ពលរដ្ឋឃុំស្រឡប់«ខកខាន»ទទួលទេវតាឆ្នាំថ្មី ព្រោះវៀតណាមផ្តាច់ភ្លើង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 14, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋស្ទើរទូទាំងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ បាន«ខកខាន»មិនបានទទួលទេវតាឆ្នាំថ្មី នៅវេលាម៉ោង៨ និង៧នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ នេះទេ ដោយសារនៅមុនម៉ោងចូលឆ្នាំថ្មីនេះ តែប៉ុន្មាននាទី ស្រាប់តែ«ភ្លើងអគ្គិសនី»រលត់សូន្យឈឹង រហូតដល់ម៉ោង១២ថ្ងៃត្រង់ទើបបាន«ឆេះ»វិញ។
ដង្វាយរៀបរងចាំទទួលទេវតា របស់អ្នករស់នៅក្នុងឃុំស្រឡប់។ (រូបថត MONOROOM.info/ O. Vary)
ចូលឆ្នាំថ្មី ឆ្នាំមមី ព.ស ២៥៥៨ - កំពង់រៀបចំតុបតែង គ្រឿងដង្វាយនានា សម្រាប់ទទួលទេវតាឆ្នាំថ្មី តាំងពីព្រលឹម លោក ឃីម ឌី ជាងកាត់កញ្ចក់ តុទូ ប្រចាំផ្សារខ្នា បានរអ៊ូមិនពេញចិត្ត ចំពោះការ«ផ្តាច់»នូវចរន្តអគ្គីសនីនេះឡើយ។ លោកបានលើកឡើងថា «ជាធម្មតាមិនដែលដាច់ទេ។ យូរៗដាច់ម្តងប៉ុណ្ណោះ ហើយក៏មិនដែលដាច់ចំថ្ងៃច័ន្ធយ៉ាងដូច្នេះដែរ។ ចុះចង្រៃអ្វីថ្ងៃនេះ ដែលជាថ្ងៃចូលឆ្នាំថ្មីផង ក៏មិនលើកលែងឲ្យដែរ។ ក្រោយមិនដាច់ បែរជាមកដាច់មុនទេវដាចុះមក យ៉ាងដូច្នេះ។ យ៉ាងហោចណាស់ ចាំទទួលទេវតារួចរាល់សិនមិនបាន។»
អ្នកមីង ខឹង ស្រីតូច ដែលមានលំនៅក្បែគ្នានោះ ក៏កំពុងរៀបចំទទួលទេវដាឆ្នាំថ្មី ដោយស្វាម៉ីអ្នកមីងបានបំពាក់នូវទួរទស្សន៍ សម្រាប់បញ្ចាំងពីឈុតឆាកទេវតាចុះយ៉ាងយកចិត្តតុកដាក់ និងត្រៀមជាស្រេចនូវ ទៀន ទូប បងប្អូន កូន ចៅ ឈរយ៉ាងត្រៀបត្រា រង់ចាំទស្សនា។ តែផ្ទុយទៅវិញ គោលបំណងនេះ បានរលាយសូន្យឈឹង ព្រោះចរន្ដអគ្គិសនីមិនបានយល់ថា នេះជាថ្ងៃចូលឆ្នាំចូលខែនោះឡើយ។ អ្នកមីងនិយាយថា «ភ្លើងនេះមិនមែនសុខៗរលត់ ឬដាច់នោះទេ។ (...) វាជាចេតនារបស់អ្នកណាម្នាក់ ដែលធ្វើការពាក់ព័ន្ធនឹងកិច្ចការងារនេះ។»
ឆ្លើយតបទៅនឹងការលើកឡើងរបស់អ្នកមីង តូច ខាងលើនេះ លោក វណ្ណ សុធា ទំនងជាមន្ត្រីរាជការម្នាក់ មកពីភ្នំពេញ និងត្រូវជាបងប្អូនគ្រួសារអ្នកមីងតូចនេះ បានលើកឡើងថា «ហ្នឹងហើយលទ្ធផល ដែលយើង"យកភ្លើងគេ"មកប្រើ។ ភ្លើងជារបស់គេ ថ្វីបើយើងបានបង់លុយ តែបើគេពេញចិត្តភ្លើង ក៏ឆេះល្អទៅ បើគេមិនពេញចិត្តវាក៏ដូច្នេះឯង។ ត្រូវបន្ទោសអ្នកណា? បន្ទោសថ្នាក់ដឹកនាំ? ឬត្រូវបន្ទោសអ្នកគ្រប់គ្រងភ្លើងនៅទីនេះ?»
គាំទ្រផង ឬប្រឆាំងផង នូវកាលើកឡើងនេះ លោក ជា សុខន ដែលជាអ្នកឃុំស្រឡប់នេះដែរ បានបញ្ជាក់យ៉ាងដូច្នេះថា ថ្វីត្បិតតែវាជាភ្លើង ដែលអូសមកពីស្រុកយួន ខុសត្រូវយ៉ាងណា ក៏គ្រាន់បើជាងរស់នៅងងឹតឈឹងនោះដែរ។ លោកបានបន្តថា «បើរង់ចាំភ្លើងរបស់រដ្ឋាភិបាលកម្ពុជានោះ មិនដឹងជាឆ្នាំណាទេ។ បើរដ្ឋាភិបាលមួយនេះ មិនសូវបានយកចិត្តទុក្ខដាក់លើបញ្ហានេះផង។ កុំថាឡើយភ្លើងនេះ បើសូម្បីតែ “ទឹក” នៅពេញទន្លេ រដ្ឋាភិបាលមិនបានកែឆ្នៃសម្រាប់ផ្គត់ផ្គង ដល់ប្រជាពលរដ្ឋផងនោះ។»
ទោះយ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយភាគតូចទៀត ដែលបានបន្តនូវកម្មវិធីទទួលទេតាឆ្នាំថ្មីនេះ ដោយភាពស្ងៀមស្ងាត់ តាមរយៈម៉ោង ក្នុងទូរស័ព្ទ ឬនាឡិការដៃរបស់ខ្លួន។ ឯមួយភាគធំមិនបានរវីរវល់ឡើយ ព្រោះតែការខកចិត្តនេះ។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់លំអិត ពីមន្រ្តីប្រចាំការនៃសាលាឃុំស្រឡប់ ពីបញ្ហាភ្លើងរលត់នេះបានទេ ដោយលោកបានឆ្លើយយ៉ាងខ្លីថា៖ «ខ្ញុំមិនបានដឹងពីមូលហេតុនេះទេ។ ខ្ញុំមកប្រចាំការតែមួយភ្លែតប៉ុណ្ណោះ បន្តិចទៀត ខ្ញុំត្រឡប់ទៅផ្ទះជួបជុំបងប្អូនវិញហើយ។ (...) ភ្លើងនេះ មិនមែនតែលើកទីមួយទេ ដែលរលត់នោះ វាសឹងតែជាប្រចាំទៅហើយ។ មួយខែយ៉ាងហោចណាស់ក៏បួនដងដែរ។»
ចំឡែកអ្វី ប្រជាពលរដ្ឋក្នុងឃុំស្រឡប់មិនបានទទួលស្វាគមន៍ទេវតាឆ្នាំថ្មីផង ហើយភ្លើងក៏មិនទាន់បាន«ឆេះ»នៅឡើយនោះ ស្រាបតែមានភ្លៀងមួយមេធំ ធ្លាក់មកយ៉ាងគំហុក តាំងពីម៉ោង១២ថ្ងៃត្រង់ រហូតដល់ម៉ោង២រសៀលទើបបានរាំង ហើយបានបង្ករឲ្យមានភក់ជ្រាំយ៉ាងច្រើន នៅតាមទីភូមិ និងទីវត្តអារាមនានា៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៤ មេសា ២០១៤