វៀតណាម​ចាប់​ប្រធាន​អង្គការ​ម្នាក់​ឃុំ​មួយ​យប់ មុន​នឹង​ដោះ​លែង​នៅ​ព្រឹក​នេះ

ជម្លោះព្រំដែនកម្ពុជា-វៀតណាម នៅ​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង បានឈានដល់​ដំណាក់​កាល ចាប់​ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ម្នាក់ កាលពីរសៀលម្សិលម៉ិញ។ នៅព្រឹកនេះវេលាម៉ោង ១០ មន្ត្រីរូបនោះ ត្រូវ​បាន​ដោះលែង​ ឲ្យត្រឡប់មកកម្ពុជា​វិញហើយ។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី០៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 05, 2015
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនជាស្ថានភាពប្រកាសអាសន្ន ឬស្ថានភាពសង្គ្រាមទេ តែបើគ្រាន់នរណាហ៊ានដើរ ទៅក្បែរបង្គោល​ព្រំដែន នឹងត្រូវអាជ្ញាធរ និងក្រុមពលរដ្ឋ នៃប្រទេសកុម្មុយនីសវៀតណាម ចាប់ឃុំដោយគ្មានរឿងអ្វីទាំងអស់។ ហើយករណី​នេះ ទើបនឹងកើតមានឡើង នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកក្កដានេះ ទៅលើជនជាតិកម្ពុជា ដែល​ជាប្រធានអង្គការ​ សង្គម​ស៊ីវិលមួយរូប។

លោក ផែន ប៊ុនធឿន ​ប្រធាន​អង្គការ​សិទ្ធិ​កុមារ ស៊ី រ៉ៃត៍ (C Rights) ត្រូវបានអាជ្ញាធរ និងពលរដ្ឋវៀតណាម ចាប់ឃុំខ្លួន អស់មួយយប់ បន្ទាប់ពីលោកបាន​នាំ​កុមារ និង​យុវជន​ប្រមាណ ៤០​នាក់ ចុះ​មើល​បង្គោល​ព្រំដែន​លេខ​២០៣ នៅ​ចំណុច​ភូមិ​ធ្លកថ្មី ឃុំ​ត្នោត ស្រុក​កំពង់រោទិ៍ ខេត្ត​ស្វាយរៀង ជា​ទីតាំង​តែ​មួយ​ដែល​ពលរដ្ឋ​ខ្មែរ និង​វៀតណាម បាន​ប៉ះ​ប្រយុទ្ធ​គ្នា​មួយ​ប្រាវ ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា។ នេះបើតាមការអះអាង របស់វិទ្យុអាស៊ី​សេរី ចេញផ្សាយជាខេមរភាសា នៅវេលាព្រឹកថ្ងៃអាទិត្យទី៥ ខែកក្កដានេះ។

វិទ្យអាស៊ីសេរី បានស្រង់សម្ដី របស់ស្នងការ​នគរបាល ​ខេត្ត​ស្វាយរៀង លោក កឹង ខន មកបញ្ជាក់ថា លោក ផែន ប៊ុនធឿន ត្រូវបានក្រុមជនជាតិ​វៀតណាម នៃ​ខេត្ត​ឡុងអាន (Long An) ទាំងនោះ ​បញ្ជូនខ្លួនត្រឡប់​មក​កម្ពុជាវិញ ​នៅ​ព្រឹកថ្ងៃ​ទី​៥ ខែកក្កដានេះ វេលាប្រមាណជាម៉ោង១០។ លោកស្នងការបានអះអាងថា ការ​ដោះ​លែងវិញនេះ បានធ្វើឡើង ក្រោយពី​លោកបានពន្យល់ ​ភាគី​វៀតណាម ថាពលរដ្ឋ​ខ្មែរ ​ដែល​ចុះ​ទៅ​​ពិនិត្យ​​មើល​នោះ គ្មាន​គោល​បំណង​អាក្រក់​អ្វី​ទេ ហើយគ្មាន​សព្វាវុធ​ក្នុង​ដៃ​ឡើយ។

ក្រុមសិស្ស​សាលា ដែលមានកុមារ និងយុវជន មានវត្តមាននៅនឹង កន្លែងកើតហេតុ កាលពីល្ងាចថ្ងៃ​សៅរ៍ ទី៤ ខែកក្កដា ​បានថ្លែងប្រាប់វិទ្យុខាងលើ​ថា៖ «ជនជាតិ​វៀតណាម ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង កាំបិត ចប ជាដើម បាន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ វាយ​ពួក​គេ ព្រម​ទាំងលោក ផែន ប៊ុនធឿន យ៉ាង​ដំណំ ហើយ​អូស​​ចូល​​ទៅ​ ទឹក​ដី​វៀតណាមបាត់​ទៅ»។

លោក នុត បូ​ពិ​ណ្ណា​រ័ត្ន មន្ត្រី​អង្គការ​លីកាដូ​ ប្រចាំ​ខេត្ត​ស្វាយរៀង ត្រូវបានស្រង់សម្ដី ដោយវិទ្យុសម្លេង​ប្រជា​ធិបតេយ្យ (VOD) ដែរថា នៅពេលដែលក្រុមកុមារ និងយុវជនប្រមាណជា៤០នាក់នោះ បាន​ធ្វើដំណើរ​នៅ​សល់​តែ​៥០​ម៉ែត្រ​ទៀត ​ដល់​បង្គោល​ព្រំដែននោះ ស្រាប់តែក្រុមសមត្ថកិច្ច និង​ពលរដ្ឋ​វៀតណាម ​ប្រមាណ​២០០​នាក់ បានចូលមកធ្វើការ​វាយដំ​ និងចាប់ខ្លួនតែម្ដង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...