បន្ទាប់ពីឃើញប្រេងអណ្ដែត ប្រអប់យន្ដនឹងចុះទៅរកយន្ដហោះបាត់ខ្លួន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសអូស្ត្រាលី ដែលនាំមុខក្នុងការរុករកយន្ដហោះប៊ូអីង បាត់ខ្លួនតាំងពីដើមខែមីនា រហូតមកនោះ បានប្រកាសនៅព្រឹកថ្ងៃទី១៤ ខែមេសានេះ ក្រុមអ្នករុករករបស់ខ្លួន បានរកឃើញស្នាម«បែកធ្លាយប្រេង»ដ៏ចម្លែក នៅក្នុងមហាសមុទ្រឥណ្ឌា ហើយបានអះអាងថាខ្លួននឹងបញ្ជូនប្រអប់យន្ដជ្រមុជទឹក ឲ្យចុះទៅរកយន្ដហោះក្នុងពេលឆាប់ៗនេះ។
ស្នាមប្រេងត្រូវបានរកឃើញអណ្ដែតនៅលើសមុទ្រ នៅព្រឹកថ្ងៃច័ន្ទទី១៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត Reuters)
បាត់យន្ដហោះ - ប្រទេសអូស្ត្រាលី បានត្រៀមខ្លួនរួចជាស្រេចហើយ ថាខ្លួននឹងបញ្ជូន«ប្រអប់យន្ដជ្រមុជទឹក»ឲ្យចុះទៅក្រោមសមុទ្រ ដើម្បីរុករករូបរាងកាយនៃយន្ដហោះ ប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី៨ ខែមីនានោះមក។ ការថ្លែងអះអាងនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសដែលបាននាំមុខក្នុងយុទ្ធនាការរុករកនេះ បានរកឃើញការបែកធ្លាយប្រេង ដ៏សំខាន់មួយបានអណ្ដែតឡើង នៅក្នុងតំបន់រុករក។
នៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃចន្ទទី១៤ខែមេសានេះ លោក អេនហ្គឺស ហ៊ូស្ដុន (Angus Houston) អ្នកដឹកនាំការសម្របសម្រួល (JACC) នៃបណ្ដាប្រទេសចូលរួមនៅក្នុងយុទ្ធនាការស្វែងរក បានថ្លែងថា នាវា Ocean Shield របស់ប្រទេសអូស្ត្រាលីនឹងបញ្ឈប់ការរុករុករបស់ខ្លួន ពីរលកសម្លេងនៃប្រអប់ខ្មៅនៅថ្ងៃនេះ ហើយនឹងដាក់ពង្រាយ«ប្រអប់យន្ដជ្រមុជទឹកប្រភេទ ប៊្លូហ្វីន ២១ (Bluefin-21) ក្នុងពេលឆាប់ៗខាងមុខនេះ»។
រលកសម្លេង ដែលក្រុមអ្នករុករកបានទទួលចុងក្រោយគេបំផុត តាំងពី៦ថ្ងៃមុន ទំនងជានឹងមិនអាចរកឃើញជាបន្តទៅទៀតទេ។ លោក អេនហ្គឺស ហ៊ូស្ដុន បានបន្ថែមថា «យើងដល់ពេលត្រូវចុះរុករកក្នុងទឹកហើយ»។ ប្រអប់ខ្មៅមានអាយុកាលរបស់វាត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវាបានធ្លាក់ចូលទៅក្នុងទឹក។ ដូច្នេះ បើគិតមកទល់នឹងថ្ងៃនេះ ប្រអប់ខ្មៅទាំងនោះប្រហែលជា បាន«ស្លាប់»ទៅហើយ។
ប្រេង២លីត្រដែលបានរកឃើញ កំពុងទទួលការវិភាគ
នាវា Ocean Shield បានរកឃើញស្នាមប្រេងទាំងនោះនៅយប់ថ្ងៃអាទិត្យ ពីស្នាមប្រេងនៅលើតំបន់រុករក ដែលតំបន់នេះត្រូវបានគេកំណត់តាំងពី២សប្ដាហ៍មកហើយ។ លោក អេនហ្គឺស ហ៊ូស្ដុន បានបន្តទៀតថា «បរិមាណប្រេងប្រមាណជា២លីត្រ ត្រូវបានប្រមូលយក ហើយនឹងត្រូវយកទៅធ្វើការវិភាគ តែលទ្ធផលពីការវិភាគនេះ នឹងមិនអាចត្រូវបានឲ្យដឹងក្នុងពេលភ្លាមៗនេះឡើយ»។ ប៉ុន្តែលោកបានថ្លែងថា ប្រេងទាំងនេះ មិនដូចជាប្រេងដែលចេញពីនាវាសមុទ្រនោះទេ។
ប្រអប់យន្ដ ប៊្លូហ្វីន ២១ ដែលនឹងត្រូវដាក់ជ្រមុជចុះទៅក្នុងសមុទ្រនោះ នឹងមានបណ្ដោយប្រមាណជា ៤,៩៣ ម៉ែត្រ ហើយបំពាក់ទៅដោយឧបករណ៍បញ្ជូនរលកសម្លេងមួយ ដើម្បីទាក់ទងជាមួយនឹងតួរយន្ដហោះបាត់ខ្លួន។ ប្រអប់យន្ដនេះ តែងត្រូវបានគេយកមកប្រើនៅក្នុងជម្រៅសមុទ្រជ្រៅៗ សម្រាប់យុទ្ធនាការរុករកបំណែកផ្សេងៗ (ផ្នែកបូរាណវិទ្យាក្រោមទឹក និងសមុទ្រវិទ្យា)។ គេក៏ប្រើប្រអប់យន្ដនេះ នៅក្នុងការស្វែងរកគ្រាប់មីន ដាក់បង្កប់ក្រោមសមុទ្រនោះដែរ។
បន្ទាប់ប្រព័ន្ធបញ្ជូនសម្លេងរបស់ប្រអប់យន្ដ បានរកឃើញរលកសម្លេងអ្វីមួយ ប្រអប់យន្ដនេះ នឹងត្រូវគេលើកឡើងមកលើវិញ ដើម្បីបំពាក់ឲ្យវានូវម៉ាស៊ីថតម្ដងវិញ មុននឹងទម្លាក់វាសារជាថ្មី ចុះទៅក្នុងទឹក។ ប្រអប់យន្ដនេះ មិនអាចបំពាក់ក្នុងពេលតែមួយ នូវម៉ាស៊ីថត និងឧបករណ៍បញ្ជូនសម្លេងនោះផងបានទេ។ វាមានទម្ងន់៧៥០គីឡូក្រាម ហើយនៅក្នុងទឹកប្រមាណជា២០ម៉ោង ប៉ុន្តែវាអាចជ្រមុជចុះទៅក្នុងសមុទ្រ បានតែត្រឹមជម្រៅជ្រៅបំផុត ៤៥០០ម៉ែត្រប៉ុណ្ណោះ៕
-----------------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ មេសា ២០១៤