឈ្នួលថត ១លានដុល្លា៕