ហ៊ុន សែន បង្កើតទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនមួយថ្មី ?
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: January 11, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទំព័រហ្វេសប៊ុកមួយដែលទើបនឹងពន្លេចខ្លួនឡើង កាលពីពេលថ្មីៗនេះ បានបញ្ឆេះចម្ងល់ទៅដល់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទាំងឡាយ ថាតើទំព័រនេះអាចជាទំព័រពិត និងផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬយ៉ាងណា? ទំព័រដែលបានបណ្ដែតខ្លួនរហូតមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ តែបានពន្លិចខ្លួនបាត់ទៅវិញនៅថ្ងៃបន្ទាប់។
រូបថត ផ្ដិតចេញពីអេក្រង់របស់ទំព័រហ្វេសប៊ុកថ្មីនោះ ដែលដាក់ខ្លួនឯងជាលោក ហ៊ុន សែន។
បណ្ដាញសង្គម - ទំព័រហ្វេសប៊ុកនោះ ទើបតែត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៤នេះប៉ុណ្ណោះ។ ម្ចាស់ទំព័របានដាក់ប្រវត្តិរូបរបស់ខ្លួន ដូចទាំងស្រុងទៅនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចជាមានស្រុកកំណើតនៅក្រុងកំពង់ចាម និងស្រុកកំពង់ចាម និងពេលបច្ចុប្បន្នមានទីលំនៅក្នុងរាជធានីភ្នំពេញ ព្រមទាំងដាក់កំរិតវប្បធម៌ថាបានសិក្សានៅវត្ត នោះជាដើម។ មិនត្រឹមតែដូច្នេះទេ ម្ចាស់ទំព័រថែមទាំងបានប្រើប្រាស់ពាក្យពេចន៏ជាច្រើន ក្នុងនាមលោក ហ៊ុន សែន ផ្ទាល់ ដើម្បីបង្ហាញនូវសារមួយចំនួន ជូនចំពោះអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកទាំងអស់។
សារដែលគួរឲ្យចាប់អារម្មណ៍ចំនួនបី ដែលម្ចាស់ទំព័រហ្វេសបុកនោះ តាំងនាមជាលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដាក់លើ«ជញ្ជាំង»ទំព័រដែលទើបបង្កើតថ្មីនេះគឺ៖
«ខ្ញុំដឹងច្បាស់ណាស់ ថាអ្នកទាំងអស់គ្នាចង់បានអ្វី តែខ្ញុំពិតជាសោកស្តាយណាស់ ដែលមិនអាចបំពេញបំណងអ្នកទាំងអស់គ្នាបាន ! សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់នាថ្ងៃណាមួយមិនខាន ពីខ្ញុំ ហ៊ុន សែន» សារនេះត្រូវបានសរសេរភ្ជាប់ជាមួយ នឹងរូបភាពក្បួនដង្ហែរបាតុកម្មមួយ របស់គណបក្សសង្គ្រោះជាតិ។
ចំណែកប្រយោគបន្ទាប់មកទៀត ហាក់បានស្តែងពីទឹកចិត្តនៃការបើកចំហ របស់លោកនាយករដ្ឋមន្ត្រី ចំពោះសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលមានជាអាថ៌ថា «ចាប់ពីពេលនេះទៅខ្ញុំរៀនប្រើ ហ្វេសប៊ុក ដើម្បីឆ្លើយតបរាល់សំណូមពររបស់ពលរដ្ឋ ដើម្បីធ្វើការស្ថាបនា រាល់ទង្វើនៃការដឹកនាំរបស់ខ្ញុំ បងប្អូនជនរួមជាតិចង់បញ្ចេញមតិអ្វី ក៏បញ្ចេញមកចុះ ខ្ញុំរីករាយចាំស្តាប់និងវិភាគ»។
ប៉ុន្តែឃ្លានេះ អ្នកដែលបានអានហើយ ច្បាស់ជាអត់ទ្រាំមិនសរសើរថាពិតជា«ពិរោះស្ដាប់»មែន តែ«មិនពិរោះឃើញ»នោះទេ ដោយសារនៅពេលបច្ចុប្បន្ន អាជ្ញាធរក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រីរូបនេះ បានចេញការហាមប្រាមមិនឲ្យមានការជួបជុំគ្នា ឬធ្វើការសម្ដែងមតិជាសាធារណៈអ្វីឡើយ។
រីឯឃ្លាដំបូងដែលម្ចាស់ហ្វេសប៊ុកដដែលបានសរសេរ ហើយដែលគេធ្លាប់បានលឺលោក ហ៊ុន សែន ផ្ទាល់ធ្លាប់និយាយនោះ៖ «ខ្ញុំ ហ៊ុន សែន តែងតែទទួលបាននូវការគាំទ្រ ស្រឡាញ់ និងជឿទុកចិត្តរាល់សកម្មភាពនៃការដឹកនាំប្រទេស អស់រយៈពេលជាង២០ឆ្នាំ វាស្ទើតែពាក់កណ្តាលនៃជីវិតរបស់ខ្ញុំទៅហើយ ពីសំណាក់ប្រជាពលរដ្ធទូទាំងប្រទេស។ តែដោយសារមន្ត្រីថ្នាក់ក្រោមមួយចំនួន បានបំផ្លិចបំផ្លាញ់ស្ទើខ្ទិចខ្ទីអស់ ប្រព្រឹត្តនូវទង្វើអមនុស្សធម៍ទៅលើប្រជាជន ជាហេតុធ្វើឲ្យប៉ះពាល់ដល់កេត្តរិ៍ឈ្មោះ និងការដឹកនាំរបស់ខ្ញុំ ដែលបានខិតខំប្រឹងប្រែងកន្លងមក។ ទង្វើអាក្រក់របស់អ្នកទាំងអស់គ្នា ហាក់ដូចជាដុតរូបខ្ញុំទាំងរស់ បើអ្នកពិតជាស្រឡាញ់ គាំទ្រខ្ញុំ សូមបញ្ឈប់រាល់ទង្វើទាំងនោះជាបន្ទាន់ ខ្ញុំការពារអ្នកបើអ្នកការពារខ្ញុំ! ខ្ញុំនឹងបំផ្លាញអ្នកបើអ្នកមិនគោរពខ្ញុំនិងប្រជាជនខ្ញុំ! កំណែទម្រង់ស៊ីជុំរៅ នឹងធ្វើឲ្យអ្នកស្តាយក្រោយអស់មួយជីវិត។»
ខណៈអ្នកសារព័ត៌មានរបស់ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ កំពុងតាមដានទំព័រហ្វេសប៊ុកមួយនេះ យ៉ាងយកចិត្តទុកដាក់នោះ ស្រាប់តែនៅថ្ងៃទី១១ ខែមករានេះ ទំព័រដ៏គួរឲ្យសង្ស័យ ត្រូវបានបិទចោលលែងមានដំណើរការតទៅទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏គេនៅមិនទាន់មានអំណះអំណាងណាមួយ មកបញ្ជាក់ថាទំព័រមួយនេះ ជាទំព័រផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះឡើយ។ ម្យ៉ាងទៀត នៅលើទំព័រថ្មីនេះ គេសង្កេតឃើញសំណេរដែលបានបង្ហាញនៅលើ«ជញ្ជាំង» ពោរពេញទៅដោយកំហុសអក្ខរាវិរុទ្ធ សឹងរាប់មិនអស់ ដែលធ្វើឲ្យមន្ទិលសង្ឃ័យពីការបន្លំគណនី ជាលោកនាយករដ្ឋមន្ត្រីកាន់តែច្បាស់។
កន្លងមក លោក ហ៊ុន សែន ខ្លួនឯងក៏បានធ្លាប់បដិសេធដែរ ថាលោក មិនមានហ្វេសប៊ុកផ្ទាល់ខ្លួននោះទេ ហើយក៏មិនបានប្រើប្រាស់បណ្ដាញសង្គមមួយនេះ ដើម្បីផ្សាយសារអ្វីដែរ។ ប៉ុន្តែសម្រាប់មជ្ឈដ្ឋានអ្នកប្រើប្រាស់ហ្វេសប៊ុកទូទៅ និងក្រុមអ្នកសារព័ត៌មាន បានយកចិត្តទុកដាក់ទៅលើទំព័រមួយទៀត ដែលគ្រប់ៗគ្នានិយាយថា យ៉ាងហោចណាស់ វាជាទំព័ររបស់អ្នកដែលនៅស្និតបំផុតនឹងលោក ហ៊ុន សែន ដែរ។ ទំព័រនោះគឺ «Samdech Hun Sen, Cambodian Prime Minister» ដែលរហូតមកដល់ពេលនេះ មានអ្នកចូលចិត្តប្រមាណជាង ១សែន៥ម៉ឺននាក់៕
--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ១០ ខែមករា ឆ្នាំ ២០១៤