តំណាងរាស្ត្របារាំងសុំទោស ចំពោះពាក្យ«ឥរិយាបថខ្មែរ»
- ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៧
- កែប្រែចុងក្រោយ: May 13, 2017
- ប្រធានបទ: នយោបាយបារាំង
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«គាត់ (ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត) មានឥរិយាបថមិនថ្លៃថ្នូរទេ ជាឥរិយាបថខ្មែរ ដូចជា ខ្ញុំជាន់កំទេចអ្នក ខ្ញុំបំបាក់អ្នក ត្រូវតែអ្នកឯង"វារ"មក ជាមួយនឹងខ្សែចន្លុះ ចងជាប់នៅនឹងក ឬអោនលិតស្បែកជើង... ហើយនៅពេលនោះ ប្រហែលជាអ្នកឯងអាចមានសង្ឃឹមខ្លះ ថានឹងទទួលបានតំណែងណាមួយ» នេះ ជាឃ្លាបង្កឲ្យមានការក្ដៅក្រហាយ ជាទូទៅ ទៅដល់ពលរដ្ឋខ្មែរ ទាំងក្នុងស្រុកនិងខ្មែរក្រៅស្រុក ដែលហូរចេញ ពីមាត់តំណាងរាស្ត្របារាំងម្នាក់ មកពីគណបក្សអ្នកសាធារណរដ្ឋ (Les Républicains - និន្នាការស្ដាំនិយម) លោក អេរិក វើដ (Éric Woerth) ក្នុងបំណងបង្ខូចរូបភាព និងប្រជាប្រិយភាព របស់ប្រធានាធិបតីបារាំង ទើបនឹងជាប់ឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។
» អត្ថបទដែលទាក់ទង៖ ម៉ាក្រុង មានឥរិយាបថ«ខ្មែរ» ជាមួយអតីតនាយករដ្ឋមន្ត្រី វ៉ាល្ស៍
លោក អេរិក វើដ ដែលមានតំណែងមួយទៀត ជាអភិបាលក្រុង «Chantilly (ភាគខាងជើងរដ្ឋធានីប៉ារីស)» បានលើកឡើងដូច្នេះ នៅក្នុងកិច្ចពិភាក្សាមួយ ជាមួយវិទ្យុបារាំង «Europe1» កាលពីថ្ងៃទី១០ ខែឧសភាកន្លងមក។ ការលើកឡើងនោះ ត្រូវបានចាត់ទុក ជាការជ្រុលហួសទៅឆ្ងាយ និងមិនអាចទទួលយកបាន ពីសំណាក់បណ្ដាជនខ្មែរទាំងប្រុសស្រី ជាពិសេសបណ្ដាជន ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំងតែម្ដង ដោយបានសម្ដែងប្រតិកម្មខ្លាំងៗរបស់ពួកគេ នៅចំពោះការប្រើពាក្យ «ខ្មែរ» ដើម្បីសំគាល់ឲ្យសភាវៈ«អាក្រក់»នេះ។
លោក ប៉ាន រិទ្ធី សមិទ្ធិករភាពយន្ដបារាំង-ខ្មែរ ដែលបានផលិតភាពយន្ដ ជាមួយតារាហូលីវូដ អ្នកស្រី អេនជឺលីណា ជូលី (Angelina Jolie) បានសរសេរនៅលើបណ្ដាញសង្គមថា៖ «លោក វើដ! គេមិនប្រើពាក្យ "ខ្មែរ"តែមួយម៉ាត់ ដែលសំគាល់ពីប្រជាជាតិមួយ ដូច្នេះទេ តែគេប្រើពាក្យ "ខ្មែរក្រហម"។ ការប្រៀបធៀបរបស់លោក បានធ្វើខ្លួនលោក រងភាពអាម៉ាស។»។ ប្រិយមិត្ត «D. KEO» មានដើមកំណើតខ្មែរមួយរូបទៀត បានសរសេរថា៖ «ដើម្បីបម្រើប្រយោជន៍នយោបាយខ្លួន លោក វើដ បានដើរទៅឆ្ងាយជ្រុលហើយ»។
បន្ថែមពីលើនេះ ស្ថានទូតកម្ពុជា ប្រចាំនៅរដ្ឋធានីប៉ារីស ក៏មិនបានរំលង ក្នុងការធ្វើប្រតិកម្មជាផ្លូវការ សម្ដែងនូវការខកចិត្ត ចំពោះការប្រៀបធៀប របស់លោកតំណាងរាស្ត្រនោះដែរ។ ក្នុងលិខិតមួយ ផ្ញើរជូនជាពិសេស ទៅកាន់អ្នកតំណាងរាស្ត្រខាងលើ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង លោក ចែម វីឌ្យ៉ា បានសរសេរជាភាសាបារាំង មានខ្លឹមសារជាអាទិ័ថា៖ «ខ្ញុំចង់ជម្រាបលោក អំពីការខកចិត្តដ៏ជ្រាលជ្រៅរបស់ខ្ញុំ នៅចំពោះការប្រៀបធៀប ទាំងគ្មានមូលដ្ឋាន នូវអ្វីដែលលោកបានឃើញ ទាក់ទងនឹងដំណើរការនយោបាយ នៅក្នុងប្រទេសរបស់លោក ទៅនឹងប្រជាជាតិមួយ ដែលមិនជាប់ទាក់ទងអ្វីទាំងអស់ ទៅនឹងបញ្ហា ដូចដែលលោកបានលើកឡើង»។
មុននឹងស្នើសុំឲ្យលោក អេរិក វើដ សុំទោសទៅដល់ប្រជាជាតិខ្មែរទាំងមូល លោក ចែម វិឌ្យ៉ា នៅបានបញ្ជាក់ថា៖ «ខ្ញុំមើលឃើញ ពីសេចក្ដីសន្និដ្ឋានរបស់លោក ថាមានលក្ខណៈខុសប្រធានបទ និងខ្វះអត្ថន័យដ៏ត្រឹមត្រូវ [...] ហើយលោកគួរសិក្សាបន្ថែម ពីប្រវត្តិសាស្ត្រ នៃបណ្ដាប្រទេសផ្សេងទៀត នៅក្នុងពិភពលោក»។
នៅចំពោះប្រតិកម្មដ៏ខ្លាំងក្លាទាំងនេះ លោក អេរិក វើដ មិនមានជម្រើសអ្វីផ្សេង ក្រៅពីធ្វើការសុំទោស ត្រឡប់មកវិញឡើយ។ នៅក្នុងសំណេរមួយ បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីម្សិលម៉ិញ លោក វើដ បានទទួលស្គាល់ថា ការហើបមាត់និយាយ នៅលើវិទ្យុបារាំង «Europe1» នោះ ជាការមិនបានព្រៀងទុក និងបានធ្វើឲ្យ«ឈឺចាប់»ពិតមែន។
លោក អេរិក វើដ បានសរសេរថា៖ «ខ្ញុំសំដែងការសោកស្ដាយ ជាអនេក ដែលបានធ្វើឲ្យប៉ះទង្គិច។ ការលើកឡើងនោះ ពិតជាខុសទំនង តែវាចង់លើកឡើង ពីអំឡុងពេលមួយ នៃប្រវត្តិសាស្ត្រ តែមិនបាននិយាយ ទៅដល់ប្រជាជាតិទាំងមូលឡើយ។ បើនិយាយម្យ៉ាងទៀត ពាក្យពេជន៍នេះតែងត្រូវបានយកមកប្រើ សឹងតែក្លាយជារឿងធម្មតា ដែលខុសពីន័យដើម តែដោយនៅក្នុងន័យនេះហើយ ទើបខ្ញុំបានយកវាមកនិយាយ (...) បើខ្ញុំបានធ្វើឲ្យឈឺចាប់ ទៅដល់នរណាម្នាក់ ទោះជានៅទីណាក៏ដោយ ខ្ញុំសុំឲ្យអ្នកទាំងនោះទទួលយក នូវការសុំទោសរបស់ខ្ញុំ។»
តែការសុំទោសរបស់លោក វើដ មិនបានធ្វើឲ្យមនុស្សមួយចំនួន យល់ព្រមជាមួយទេ ដោយពួកគេយល់ថា លោក វើដ នៅតែមិនយល់ ហើយហាក់បានបញ្ជៀស នូវការទទួលខុសត្រូវរបស់ខ្លួន នៅចំពោះការប្រើប្រាស់ពាក្យ «ខ្មែរ» មួយម៉ាត់ ដែលសម្រាប់លោក មានន័យថា «ខ្មែរក្រហម»។
នោះជាអ្វី ដែលអ្នកសារព័ត៌មានបារាំងមួយរូប លោក ឡូអ៊ិច បារីយ៉ែ (Loïc Barrière ) បានសរសេរតប ទៅលោកតំណាងរាស្ត្រវិញថា៖ «ខ្ញុំត្រូវផ្ញើរទៅជូនគាត់ នូវសៀវភៅប្រលោមលោកមួយរបស់ខ្ញុំ ដែលចេញផ្សាយ នៅឆ្នាំ២០០៨ និងមានចំណងជើងថា "ព្រលឹងកុមារខ្មែរ"។ គាត់មិនមែនជាមនុស្សទីមួយទេ ដែលភ័ន្ដច្រឡំ ពីប្រជាជាំតិមួយ (ខ្មែរ) ទៅនឹងបនឧក្រិដ្ឋជន (ទាហានប៉ុលពត ដែលត្រូវបានហៅថា ជា"ខ្មែរក្រហម" ដោយសម្ដេច នរោត្ដម សីហនុ)។»៕