ម៉ម សូណង់ដូ គ្រោង​បង្កើត​បក្ស​«សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ»?

ប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគម អ្នកប្រជាធិបតេយ្យ គ្រោងនឹងបើកគណបក្សនយោបាយ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងឆ្នាំ២០១៨ខាងមុខ ជាមួយនឹងគណបក្សធំៗទាំងពីរ ដែលកំពុងមានតំណេង ក្នុងរដ្ឋសភាអាណត្តិទីប្រាំនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 21, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយការសម្របសម្រួល ផ្នែកនយោបាយ និងការរៀបចំឡើងវិញ នូវ គ.ជ.ប ថ្មី ដែលផ្តល់ការជឿទុកចិត្ត ដល់​គណបក្ស​នយោបាយថា នឹងឯករាជ្យ មានតុល្យភាព ជាង គ.ជ.ប ចាស់នោះ បានញ៉ាំងឲ្យលោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី២០ ខែមេសា ម្សិលម៉ិញនេះ បានបើកកិច្ច​ប្រជុំ​ផ្ទៃ​ក្នុង ជា​បន្ទាន់​មួយ ដោយសម្រេចចិត្តបង្កើត នូវគណបក្សនយោបាយ និងឈរឈ្មោះ ជាប្រធានគណបក្សនោះ ឡើង​វិញ។ បើ​តាម​ប្រភព ដែល​ស្និតនឹងប្រធានវិទ្យុសម្បុកឃ្មុំមួយនេះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាព្រឹកថ្ងៃទី២១ ខែ​មេសា​នេះ​ថា លោក ម៉ម សូណង់ដូ បានសម្រេចចិត្ត ចូលរួមប្រឡូក ក្នុងឆាកនយោបាយ ដើម្បីចូលរួមប្រកួតប្រជែង ការ​បោះ​ឆ្នោត នា​ឆ្នាំ​២០១៨ ខាងមុខនេះ។

ក្នុងលក្ខខ័ណ្ឌសុំមិនបញ្ចេញឈ្មោះ ប្រភពនោះ បានបន្តថា គណបក្សថ្មីរបស់លោក ម៉ម សូណង់ដូ ដែលនឹងត្រូវបង្កើតឡើងនោះ នឹងមានឈ្មោះថា «គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ» ដូចគណបក្សចាស់ របស់លោកពីមុនដែរ។ គណបក្សនេះ នឹងរៀបចំកិច្ចការច្បាប់ និងរចនាសម្ព័ន្ធនានា របស់ខ្លួន ឲ្យបានរួចរាល់ ដើម្បីស្នើសុំចុះបញ្ជី នៅក្រសួងមហាផ្ទៃ ឲ្យបានមុនច្បាប់ ស្តីពីការគ្រប់គ្រងអង្គការសមាគម ចេញជារូបរាង។

យ៉ាងណាពាក់ព័ន្ធ នឹងបែបបទ ពេលវេលា ក្នុងការស្នើសុំ ចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃនោះ ម្ចាស់ប្រភពរូបនោះ នៅមិនទាន់បង្ហាញ ភាពជាក់លាក់នៅឡើយ ដោយគ្រាន់តែលើកឡើងថា នឹងអាចចេញជាផ្លូវការ ក្នុងឆ្នាំ២០១៥នេះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមភ្ជាប់ទំនាក់ទំនង ពីលោក ម៉ម សូណង់ដូ ដើម្បីសុំការបង្ហាញបន្ថែម តែមិនអាចភ្ជាប់ទំនាក់ទំនងបាន។

ថ្មីៗនេះ ក៏មានគណបក្សចំនួនពីរ ត្រូវបានបង្កើតឡើង​ ដើម្បីចូលរួមការបោះឆ្នោត នាពេលខាងមុខ ក្នុងនោះមានគណបក្សមូលដ្ឋាន ដែលដឹកនាំដោយលោក កែម ឡី ជាស្ថាបនិក និងគណបក្សអំណាចខ្មែរ ដែលដឹកនាំដោយលោក សួន សេរីរដ្ឋា ជាប្រធាន។ សូមរំលឹកថា គណបក្សដែលបានចូលរួម ការបោះឆ្នោតឆ្នាំ២០១៣ សម្រាប់អាណត្តិទីប្រាំ មានប្រាំបីគណបក្ស។ តែមានគណបក្សតែពីរប៉ុណ្ណោះ ដែលទទួលបានសម្លេងគាំទ្រ និងក្លាយជាតំណាងរាស្រ្តក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...