សម រង្ស៊ី អំពាវនាវឲ្យអ្នកគាំទ្រ CPP ចាកចេញពីបក្សនេះ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ សីហា ២០១៧
- កែប្រែចុងក្រោយ: August 03, 2017
- ប្រធានបទ: ប្រវត្តិ CPP
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាថ្មីម្ដងទៀត លោក សម រង្ស៊ី មេដឹកនាំប្រឆាំង ដែលជាគូបដិបក្ខនយោបាយ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅកាន់អ្នកគាំទ្រ របស់គណបក្សប្រជាជនកម្ពុជា ឲ្យចាកចេញពីគណបក្សនេះ ដែលមានអតីតភាព ជាគណបក្សកុម្មុនីស្ដកម្ពុជា។ លោក សម រង្ស៊ី បានពន្យល់ពីមូលហេតុ នៃការអំពាវនាវរបស់លោកថា ព្រោះគណបក្សនេះ ត្រូវបានដឹកនាំ ដោយ«ជនក្បត់ជាតិ» តាំងពីដើមទី។
លោក សម រង្ស៊ី បានរៀបរាប់ដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាមួយនឹងការបង្ហោះ នូវរូបភាពជាច្រើន រំលឹកឡើងវិញ ពីលោក សឺង ង៉ុកម៉ិញ ក្នុងជំនាន់«សាធារណៈរដ្ឋប្រជាមានិតកម្ពុជា» និងជំនាន់«រដ្ឋកម្ពុជា» ដែលសុទ្ធសឹងជារបបដឹកនាំ ដែលគេដឹងថា ត្រូវបានលើកបន្តុបឡើង ដោយក្រុងហាណូយ ក្រោយការវាយលុក ចូលឈ្លានពានប្រទេសកម្ពុជា នៅចុងឆ្នាំ១៩៧៨ និងដើមឆ្នាំ១៩៧៩ ដើម្បីរំលំរបបកម្ពុជាប្រជាធិបតេយ្យ។
លោក សរសេរថា៖ «តាមរយៈទំព័រ Facebook របស់ខ្ញុំ ពលរដ្ឋរាប់សែនរាប់លាននាក់ហើយ ទើបតែយល់ដឹងថា សឺង ង៉ុកមិញ បិតាស្ថាបនិក របស់គណបក្សប្រជាជនកម្ពុជា ជាជនក្បត់ជាតិ។ ដោយសារតែ គណបក្សប្រជាជនកម្ពុជា មិនហ៊ានប្រឈមមុខនឹងប្រវត្តិរបស់ខ្លួន ហើយរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែចង់បិទបាំងប្រវត្តិសាស្ត្រ ពួកគេមិនហ៊ានបដិសេធ អ្វីដែលខ្ញុំបានទម្លាយនោះទេ ពីព្រោះអាថ៌កំបាំងទាំងនោះ សុទ្ធតែជាការពិតទាំងអស់។»។
» អត្ថបទដែលទាក់ទង៖ សម រង្ស៊ី បន្តភាគ«បិតាស្ថាបនិក CPP ជនក្បត់ជាតិ»
មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានរំលឹកពីប្រវត្តិសាស្ត្រមកវិញ ថា គណបក្សប្រជាជនកម្ពុជា ដែលបានកាន់អំណាច តាំងពីឆ្នាំ១៩៧៩មកនេះ ជា«គណបក្សដែលយួនបង្កើត (ដឹកនាំដោយ) យួនបង្កប់ (និងធ្វើតាម) យួនបង្គាប់» ហើយបានពន្យល់ថា លោក សឺង ង៉ុកមិញ ដែលជាបិតាស្ថាបនិក របស់គណបក្សនេះ គឺជា«ជនក្បត់ជាតិ»កម្ពុជា។
ប៉ុន្តែការពន្យល់ ឬការបើកកកាយឡើងវិញ ពីប្រវត្តិសាស្ត្រ«ទំនើប» របស់ប្រទេសកម្ពុជា ជាពិសេសប្រវត្តដ៏រសើប ទាក់ទងនឹងគណបក្សប្រជាជនកម្ពុជា ត្រូវបានលោក ហ៊ុន សែន ប្រធានគណបក្សមួយនេះប្រតិកម្មតបវិញខ្លាំងៗ ថាគ្មាននរណាម្នាក់ផ្សេង រួមទាំងលោក សម រង្ស៊ី ផង អាចមានសិទ្ធិ មកសរសេរប្រវត្តិសាស្ត្រ ជំនួសលោក និងគណបក្សរបស់លោក ដែលជាអ្នកឈ្នះនោះបានឡើយ។ លោកបានអះអាងថា រូបលោក និងគណបក្សប្រជាជនកម្ពុជា ចាំបាច់ត្រូវ«ឈ្នះ»ជានិរន្តរ ដើម្បីសរសេរប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ទៅតាមអ្វី ដែលលោកហៅថា ដើម្បីការពារគណបក្សរបស់លោក ការពាររបបរាជានិយម និងព្រះមហាក្សត្រ៕