មាន​ការ​អភិវឌ្ឍន៍​តាម​ជនបទ? តែ​ពលរដ្ឋ​នៅ​តែ​ធ្វើ​ចំណាក​ស្រុក!

រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ បានប្រកាន់ជំហរថា តាមតំបន់ជនបទនៃប្រទេសកម្ពុជា ភាគច្រើនមានការអភិវឌ្ឍន៍ ទាំង​ហេដ្ឋា​រចនា​សម័ន្ធ ទាំងការរស់នៅរបស់ប្រជាពលរដ្ឋ និងទាំងកសិកម្ម។ តែតំណាងរាស្ត្រគណបក្សប្រឆាំង លោក ប៉ុល ហំម វិញ នៅតែអះអាងថា នៅតែមានប្រជាពលរដ្ឋជាច្រើន បានធ្វើចំណាកស្រុក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ-ភ្នំពេញថ្ងៃទី២១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 22, 2015
  • ប្រធានបទ: ចំណាកស្រុក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ​អះ​អាង​ពីរ​យ៉ាង បាន​លើក​ឡើង​បញ្ច្រាស​គ្នា រវាង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រឆាំង ជុំ​វិញ​បញ្ហា​នៃ​ការ​ស្តារ​ឡើង​វិញ នូវ​កិច្ច​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​រស់​នៅ និង​ជីវភាព​របស់​ប្រជា​ពលរដ្ឋ​តាម​ជន​បទ ជៀស​វាង​ការ​ធ្វើ​ចំណាក​ស្រុក។

បន្ទាប់​ពី​ជំនួប​សួរ​ដេញ​ដោល កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥ ជា​មួយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នោះ​មក តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំម បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ត្រូវ​គិត​គូរ​បង្កើន​ជីវភាព​រស់​នៅ របស់​ពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចំការ ឲ្យ​បាន​សមរម្យ ជា​មួយ​នឹង​កិច្ច​អភិវឌ្ឍន៍ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ។ នោះ​ទើប​អាច​ទប់​ស្កាត់ និង​បញ្ជៀស​ការ​ធ្វើ​ចំណាក​ស្រុក របស់​ប្រជា​ពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ ចុង​កាត់​មាត់​ញក​បាន។

លោក ប៉ុល ហំម បានបញ្ជាក់ថា៖ «ការទប់ស្កាត់បញ្ហាប្រជាពលរដ្ឋ ចំណាកស្រុកហ្នឹង គឺមិនមែនតែ​ក្រសួង​អភិវឌ្ឍន៍ជនបទនោះទេ ខាងក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្មក៏ត្រូវជួយដែរ។ (…) បងប្អូនយើង គាត់​ធ្វើ​ស្រែ ប៉ុន្តែអត់ចំណេញ។ ការបង្កបង្កើនផល មធ្យោបាយបង្កបង្កើនផលខ្ពស់ ក៏ប៉ុន្តែកសិផលទាប។ ដូច្នេះ​ក្រសួង​អភិវឌ្ឍន៍ជនបទ ត្រូវជួយកាត់បន្ថយមធ្យោបាយបង្កបង្កើនផល ហើយក្រសួង​ពាណិជ្ជកម្មធ្វើយ៉ាងណា ជួយ​រកទីផ្សារឲ្យបានសមរម្យ។ (…) ទើបយើងអាចជួយកាត់បន្ថយបញ្ហាចំណាកស្រុកបាន។»

ការលើកឡើងរបស់លោក ប៉ុល ហំម មិនសូវជាត្រូវបាន លោក ជា សុផារ៉ា យល់ស្របនោះទេ។ លោករដ្ឋមន្ត្រី បានឆ្លើយតបថា កិច្ចការទាំងអស់នេះ កំពុងស្ថិតក្រោមការអនុវត្ត និងគម្រោងនៃការៀបចំដោយរដ្ឋាភិបាល។ ទាំងហេដ្ឋារចនាសម័ន្ធ ទាំងកិច្ចអភិវឌ្ឍន៍ទូទៅកំពុងបន្តដំណើរការ។ បន្ថែមពីលើនេះ ក្រសួងរបស់លោក បាន​បង្កើតនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមួយ នៅតាមតំបន់នានា ជូនដល់ប្រជាពលរដ្ឋទាំងនោះ ក្នុងការ​ទទួលយកនូវជំនាញនានា ក្នុងគោលបំណងបំបាត់ និងកាត់បន្ថយបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋ។

លោក ជា សុផារ៉ា បានបន្ថែមថា «បញ្ហាចំណាកស្រុក ក្រសួងអភិវឌ្ឍន៍ជនបទរៀបចំ ឲ្យមានមជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ។ (…) ការគាំទ្រ ការផ្តល់នូវប្រាក់កម្ចីខ្នាតតូច។ ហើយការប្រាក់ អាចឲ្យប្រជាពលរដ្ឋ​ទទួលយកបានក្នុងការបង្កើតមុខរបរ និងវិជ្ជាជីវៈរបស់ពួកគាត់។ (…) ការបង្កើតមជ្ឈមណ្ឌលនេះ បានជួយ​កាត់បន្ថយការចំណាក់ស្រុករបស់ប្រជាពលរដ្ឋខ្មែរ។ (…) ពិសេសបានជួយឲ្យយុវជន និងយុវវ័យមាន​ការងារ​ធ្វើ។»

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពលរដ្ឋខ្មែរនៅតាមស្រុកស្រែចំការយ៉ាងសម្បើមហូរហៀរ ដែល​ភាគច្រើនជាយុវជនយុវនារី បានចាកចេញពីស្រុកកំណើតរបស់ពួកគេ ដើម្បីចេញមករកប្រកបរបរចិញ្ចឹមជីវិត និងជួយទៅដល់ជីវភាពឪពុកម្ដាយរបស់ខ្លួនវិញ។ បើទោះជាពលរដ្ឋមួយភាគ បានធ្វើដំណើរមកកាន់​ទីប្រជុំ​ជន​ធំៗ និងមកកាន់រាជធានី ដើម្បីរកបានការងារដែលមានប្រាក់បៀវត្សខ្ពស់នោះ ប៉ុន្តែក៏មាន​ពលរដ្ឋច្រើន​ម៉ឺននាក់ បានធ្វើដំណើរទៅកាន់ប្រទេសជិតខាង ទាំងគ្មានលិខិតស្នាម ដើម្បីស្វែងរកការរកទទួលទាន​ចិញ្ចឹម​ជីវិតដែរ។ ចំនួនរាប់ម៉ឺននេះ បានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងព្រឹត្តិការណ៍ដ៏អាណោចអាធម នៃការចាប់បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដែលប្រកបរបរខុសច្បាប់ គ្មានលិខិតស្នាម នៅប្រទេសថៃ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញ កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ២០១៤កន្លងទៅ។

ភ្លាមៗបន្ទាប់ពីព្រឹត្តិការណ៍នោះ មជ្ឈដ្ឋានទូទៅបានសម្ដែងការព្រួយបារម្ភថា ប្រទេសកម្ពុជា ​មិនមានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការផ្ដល់ការងារក្នុងប្រទេស ទៅឲ្យបណ្តាពលកររបស់ខ្លួនទាំងនោះទេ។ សម្រាប់លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម បានពន្យល់ថា ករណីនេះមានមូលហេតុច្រើនយ៉ាង។ ថ្លែងនៅក្នុងវេទិការពិភាក្សា ស្តី​ពីឥទ្ធិពលនៃការវិលត្រលប់មកវិញ នៃពលករកម្ពុជា ពីប្រទេសថៃ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ​២០១៤ កន្លងមក លោកបណ្ឌិតរូបនេះ បានលើកយកករណីមួយចំនួនមកបញ្ជាក់ ដូចជា កម្ពុជាមិនមាន​គោល​នយោបាយ​ប្រាក់​ខែ​អប្បបរិមា គ្មាននយោបាយ យកពន្ធដីច្បាស់លាស់ សម្រាប់ពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទជាដើម៕

កិច្ចសម្ភាសលោក ជា សុផារ៉ា និងលោក ប៉ុល ហំម ជាមួយអ្នកសារព័ត៌មាន៖

(វីដេអូ នឹងដាក់ជូនតាមក្រោយ)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...