អង្គការសង្គមស៊ីវិលចំនួន៧ គ្រោងប្ដឹង ហ៊ុន សែន ទៅ ICC
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: January 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ គ្រោងនឹងដាក់ពាក្យបណ្តឹងប្តឹងលោក នាយករដ្ឋមន្រ្តីហ៊ុន សែនទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) និងអង្គការពលកម្មអន្តរជាតិ (ILO) ជុំវិញករណីដែលបុរសខ្លាំងកម្ពុជារូបនេះ ប្រើប្រាស់កងកម្លាំងរបស់ជាតិ មកវាយបង្គ្រាប និងបាញ់សម្លាប់កម្មករ និងប្រជាពលរដ្ឋស្លូតត្រង់ស្លាប់ចំនួន«ប្រាំពីរនាក់» និងការចាប់ឃុំខ្លួនតំណាងសង្គមស៊ីវិល និងប្រជាពលរដ្ឋចំនួន២៣នាក់ ក្នុងហេតុការណ៍ប៉ះទង្គិច ជាមួយបាតុករនាពេលកន្លងមកនេះ។
អង្គការសង្គមស៊ីវិលចំនួនប្រាំពីរ ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤ នៅស្នាក់ការសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ (រូបថត MONOROOM.info/O.Vary)
ប្រព័ន្ធយុត្តិធម៌ - លោក ហេង សំអូន អគ្គលេខាធិការសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង លោក ស ម៉ូរ៉ា ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា បានបង្ហាញនូវទស្សនៈដូចគ្នាថា «ផ្ទះសាមគ្គី»នៃបណ្តាញអង្គការសមាគមទាំងប្រាំពីរ មានសមាជិកជិតប្រាំមួយម៉ឺននាក់ បានដាក់កំហិតដល់រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ធ្វើការដោះលែង លោក វ៉ន ពៅ និងអ្នក២២នាក់ផ្សេងទៀត ដោយគ្មានលក្ខខ័ណ្ឌ ដាក់ទោសលើអ្នកដែលបានប្រព្រឹត្តអំពើហិង្សាបណ្តាលឲ្យមានកម្មករស្លាប់ និងរបួស ព្រមទាំងទាមទារឲ្យមានការតម្លើងប្រាក់ខែគោលដល់កម្មករចំនួន១៦០ដុល្លារ។
ការថ្លែងរបស់មេដឹកនាំសមាគមទាំងនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយ នាព្រឹកថ្ងៃទី១០ ខែមករានេះ នៅស្នាក់ការសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងសង្កាត់ ទឹកថ្លា ដែលមានព្រះសង្ឃ ជាងម្ភៃអង្គ និងប្រជាពលរដ្ឋចូលរួមប្រមាណជិតមួយរយនាក់ចូលរួម។
លោក ហេង សំអូន បានបន្ថែមថា អង្គការទាំងប្រាំពីរគ្រោងនឹងដាក់ពាក្យបណ្តឹង ប្តឹងលោក នាយករដ្ឋមន្រ្តីហ៊ុន សែន ទៅអង្គការពលកម្មអន្តរជាតិ (ILO) និងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ ពីករណីបាញ់សម្លាប់កម្មករ ដែលធ្វើបាតុកម្មទាមទាប្រាក់ខែគ្រាន់ តែអាចរស់នៅសមរម្យប៉ុណ្ណោះ។ ជាមួយគ្នានេះលោកបានឲ្យដឹងទៀតថា ក្នុងពេលខាងមុខនេះក្រុមបណ្តាញអង្គការរបស់លោក នឹងបន្តធ្វើបាតុកម្ម បើសិនជាមិនមានការដោះលែងអ្នកទាំង២៣នាក់នោះទេ។ «យើងនឹងធ្វើការដង្ហែរក្នួន ដែលមានគ្នាមិនតិចជាងមួយម៉ឺននាក់ នៅទីក្រុងភ្នំពេញនេះ បើទោះបីជា មានការហាមឃាត់យ៉ាងណាក៏ដោយ យើងនៅតែធ្វើប្រសិនជាមិនមានការដោះលែងទេ។»
ឯប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាលោក ស ម៉ូរ៉ា បានអះអាងថា ផ្ទះសាមគ្គីមិនអាចទទួលយកបានទេ នូវអំពើហិង្សាដែលធ្វើដោយកងកម្លាំងជាតិ និងត្រូវបានប្រើប្រាស់ដោយលោក នាយករដ្ឋមន្រ្តីហ៊ុន សែន បែបនេះ។ លោកបានអះអាងថា អំពើហិង្សាមិនមែនជាដំណោះស្រាយទេ។ ដំណោះស្រាយដែលល្អ គឺការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ កម្មករ និងបាតុករដែលកំពុងតែធ្វើការទាមទា។ «អំពើហិង្សាមិនមែនជាដំណោះស្រាយទេ វាក៏នឹងមិនបញ្ចប់នោះដែរ។ (…) មិនមែនថាការចាប់ខ្លួនលោក វ៉ន ពៅ និងប្រជាពលរដ្ឋផ្សេងទៀត រឿងត្រូវបានបញ្ចប់នោះទេ ព្រោះបញ្ហាប្រជាពលរដ្ឋមិនទាន់ត្រូវបានដោះស្រាយ។ (…) នេះជាបញ្ហារបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។»
«បើមិនមានការឯកភាព ពីរាជរដ្ឋាភិបាលទេ...»
ករណីខាងលើនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ ប្រធានគណៈកម្មាការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក ជាម យៀប បានលើកឡើងថា ទាំងនោះជាសិទ្ធិរបស់អង្គការសមាគម។ លោកបានបន្ថែមថា បើមិនមានការឯកភាពពីរដ្ឋាភិបាលទេ តុលាការព្រហ្មទណ្ឌអាចនឹងទទួល នូវពាក្យបណ្តឹងទាំងនោះទុកជាឯកសារ តែគេនឹងមិនចាត់ការនោះទេ។ លោកបានបន្ថែមថា ឯការទាមទាឲ្យមានការដោះលែងនោះ ជាសិទ្ធិរបស់តុលាការ មិនមែនអាស្រ័យលើការស្នើសុំ ឬទាមទារបស់ពួកគាត់ឡើយ។ បើពួកគាត់មិនព្រមសុខចិត្ត ចំពោះការសម្រេចរបស់តុលាការទេ អាចធ្វើបាតុកម្មដោយអហិង្សា ស្របច្បាប់និងមានការអនុញ្ញាតិពីរដ្ឋាភិបាល។ «ការដង្ហែក្បួនត្រូវសុំអនុញ្ញាតិពីអាជ្ញាធរដែនដី ត្រូវសុំពីសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល។ (…) ធ្វើយ៉ាងណាឲ្យគេយល់ព្រម តែបើគេមិនយល់ព្រម ក៏មិនអាចធ្វើបានដែរ។»
សូមបញ្ជាក់ថា ក្នុងសន្និសិទសារព័ត៌មាន កាលពីប៉ុន្មានថ្ងៃមុននេះ គណបក្សសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី ក៏បានបង្ហាញពីគោលជំហររបស់ខ្លួនដែរ ថានឹងគ្រោងប្តឹងសមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយអនុប្រធានគណបក្សប្រជាជនកម្ពុជា ដ៏មានអំណាចលោក ហ៊ុន សែន ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)។ រីឯអង្គការទាំងប្រាំពីរនោះរួមមាន សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA), សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC), សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF), សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា(CICA), បណ្តាញយុវជនកម្ពុជា(CYN), បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា(CDWN) និងមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា(CWCD)៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣