ផែង វណ្ណៈ ស្នើដកតំណែង ចេវ ហាក់ ដើម្បីស្ដារកិត្តិយសកូនស្រី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 29, 2017
- ប្រធានបទ: ជម្លោះមន្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដកមន្ត្រីរដ្ឋម្នាក់ចេញពីតំណែង និងឲ្យអង្គភាពរដ្ឋ សុំទោសជាសាធារណៈ ដើម្បី«ស្ដារមុខមាត់កិត្តិយសកូនស្រី»។ រឿងរ៉ាវ ដែលកើតចេញពី ការបើករថយន្ដ ល្មើសផ្លាកសញ្ញា «ហាមបត់ឆ្វេង» របស់កូនស្រីឈ្មោះ ផែង ពិសី របស់លោកឪពុកឈ្មោះ ផែង វណ្ណៈ រហូតបង្កឲ្យមានសង្គ្រាមពាក្យសំដី លាយឡំនឹងការប្រើពាក្យពេជន៍ ដ៏អសុរស រវាងមន្ត្រីនិងមន្ត្រី (នៅក្នុងក្រសួងតែមួយ) នៅពាសពេញបណ្ដាញសង្គម។
លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកប្រើប្រាស់ហ្វេសប៊ុក ដ៏ល្បីល្បាញ បានធ្វើសំណើរនេះនៅមុននេះបន្តិច ទៅកាន់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឲ្យដកតំណែងលោក ចេវ ហាក់ ប្រធានការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ និងស្នើសុំឲ្យអង្គភាពមួយនេះ ចេញមុខ«សុំទោស»កូនស្រីលោកជាសាធារណៈ ដើម្បីអ្វីមួយ ដែលមន្ត្រីរូបនេះចាត់ទុកថា ជាទោសកំហុស ដែល«អង្គភាពខាងលើ បាន«ផ្សាយបរិហាកេរ្តិ៍» កូនស្រីរបស់លោក តាមហ្វេសប៊ុក។
រឿងរ៉ាវ បានផ្ទុះឡើង បន្ទាប់ពីទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ» បានសរសេរកាលពីល្ងាច ថ្ងៃទី២៧ ខែកក្កដាកន្លងមក ហៅលោក ផែង វណ្ណៈ ថាកំពុង«កាង»កូនស្រី ដែល«ឈ្លើយ» និង«ញៀនថ្នាំ»។ ទំព័រដែលលោក ផែង វណ្ណៈ អះអាងថាជាទំព័រផ្លូវការ របស់ការិយាល័យរដ្ឋខាងលើ បានសរសេរថា៖ «ផែង វណ្ណៈ កាងកូន ជម្លើយ ញៀនថ្នាំ រិៈគន់ Police ចរាចរណ៍ក្រុង ដែលខ្លួនជា Police ក្រសួង ក្រោមមេតែមួយ ហេតុដោយសារទឹកចិត្តឪពុក។ កូនឡប់យ៉ាងណាា ក៏ឡប់តាមកូនដែរ។ សូមពិចារណាឡើងវិញ បើអ្នកឯងល្អ រឺកូនអ្នកឯងល្អ គ្មានអ្នកណាទៅរករឿងទេ។ សុភាសិត និយាយថា ទះដៃម្ខាង វាមិនឮទេ។»។ សូមបញ្ជាក់ដែរថា សំណេរនេះ ត្រូវបានលប់ចេញពីទំព័រនោះហើយ មកដល់ពេលនេះ។
«អាមន្ត្រីនគរបាលចរាចរណ៍ថោកទាប» VS «កូនជម្លើយញៀនថ្នាំ»
សំណេរខាងលើ ត្រូវបានគេមើលឃើញថា ជាប្រតិកម្មតប ទៅនឹងការលើកឡើង របស់លោក ផែង វណ្ណៈ កាលពីព្រឹកថ្ងៃដដែល ដែលបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ហៅនគរបាលចរាចរណ៍រាជធានី ដែលបាន«ពួនស្ទាក់ដូចចោរ» ដើម្បីព្យាយាមឃាត់រថយន្ដកូនស្រីលោក ថាជា«អាមន្ត្រីចរាចរណ៍ក្រុងថោកទាប»។
លោក ផែង វណ្ណៈ បានសរសេរ នូវឃ្លាឃ្លោងដើមទាំងស្រុង នៅពេលនោះ យ៉ាងដូច្នេះថា៖ «គ្រាន់តែឡានបើកបត់ឆ្វេង ខុសផ្លាកសញ្ញាហាមឃាត់ ព្រោះតែក្មេងបើកមិនដឹង ស្រាប់តែ អាមន្ត្រីចរាចរណ៍ក្រុងថោកទាប ស្ទុះមកវាយឡានចង់ក្រពឹត។ ស្ដាយដែរ កូនមិនឈប់ឡាន បើឈប់ឡាន ចុះទៅទះកំផ្លៀងអាថោកហ្នឹងម្ដង។ ពួនស្ទាក់ដូចចោរ បើឃើញគ្នាខុស ហៅគ្នាឲ្យឈប់ទៅ បែជាស្ទុះមកវាយឡាន ពិតជាថោកណាស់ អាថោក។»។
» អត្ថបទដែលទាក់ទង៖ សង្គ្រាមផ្ទុះ រវាងចរាចរណ៍ក្រុង និងផែង វណ្ណៈ រឿង«កូនស្រីញៀនថ្នាំ»
ប៉ុន្តែ ការបើកបរល្មើសស្លាកចរាចរណ៍ និងការវាយរថយន្ដ «ចង់ក្រពឹត» លែងក្លាយជាប្រធានបទសំខាន់ នៅក្នុងសង្គ្រាមពាក្យសំដី រវាងលោក ផែង វណ្ណៈ មន្ត្រីនគរបាល ដែលលធ្វើការនៅក្រសួងមហាផ្ទៃ និងមន្ត្រីនគរបាល ដែលធ្វើការនៅ«ហាលវាល ហាលខ្យល់»នោះទៀតហើយ។ តែសំណើរ សុំឲ្យដកដំណែងមន្ត្រីរដ្ឋមួយទាំងមូល និងសុំឲ្យអង្គភាពរដ្ឋ ចេញមុខមកសុំទោសជាសាធារណៈ នៅពេលនេះ ធ្វើឡើងជុំវិញពាក្យ «កូន ជម្លើយ ញៀនថ្នាំ» សរសេរឡើង ដោយទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ» នោះទៅវិញ។
លោក ផែង វណ្ណៈ បានសរសេរ ក្នុងព្រឹកថ្ងៃនេះថា៖ «ដើម្បីស្ដារមុខមាត់កិត្តិយសកូនស្រីខ្ញុំ ពីការចោទប្រកាន់យ៉ាងអយុត្តិធម៌ ពីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ខ្ញុំសូមស្នើទៅឯកឧត្តមនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ មេត្តាដកដំណែងលោក ចេវ ហាក់ ពីប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងឲ្យអង្គភាពការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោកធ្វើលិខិត ឬចេញមុខសុំទោសកូនស្រីខ្ញុំ ជាសាធារណ: ដូចដែលអង្គភាពនេះ បានផ្សាយបរិហាកេរ្តិ៍ កូនខ្ញុំតាម Facebook ដែរ។ និងសូមឲ្យលោក ចាន់ វាសនា ត្រូវធ្វើលិខិតសុំទោស បង្ហោះលើ Facebook របស់លោកវិញ ដែលបានប្រមាថខ្ញុំ និងកូនខ្ញុំថាជា សត្វឆ្កែ។»។
ការទទួលខុសត្រូវ...
មិនអាចទាក់ទងលោក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីសុំប្រតិកម្មបានទេ ក្នុងពេលភ្លាមៗនេះ។
កាលពីម្សិលម៉ិញ លោក ផែង វណ្ណៈ បានប្រកាសអះអាងថា លោកបានទូរស័ព្ទ ទៅកាន់លោក ចេវ ហាក់ ដើម្បីសួររកអត្តសញ្ញាណ នៃជនដែលជាម្ចាស់សំណេរ «កូន ជម្លើយ ញៀនថ្នាំ» នៅលើទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះ «ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ» ខាងលើ តែត្រូវបានប្រធានការិយាល័យរូបនោះ ឆ្លើយតបមកលោក វណ្ណៈ វិញថា «មិនដឹងទេ»។ លោក ផែង វណ្ណៈ បានចាត់ទុកចម្លើយនោះ ថាគ្មានការទទួលខុសត្រូវ ក្នុងនាមជាប្រធានអង្គភាពមួយ។
មន្ត្រីច្បាប់មួយរូប បានលើកឡើង ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា បើមន្ត្រីថ្នាក់ក្រោមណាម្នាក់ ប្រព្រឹត្តិកំហុស នៅក្នុងការងារ គួរត្រូវដាក់ទណ្ឌកម្ម លើមន្ត្រីរូបនោះ ដោយវិធានការរដ្ឋបាល។ បើគ្មានវិធានការនោះទេ ទើបគេអាចរុញការទទួលខុសត្រូវ ទម្លាក់ទៅលើមន្ត្រីថ្នាក់លើបាន។ ប៉ុន្តែការដកតំណែងនរណាម្នាក់ ចេញពីតួនាទីរបស់រាជការ មិនមែនធ្វើឡើង តាមអារម្មណ៍របស់នរណាម្នាក់ឡើយ ទោះអ្នកនោះ ជានាយករដ្ឋមន្ត្រីក៏ដោយ។
មន្ត្រីច្បាប់រូបនោះ បានសួរមកវិញថា រួចុះភាគីដែលអះអាង ដោយខ្លួនឯង ថាជាជនរងគ្រោះនោះ បានងាកមកមើលខ្លួនឯងឬទេ ថាខ្លួនបានធ្វើអ្វីខ្លះដែរ? «ទះដៃមួយចំហៀង មិនឮទេ! រួមនឹងការប្រើពាក្យពេជន៍ ជេរប្រទេចមន្ត្រីសាធារណៈ។ល។ បើមន្ត្រីនោះ ប្រព្រឹត្តិកំហុស គួរយកច្បាប់ ឬវិន័យ មកដោះស្រាយ មិនមែនហារឡើង ប្រមាថអាម៉ឹង ដាក់ផ្សាយនៅលើបណ្ដាញសង្គមដូច្នេះទេ!»៕