បទយកការណ៍៖ «ចំណាកក្រុង»តាមរថយន្ដក្រុង នៃពលរដ្ឋពេលចូលឆ្នាំ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅមុខថ្ងៃចូលឆ្នាំតែបន្តិចប៉ុណ្ណោះ ប្រជាពលរដ្ឋ សិស្ស និស្សិត កម្មករ បាននាំគ្នាធ្វើចំណាក«ពីរាជធានីភ្នំពេញ» ជាបណ្តើរៗឆ្ពោះទៅកាន់បណ្តាខេត្តនានា ដែលជាស្រុកកំណើតរបស់ខ្លួន។ អ្នកខ្លះធ្វើដំណើរតាមរថយន្តផ្ទាល់ខ្លួន តាមទោចក្រយានយន្ត និងតាមរថយន្តឈ្នួលជាដើម។ ខាងក្រោមនេះ ជាបទយកការណ៍យ៉ាងមានជំនក់ចិត្តមួយ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដើម្បីចែកជូនលោកអ្នកទាំងឡាយ ដែលមិនបានដឹងពីហេតុការណ៍ នៃការធ្វើចំណាកក្រុង របស់ពលរដ្ឋនៅពេលរដូវបុណ្យទានម្ដងៗ។
ការត្រៀមឡើងរថយន្ដក្រុង នៅចំណតក្បែរផ្សារអូឬស្សី។ (រូបថត MONOROOM.info/ O. Vary)
រដូវបុណ្យទាន - នៅក្នុងចំណតរថយន្តមួយជិតផ្សាអូឬស្សី ក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ សិស្ស និស្សិត បានមកកកកុញ ខ្លះប្រជ្រៀតទិញសំបុត្រ ខ្លះមកផ្ញើរឥវ៉ាន់ និងភាគច្រើនមកឡើងរថយន្តក្រុង ដើម្បីទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងការចេញដំណើរនៃរថយន្តក្រុង នាថ្ងៃទី១២ ខែមេសានេះ មានអ្នកដំណើរសរុប មិនតិចជាង ១០០០នាក់ទេ ក្នុងនោះមានឡានប្រមាណជា២០គ្រឿង ត្រូវបានដាក់ឲ្យដំណើរការ ទៅតាមបណ្តាខេត្តនានា តាមម៉ោងកំណត់របស់ខ្លួន។ អ្នករៀបចំឲ្យភ្ញៀវឡើងរថយន្តមួយរូប បានថ្លែងឡើងថា ភាគច្រើននៃរថយយន្តនិងភ្ញៀវ គឺសំដៅទៅខេត្តព្រះសីហនុ បាត់ដំបង សៀមរាប ពោធិសាត់ និងកំពង់ចាម។ តែម៉ោងចេញដំណើរ ត្រូវបានខកបន្តិចបន្តួច ដោយហេតុតែចំនួនភ្ញៀវ និងការរៀបចំឥវ៉ាន់ មានចំនួចច្រើនហួសប្រមាណ។
ឡានចេញខកម៉ោង
ភ្ញៀវមួយចំនួន ដោយការរង់ចាំយូរ បានសម្ដែងការរអ៊ូរទាំ ចំពោះការខកខានចេញដំណើរ មិនតាមកាលកំណត់របស់ខ្លួន ដែលមានខ្លះរហូតដល់ជាងកន្លះម៉ោង។ អ្នកមីង សូ សំនៀង (ឈ្មោះអ្នកសារព័ត៌មានដាក់ឲ្យ) មានសម្លេងគួរសមនៅលើចំណតឡាន លើដងផ្លូវសាធារណៈ ក្រោមកំដៅថ្ងៃក្តៅហែង ក្នុងការរង់ចាំឡានជើងទីពីរ ពីភ្នំពេញទៅសួង បានស្រែក«លឺៗ»បន្ទោសភាពយីតយ៉ាវនេះថា គ្មានការទទួលខុសត្រូវ។ អ្នកមីងបន្តថា «ក្នុងសំបុត្រដាក់ម៉ោងពីរ ចេញដំណើរ។ មកដល់ម៉ោងពីរកន្លះជាងហើយ មិនទាន់ចេញដំណើរទៀត។» យ៉ាងណាក៏ដោយ ការលើកឡើងនេះ មិនមានភាគីរថយន្ដក្រុងណាមួយតបតនោះទេ។
តែសម្លេងបុរសម្នាក់នៅក្បែនោះ ជាអ្នកដំណើរដូចគ្នា បានលើកឡើងទំនងជាគាំទ្រចំពោះការចេញ«ខក»ម៉ោងនេះថា៖ «បើកុំតែឡានខនម៉ោងនេះ ម្លេះខ្ញុំមកមិនទាន់ឡានទេ ព្រោះណាមួយផ្លូវស្ទះខុសពីការគិតទុក។ ម៉ោងពីរដប់នាទីហើយ ខ្ញុំមិនទាន់មកដល់ចំណតរថយន្តនៅឡើយ។ បើឡាននេះ ចេញតាមការកំណត់ខ្ញុំច្បាស់ជាខកជើងហើយ។»
យ៉ាងណាក៏ដោយ ក៏ភាពយឺតយ៉ាវនេះ ត្រូវបានអ្នករួមដំណើរភាគច្រើន សម្ដែងការមិនពេញចិត្ត។បុរសម្នាក់ដែលកំពុងរង់ចាំក្នុងកៅអីជាស្រេចនោះ គាត់បានលើកឡើងថា «ពេលវេលាត្រូវតែជាក់លាក់ បើគ្មានករណីចាំបាច់ណាមួយមករំខានទេនោះ»។
ករណីច្រឡំឡាន
ក្នុងការចេញដំណើរនៃភ្ញៀវទាំងនោះ មានចំនួនច្រើន ក្រុមហ៊ុនបានតម្រូវឡានពីរគ្រឿង សម្រាប់ចេញដំណើរក្នុងម៉ោងដំណាលគ្នា ទៅកាន់ខេត្តដូចគ្នា។ ករណីនេះបានធ្វើឲ្យភ្ញៀវមួយចំនួនមានការភ័ន្ឌច្រឡំឡានជើងទីមួយ និងជើងទីពីរ។ ព្រោះថាអ្នកខ្លះត្រូវឡើងជើងទីមួយ តែគាត់ត្រូវមកឡើងក្នុងជើងទីពីរទៅវិញ ដែលធ្វើឲ្យលេខកៅអីមួយ មានមនុស្សដល់ទៅពីរនាក់។ អុំប្រុសម្នាក់ ដែលត្រូវជិះក្នុងឡានជើងទីមួយ បានឡើងអង្គុយក្នុងឡានជើងទីពីរ ដល់ពេលម្ចាស់កៅអីឡានជើងទីពីរឡើងមករកកៅអី ស្រាប់តែមានអ្នកអង្គុយស្រេចទៅហើយ។ បន្ទាប់មក ក៏មានការរអ៊ូឡើង នៃអ្នកដំណើរថា «កៅអីមួយលក់ដល់ទៅពីរដង»។ ដំណាលគ្នានោះ អ្នករៀបចំកៅអីអង្គុយភ្ញៀវបានមក ពិនិត្យសំបុត្រ ឃើញថា អ៊ុំប្រុសដែលមកអង្គុយមុននោះ ត្រូវជិះឡានជើងទីមួយ មិនមែនឡានជើងទីពីរទេ ឯឡានជើងទីមួយ បានចេញដំណើរទៅបាត់ហើយ។
តែម្ចាស់កៅអីពិតប្រាកដ បានសប្បាយចិត្តបន្តិចមកវិញ ដោយសារតែគាត់ត្រូវបានអ្នកមានភារកិច្ចរៀបចំកៅអី រកយុត្តិធម៌ប្រគល់កៅអីនោះមកឲ្យគាត់។
អុំប្រុសនោះបានតវ៉ាថា «ខ្ញុំមកតាំងពីយូរហើយ ប្រហែលឡានដែលខ្ញុំត្រូវជិះនោះ មិនទានចេញផង។ ខ្ញុំបានយកសំបុត្រនេះសួរគេ គេចង្អុលថាឲ្យមកឡាននេះ។ ឥឡូវបែរជាខុសដដែល។ ធ្វើការងារអីអញ្ចឹង?» រំពេចនោះ អ្នករៀបចំកៅអីយើង ក៏បានស្រដីបែបយកចិត្តថា «អ៊ុំកុំព្រួយអី អុំអាចជិះឡាននេះបាន ចាំខ្ញុំរៀបចំឲ្យ។ បើសល់កៅអី អុំអាចអង្គុយបាន តែបើគ្នានទេ ចាំខ្ញុំរៀបកៅអីជ័រជូនជាជំនួស។»
ក្នុងករណីនេះ អ្នកមីងដែលជាអ្នកដំណើរម្នាក់ ឧស្សាហ៍ជិះឡាននេះញឹកញាប់ មានលើកឡើងថា អ្នកមីងបានជួបប្រទះច្រើនណាស់ ចំពោះករណីកៅអីមួយសំបុត្រពីរនេះ។ អ្នកមីងបានទំលាក់កំហុសនេះ ទៅលើអ្នកលក់សំបុត្រថា ជាការខ្ជីខ្ជានៃអ្នកលក់សំបុត្រនោះឯង។ លក់ច្រើនកន្លែង តែមិនបានផ្តល់ដំណឹង ឬព័ត៌មានឲ្យបានច្បាស់លាស់ទៅវិញ។ ពេលខ្លះលក់កៅអីនេះដាច់ហើយ តែអ្នកលក់នោះ តែជាភ្លេចផ្តល់ព័ត៌មាននេះ ទៅកាន់អ្នកលក់ដទៃទៀត។
សំបុត្រឡើងថ្លៃ
អ្នកដំណើរភាគច្រើន តែងតែរអ៊ូជារៀងរាល់ឆ្នាំថា ឲ្យតែដល់រដូវពេលបុណ្យទានម្តងៗ សំបុត្រឡានត្រូវតែឡើងថ្លៃតែម្តង មិនដឹងមូលហេតុអ្វី? ដែលធ្វើឲ្យពួកគាត់ឆ្លងពីខេត្តមួយ ទៅកាន់ខេត្តមួយទៀត ឆ្លងកាត់ទីក្រុងភ្នំពេញ ត្រូវចំណាយប្រាក់យ៉ាងច្រើន រហូតដល់ជាង១០ម៉ឺនរៀលក្នុងម្នាក់ៗ គ្រាន់តែចំណាយលើថ្លៃសំបុត្រនេះ។
ចំពោះការឡើងថ្លៃនៃសំបុត្រនេះ ក៏មិនមានការបញ្ជាក់ច្បាស់លាស់ នូវមូលហេតុណាមួយពីក្រុមហ៊ុនដែរ។ តែអ្នកលក់សំបុត្រ ហាក់មិនមានភាពច្បាស់លាស់ បានបញ្ជាក់ថា ព្រោះតែក្នុងពេលរដូវបុណ្យទានមានមនុស្សមកជិះច្រើន ហើយឡានមានតិចមិនគ្រប់នឹងទទួលអ្នកដំណើរទាំងនោះ។ «ខ្ញុំមិនដឹងថាហេតុអ្វីឡើងថ្លៃទេ ថៅកែជាអ្នកកំណត់តំលៃ ខ្ញុំបានត្រឹមតែជាអ្នកត្រូវលក់តាមប៉ុណ្ណោះ។»
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកាន់អំណាចក្នុងពេលបច្ចុប្បន្ន ធ្លាប់បានថ្លែងអំពាវនាវកុំឲ្យមានការតម្លើងថ្លៃ កាលពីពេលថ្មីៗនេះ។ តែការអំពាវនាវនោះ ប្រៀបបាននឹងការស្រែកទៅរកខ្យល់យ៉ាងដូច្នេះ។
ចំណាយពេលមួយម៉ោង ដើម្បីចំងាយផ្លូវ៦គីឡូម៉ែត្រ...
រថយន្តបានចេញដំណើរ ពីចំណតរបស់ខ្លួន តាមដងផ្លូវនានា ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦អា ក្នុងទិសដៅទៅខេត្ត-ក្រុងកំពង់ចាម និងបន្តទៅក្រុងសួង។ ការចេញដំណើរពីទីក្រុងភ្នំពេញនេះ ក៏មិនបានរហ័សទាន់ចិត្តទេ ព្រោះតែមានអ្នកដំណើរច្រើន បានប្រើប្រាស់នូវយានយន្តខ្លូនរៀងៗ ដែលជាហេតុធ្វើឲ្យមានការកក ណែនណាន់តាន់តាប់ តាមដងផ្លូវចេញរាជធានីភ្នំពេញ។ ម្យ៉ាងផ្លូវតូច ឡានមូតូច្រើន ឈប់គ្មានសណ្តាប់ធ្នាប់ គ្មានអ្នកធ្វើចរាចរណ៍។ ចាប់ពីចំណតផ្សារអូឬស្សី មកដល់ផ្លូវគីឡូលេខ៦ (ផ្លូវជាតិលេខ៥) ត្រូវបានចំណាយពេលជាងមួយម៉ោង ក្នុងចំងាយផ្លូវត្រឹមតែ៦គីឡូម៉ែត្រប៉ុណ្ណោះ៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១២ មេសា ២០១៤