ពលរដ្ឋភូមិប៉ោយប៉ែត ថាមេភូមិប្តឹងពួកខ្លួន ពីបទបរិហារកេរ្តិ៍ ខុសទំនង
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី២១ មេសា ២០១៥
- កែប្រែចុងក្រោយ: April 21, 2015
- ប្រធានបទ: ជ្រុងមួយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត អ្នកភូមិប៉ោយប៉ែត ប្រមាណជាង៤០នាក់ បាននាំគ្នាធ្វើការតវ៉ា នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥នេះ សុំអន្តរាគមន៍ ពីចៅសង្កាត់ប៉ោយប៉ែត ជុំវិញពាក្យបណ្ដឹង របស់មេភូមិរបស់ពួកគេ ដែលបានប្តឹងអ្នកភូមិ ពីបទបរិហារកេរ្តិ៍។ អ្នកភូមិទាំងនោះបានសម្ដែងការខឹងសម្បារថា ក្នុងនាមជាមេភូមិ មិនបានធ្វើតាមតួនាទី ជួយអ្នកភូមិរងគ្រោះទេ តែបែរជាដាក់ពាក្យ ប្តឹងអ្នកភូមិទៅវិញ។
ប្រជាពលរដ្ឋនៅក្នុងភូមិខាងលើ បានរៀបរាប់ ពីដំណើររឿង ដែលឈានទៅដល់ ការប្ដឹងផ្ដល់បរិហារកេរ្តិ៍នេះថា នៅពេលដែលអ្នកភូមិមានរឿង កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ មានមន្ត្រីរាជអាវុធហត្ថម្នាក់ បានជិះម៉ូតូទាំងស្រវឹង ទៅទាត់ធាក់យុវជនម្នាក់ឈ្នោះ ដូច អាយុប្រមាណជា១៩ឆ្នាំ ឲ្យមានរបួស ដោយគ្មានមូលហេតុ។ ភ្លាមៗ នៅពេលមានហេតុការណ៍នេះ ប្រធានក្រុមនៅក្នុងភូមិ លោក ជិន ខ្លី បានប្រាប់ឲ្យដឹងថា លោកបានទូរស័ព្ទ ទៅសុំការអន្តរាគមន៍ជាបន្ទាន់ ពីមេភូមិប៉ោយប៉ែត លោក ឃិន ណាំយ៉ុង។
តែមេភូមិរូបនេះ បានបដិសេធមិនជួយដោះស្រាយទេ តែបែរជាជួយឲ្យជនល្មើស ដែលមានសម្លៀកបំពាក់ ជាមន្ត្រីរាជអាវុធហត្ថខាងលើ បានរួចខ្លួនទៀត។ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកភូមិជាច្រើននាក់ បានឃើញពីទង្វើ និងភាពព្រងើយកន្តើយ របស់មេភូមិរូបនេះ អ្នកខ្លះបានបញ្ចេញកំហឹង ដោយប្រើពាក្យសម្តីមួយចំនួន ទៅកាន់មេភូមិថា ជាមេភូមិមិនល្អ មិនរកយុត្តិធម៌ជាដើម។
ប្រធានក្រុម លោក ជិន ខ្លី បានបន្តថា ក្រោយពីមានសង្គ្រាមពាក្យសម្តី រវាងពលរដ្ឋអ្នកឃើញហេតុការណ៍ និងលោកមេភូមិ រួចមួយថ្ងៃ មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៥ មេភូមិប៉ោយប៉ែត បានដាក់ពាក្យប្តឹងទៅសង្កាត់ថា អ្នកភូមិនាំគ្នាបរិហារកេរ្តិ៍គាត់ កាលពីថ្ងៃទី១៩ ខែមេសា កន្លងទៅ។ តែអ្នកភូមិទាំងអស់ បាននិយាយថា ពួកគាត់មិនសុខចិត្តទេ ព្រោះមេភូមិពិតជាលំអៀង ទៅជួយជនល្មើស ដោយមិនបានខ្វល់ខ្វាយ ពីជនរងគ្រោះ និងត្រឡប់ជា មកប្តឹងអ្នកភូមិទៅវិញ។
មិនអាចសុំការបញ្ជាក់ ពីលោកមេភូមិ ឃិត ណាំយ៉ុង បានទេ ជុំវិញការចោទប្រកាន់ របស់អ្នកភូមិប៉ោយប៉ែតខាងលើ។ ដោយឡែកលោក ចៅ វាសនា ចៅសង្កាត់រងប៉ោយប៉ែត បានចេញមុខបំភ្លឺថា លោកជាអ្នកដោះស្រាយជំនួស ចៅសង្កាត់លោក នុន លី។ លោកបានទទួលស្គាល់ថា អ្នកភូមិពិតជាទទួលភាពអយុត្តិធម៌ ពីមេភូមិ ពីរករណី៖ ទីមួយ ដោយជនរងគ្រោះ មិនបានទទួលសំណង តែបែរជាមេភូមិ ធ្វើដោះលែងជនល្មើស ដែលជាមន្ត្រីប៉េអិមទៅវិញ។ ទីពីរ រងការចោទពីបទបរិហារកេរ្តិ៍ ព្រោះតែអ្នកភូមិ ចង់ជួយជនរងគ្រោះ។ ចៅសង្កាត់រង បានប្រាប់ថា លោកនឹងធ្វើការដោះស្រាយ ជួនភាគីទាំងសងខាង ក្នុងនាមជាអាជ្ញាធរសង្កាត់ របស់ប្រជាពលរដ្ឋ ឲ្យបានឆាប់៕