តុលាការ​​កម្ពុជា​ដោះលែង​ជនជាតិ​ប៊ែលហ្សិក ក្នុង​សំនុំ​រឿង​ឃាតកម្ម​ស្ត្រី​ទេសចរណ៍​បារាំង

តុលាការកម្ពុជា បានដោះលែងជនសង្ស័យជនជាតិប៊ែលហ្សិក កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ ខែមេសា បន្ទាប់ពី​ជន​បរទេសរូបនេះ ត្រូវបានឃាត់ខ្លួនដោយនគរបាលកម្ពុជា កាលពីពាក់កណ្ដាលខែមេសាឆ្នាំទៅម៉ិញមុន ពីបទរំលោភ​សម្លាប់ស្ត្រីទេសចរណ៍ជនជាតិបារាំង វ័យក្មេងម្នាក់។ ជាការដោះលែងជាបណ្ដោះអាសន្នមួយ រហូតដល់ការ​ស៊ើប​អង្កេត ត្រូវបានបិទបញ្ចប់។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: April 13, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការកម្ពុជា បានដោះលែងជនសង្ស័យជនជាតិប៊ែលហ្សិក កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ ខែមេសា បន្ទាប់ពី​ជន​បរទេសរូបនេះ ត្រូវបានឃាត់ខ្លួនដោយនគរបាលកម្ពុជា កាលពីពាក់កណ្ដាលខែមេសាឆ្នាំទៅម៉ិញមុន ពីបទរំលោភ​សម្លាប់ស្ត្រីទេសចរណ៍ជនជាតិបារាំង វ័យក្មេងម្នាក់។ ជាការដោះលែងបណ្ដោះអាសន្នមួយ រហូតដល់ការ​ស៊ើប​អង្កេត ត្រូវបានបិទបញ្ចប់។


ពន្ធនាគាររបស់ខេត្តកំពត។ (រូបថតឯកសារ)

ឃាតកម្ម - លោក អូលីវីយ៉េ វានដេន បូហ្គាយ៉េរ (Olivier Van Den Bogaert) ជនសង្ស័យក្នុង​សំនុំរឿង​ «រំលោភរួច​សម្លាប់» ដែលប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា បានចាប់ឃុំខ្លួនតាំងពីមួយឆ្នាំមកហើយ ត្រូវបានដោះលែង​ឲ្យ​នៅ​ក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃព្រហស្បត្តិ៍ ទី ១០ ខែមេសាកន្លងមកនេះ។ ការសែត Gazet van Antwerpen របស់ប្រទេសប៊ែលហ្សិក បានរាយការណ៍ពីករណីដោះលែងនេះ កាលពីថ្ងៃសោរ៍ថា៖ «លោក អូលីវីយ៉េ អាចចាក​ចេញពីប្រទេសកម្ពុជា លុះត្រាណាតែការស៊ើបអង្កេត ត្រូវបានបិទបញ្ចប់ទាំងស្រុង»។ តែអ្នកដែលស្និតនឹងសំនុំរឿង មិនបានឲ្យដឹងថា តើរយៈពេលនៃការស៊ើបអង្កេត នឹងត្រូវប្រើរយៈពេលប៉ុន្មាននោះទេ។

ជនជាតិប៊ែលហ្សិកអាយុ៤០ឆ្នាំរូបនេះ បានចូលទៅរស់នៅរកទទួលទាន នៅក្នុងប្រទេសកម្ពុជា​តាំងពី៤ឆ្នាំ​មុន ហើយ​ត្រូវបានអាជ្ញាធរខ្មែរចាប់ឃាត់ខ្លួន នៅថ្ងៃទី២៣ខែមេសា ឆ្នាំ២០១៣ ក្នុងតំបន់តែមួយនឹងទីកន្លែង ដែលគេបានរក​ឃើញ សាកសពរបស់ស្ត្រីទេសចរណ៍បារាំងវ័យ២៥ឆ្នាំមួយរូប អណ្ដែតក្នុងស្ទឹងកំពត។ សាក្សីមួយចំនួន បាន​មើល​ឃើញ ជនសង្ស័យដែលជាម្ចាស់សណ្ឋាគារមួយនៅក្នុងខេត្តកំពតនេះ បានបោះចោលកង់មួយ នៅថ្ងៃដែលស្ត្រី​ទេសចរណ៍​​បារាំង​បាន​បាត់ខ្លួន។ អាជ្ញាធរសង្ស័យថា កង់នោះ ជារបស់ស្ត្រីទេសចរណ៍ជនជាតិបារាំង បានជិះចេញ​ពីផ្ទះសំណាក់ជាលើកចុងក្រោយបង្អស់ មុននឹងនាងត្រូវបានឃើញស្លាប់ក្នុងមួយថ្ងៃក្រោយមក។

ជនរងគ្រោះនាង អូហ្វេលី ប៊ើនីស (Ophélie Begnis) ដែលធ្លាប់រស់នៅក្នុងទីក្រុងលីយ៉ុង ផ្នែកខាងត្បូងនៃប្រទេស​បារាំង បានធ្វើដំណើរ​ជា​មួយ​មិត្តភ័ក្ររបស់នាង ទៅលំហែវិស្សមកាល ក្នុងប្រទេសកម្ពុជា និងក្នុងគោលបំណង​ចង់​ស្វែងយល់ពី​សិល្បៈ​វប្បធម៌របស់ប្រទេសនេះផង។ សាកសពរបស់អូហ្វេលី ត្រូវបានរកឃើញ​គ្មាន​សម្លៀកបំពាក់ អណ្ដែតលើផ្ទៃទឹក ក្នុងស្ទឹងកំពត។ នៅលើក្បាល និងនៅលើដៃទាំងសងខាង គេពិនិត្យឃើញមានស្លាក​ស្នាមរបួស ដែលទំនងជាប៉ះនឹងអាវុធមុតស្រួចអ្វីម្យ៉ាង។ នៅមុនពេលរកឃើញសាកសពនាងមួយថ្ងៃ គេឃើញនាងជា​ចុង​ក្រោយ​បង្អស់ ថាបានជិះកង់ចេញពីផ្ទះសំណាក់ កន្លែងដែលនាងបានស្នាក់នៅក្នុងទីក្រុងកំពត ផ្នែកនារតីនៃប្រទេស​កម្ពុជា។

នៅថ្ងៃសុក្រទី៣ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីបានចាប់ខ្លួនរួចមក ជនសង្ស័យលោក អូលីវីយ៉េ វានដេន បូហ្គាយ៉េរ ត្រូវបានតុលាការសាលាដំបូងខេត្តកំពត ធ្វើការចោទប្រកាន់លោក ពីបទ«មនុស្ស​ឃាត» ដោយមានរួមទាំង បទ​«រំលោភ» និងធ្វើ«ទារុណកម្ម»នោះផង។ គេនៅមិនទាន់ដឹង ពីមូលហេតុបែបណា ដែលឈានទៅដល់ ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋកម្ម​ទាំងអស់នេះនៅឡើយ តែរហូតមកដល់ពេលនេះ លោក អូលីវីយ៉េ នៅតែអះអាងពីភាពគ្មាន​ទោស​ពៃ​របស់​លោក ហើយថា លោកមិនមានជាប់ទាក់ទងអ្វីនឹងសំនុំរឿនេះទេ។


នាងអូហ្វេលី ជានាដការិនីមួយរូប កាលពីនាងនៅរស់។ (photo d.r)

«មុខមាត់ប្រទេសកម្ពុជា...»

គេហទំព័រនៃសារព័ត៌មានកោះសន្តិភាព ដែលមាននិន្នាការផ្អៀងទៅរក​រដ្ឋាភិបាលកម្ពុជា​ ធ្លាប់បានសរសេរនៅ​ពេល​ចាប់​ខ្លួនជនជាតិប៊ែលហ្សិកថា «ការ​ចាប់​ខ្លួន​​ជន​​សង្ស័យ​​​​ជា​ជន​​​បរទេស​​​​​​នេះ​​ បាន​ផ្តល់​​សញ្ញាល្អ​​​មួយ​សម្រាប់​​ប្រទេស​​​កម្ពុជា» ហើយកាសែតបានបន្ត ជាមួយនឹងឃា្លនេះថា «​សមត្ថកិច្ច​​​កម្ពុជា​​មិន​​​បណ្តោយ ​​​ឱ្យ​ជន​​ដែល​បំផ្លាញ​​​មុខ​​មាត់​​កម្ពុជា ​​ដោយ​អំពើ​​​ឧក្រិដ្ឋ​​​​​បែបនេះ​ រួច​​ពី​​សំណាញ់​ច្បាប់​​នោះ​ឡើយ»។ ការលើកអះអាង ពី«មុខមាត់ប្រទេស​កម្ពុជា»​នេះ បានបង្កឲ្យមានមន្ទិលកាន់តែខ្លាំង ទាក់ទងនឹងសមត្ថភាពរបស់អាជ្ញាធរខ្មែរ ក្នុងការ​បំបែកសំនុំរឿង​ឧក្រិដ្ឋកម្ម​ធំៗ​ជា​ច្រើន ព្រោះរហូតមកដល់ថ្ងៃនេះ ជនរងគ្រោះពីក្នុងសំនុំរឿងទាំងនោះ នៅមិនទាន់អាចរកពន្លឺយុត្តិធម៌ឃើញនៅ​ឡើយ៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ មេសា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...