ឆ្នាំ«ថ្មី» រំលឹកពីសំដី«គ្មាន»ប្រសិទ្ធិភាពថ្មីៗ របស់នាយករដ្ឋមន្ត្រីកម្ពុជា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តែប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងព្រមានចាត់វិធានការ លើមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ជាពិសេសនៅក្នុងសារព្រមានចុងក្រោយ ថានឹងដាក់ពាក្យបណ្ដឹងប្ដឹងលោក សម រង្ស៊ី ទៅតុលាការឲ្យបានមុនចូលឆ្នាំ។ តែមកដល់ថ្ងៃទី១៧ ខែមេសានេះទៅហើយ ចំណាត់ការនោះ ដូចជាស្ងាត់ដូច«ចោរ»លួចសេះ។
លោក ហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយនាក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)
វិភាគនយោបាយ - ទាំងលោក ហ៊ុន សែន ទាំងលោក សម រង្ស៊ី ទំនងជាបានរីករាយសើចសប្បាយទទួលអំណរឆ្នាំថ្មី យ៉ាងក្អាកក្អាយ ជាពិសេសបន្ទាប់ពីអ្នកនយោបាយទាំងពីរ បានហៅទូរស័ព្ទរកគ្នា កាលពីថ្ងៃទី៩ ខែមេសា កន្លងមកនោះ។ យ៉ាងណាក៏ដោយ ក៏ការប្រកាសចាត់វិធានការរបស់លោកនាយករដ្ឋមន្ត្រី ក្នុងពេលកន្លងមក ប្រែក្លាយជា«សាប» បើគេមើលទៅលើវិធានការជាហូរហែរ ប្រកាសដោយរដ្ឋាភិបាលរបស់លោក និងរូបលោកដោយផ្ទាល់ ជាច្រើនដងមកនោះ។ ពាក្យសម្ដីនិងបទបញ្ជាដែល«សាប»ទាំងនេះ អាចនឹងធ្វើឲ្យមានមន្ទិល ទាក់ទងនឹងប្រសិទ្ធិភាពនៃកំណែទម្រង់«ស៊ីជម្រៅ» របស់រដ្ឋាភិបាលអាណត្តិទីប្រាំ ថាតើវាគួឲ្យជឿជាក់ដល់កម្រិតណា?
ព្រមានលើកទីមួយ៖ លោកហ៊ុន សែន នាយករដ្ឋមន្រ្តីបានលើកឡើង ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីស្ទឹង អាតៃនៅខេត្ដពោធិ៍សាត់នាពេលថ្មីៗនេះ ដោយព្រមានជាទូទៅថា លោកបើកឱកាសឲ្យមានការបញ្ចេញមតិ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការបង្កសង្គ្រាមស៊ីវិលទេ។ លោកថា៖ «បញ្ចេញមតិអ្វីបញ្ចេញទៅ តែកុំនាំគ្នាបង្កើតសង្គ្រាម ព្រោះសង្គ្រាមនេះបើកើតហើយមិនងាយរំលត់ទេ»។តើនរណាទៅ ជាអ្នកបង្កើតសង្គ្រាម បើអ្នកមានអាវុធ អាចធ្វើការបាញ់បោះបាន សុទ្ធតែនៅក្រោមបញ្ជារបស់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះ?
ព្រមានលើកទីពីរ៖ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់ និស្សិតថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី៧ ខែមេសា នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានព្រមានជាថ្មីទៀតដោយសម្ដីខ្លាំងៗ ចំៗ ទៅលោក សម រង្ស៊ី មេបក្សប្រឆាំងថា លោកនឹងឲ្យមេធាវីរដ្ឋាភិបាលសិក្សាធ្វើពាក្យប្តឹងលោក សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ឲ្យបាន«មុនចូលឆ្នាំខ្មែរ»។ លោកថា ល្មមលោក សម រង្ស៊ី គួរបញ្ឈប់ប្រើសារព្រមានធ្វើបាតុកម្ម សម្រាប់ថ្ងៃអនាគតទៅ ហើយមេគណបក្សប្រឆាំង ត្រូវបញ្ឈប់ការពឹងពាក់«ទូតបរទេស»នៅក្នុងបញ្ហាអាសន្នអ្វីមួយនោះ។
ករណីប្តឹងលោក សម រង្ស៊ី ឡើងតុលាការនេះ ត្រូវបានលោក ហ៊ុន សែន ភ្ជាប់រឿងដឹកនាំធ្វើ«បាតុកម្ម» បង្កហិង្សានាពេលកន្លងមក ទៅនឹងការបំពានទៅលើសេចក្តីសំរេច របស់ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៣ដែរ ដែលលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក និយាយថា«ត្រូវតែ»មានទោសនោះ។ ពិសេសរឿងមេបក្សប្រឆាំងដឹកនាំធ្វើមហាបាតុកម្មសារជាថ្មី នាថ្ងៃទី២ ខែឧសភាខាងមុខ ដែលមានអ្នកចូលរួម ២លាននាក់នោះ ត្រូវបានលោកនិយាយទៀតថា៖ «ហ្អែងធ្វើបាតុកម្ម មិនបាតុកម្មដូចគ្នាវើយ! អាមួយគាំទ្រ អាមួយប្រឆាំងដាក់គ្នាទៅ។ (...) អារឿងសរសេរសំបុត្រ សរសេរអីទៅព្រះករុណា និងប្រមាថព្រះមហាក្សត្រស្អីៗ ហើយអ្នកច្បាប់ចេញមកនិយាយ ខ្ញុំអបអរ ខ្ញុំទទួល។ ក៏ប៉ុន្តែទោសអ្នកឯង រឿងប្រមាថព្រះមហាក្សត្រអត់ទាន់មានច្បាប់ណាចែងថា មានទោសប៉ុន្មានទេ ប៉ុន្តែទោសអ្នកឯងកុំភ្លេចឲ្យសោះ ប្រឆាំងនឹងក្រុមប្រឹក្សាធម្មនុញ្ញ គឺមានទោស។»។
តែមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ វេលាម៉ោង១១ព្រឹកនេះ ការថ្លែងបញ្ជាក់ពីការដាក់ពាក្យបណ្ដឹង ឲ្យបាន«មុន»ចូលឆ្នាំ ដូចជាគ្មានស្រមោលអ្វីបន្ដិចណាសោះ។ នេះបើរាប់ទាំងការព្រមានលើកមុនៗផង ដូចជាថា នឹងទម្លាយឯកសារខ្សែអាត់សំឡេងក្នុងតុចរចារថ្ងៃទី១៧ ខែកញ្ញា នោះ ដើម្បីឲ្យគេឯងដឹងថា លោក សម រង្ស៊ី និយាយយ៉ាងដូចម្ដេច ខាងក្នុងនិងខាងក្រៅ។ មកដល់ពេលនេះ តើឯកសារខ្សែអាត់សំឡេងក្នុងតុចរចារនោះ នៅឯណា?
សម្តីច្រើន តែមិនបានមួយ«ជ្រក់» ឬត្រូវនិយាយពីសមត្ថភាព...
នៅពេលថ្លែងសារជាសាធារណៈ ទាក់ទងនឹងសំនុំរឿងរសើបៗជាច្រើន ឬនិយាយពីគោលនយោបាយ របស់រដ្ឋាភិបាលអាណ្ណត្តិទីប្រាំនេះផង លោក ហ៊ុន សែន បានចំណាយពេលរាប់ម៉ោង ដើម្បីថ្លែងទៅកាន់ប្រជាជាតិ។ ប៉ុន្តែពាក្យសម្ដី ឬគោលនយោបាយដ៏ហូរហៀរ ដែលត្រូវបានស្រែកហ៊ោកញ្ជៀវបន្ទរយ៉ាងក្លៀវក្លា ដោយក្រុមអ្នកហែហមផងទាំងនោះ ប្រៀបបាននឹងស្គប្រហោងក្នុង ដែលមានបរិមាណច្រើន តែមានរសជាតិ«សាប»មិនឆ្ងាញ់ ដូចទៅនឹងអ្វីដែលការអភិវឌ្ឍន៍របស់ប្រទេស តម្រូវឲ្យធ្វើនោះទេ។
ក្នុងនោះ មិនពិបាកទៅមើលឯណាច្រើនទេ គេគ្រាន់តែសម្លឹងមើលការបង្ក្រាបអំពើពុករលួយ យុត្តិធម៌សង្គម គ្រោះថ្នាក់ចរាចរណ៍ ការរំលោភលើដីធ្លី... និងសំនុំរឿងដ៏ក្ដៅមួយចំនួន ដូចយ៉ាងការកាប់បំផ្លាញព្រៃឈើនោះជាដើម។ បើគេចាំមិនភ្លេចទេ លោក ហ៊ុន សែន ធ្លាប់បានអះអាងថា លោកនឹងកាត់ករ បើសិនមានការកាប់បំផ្លាញព្រៃឈើ ឬលោកមិនអាចទប់ស្កាត់ការបំផ្លាញព្រៃឈើបាន។ តែពេលនេះ ព្រៃឈើនៅតែត្រូវបានបន្តការកាប់យ៉ាងរង្គាល ហើយលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់ ក៏មិនមានវិធានការអ្វី រីឯ«ក»របស់លោកកំពុងនៅជាប់នឹងស្មានៅឡើយដែរ។
តាមពិតទៅ ប្រសិទ្ធភាពដែលចេញពីសម្ដីរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក មានច្រើនណាស់ ហើយពេលខ្លះប្រសិទ្ធភាពបានកើតមានឡើង ដោយមិនចាំបាច់ឲ្យលោក ហ៊ុន សែន និយាយចេញមួយម៉ាត់ផង។ បើគេរំលឹកឡើងវិញត្រួសៗ ពីប្រសិទ្ធិភាពដ៏វិសេសវិសាលទាំងនោះ មានដូចជា ការបង្ក្រាបបាតុកម្ម ការវាយក្បាលក្រុមអ្នកតវ៉ាបែកហូរឈាម ... ការអនុម័ត្រ និងការអនុវត្តសន្ធិសញ្ញាព្រំដែន ជាមួយប្រទេសវៀតណាម ការប្រគល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជន ... បូករួមនឹងការសម្ពោធសមិទ្ធិផលមិនស្វាង (ទាំងថ្មីទាំងចាស់ ដូចជាផ្លូវថ្នល់ សាលារៀន...) ជាច្រើនទៀត៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៧ មេសា ២០១៤