១១ ឆ្នាំ នៅតែគ្មាន«ពន្លឺ»យុត្តិធម៌សម្រាប់ ជា វិជ្ជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មករា ០១៤
- កែប្រែចុងក្រោយ: January 22, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា ដែលត្រូវបានជនដៃដល់បាញ់ប្រហារ ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពី១១ឆ្នាំមុននោះ មកទល់ពេលនេះ នៅមិនទាន់មានការអះអាងណាមួយ ឲ្យ«ច្បាស់លាស់» ក្នុងការស្វែងរកចាប់ខ្លួនជនល្មើស ពីក្រុមសមត្ថកិច្ចរបស់កម្ពុជានៅឡើយទេ។ នេះបើទោះជាមានលិខិតចុះថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤ ដែលចុះហត្ថលេខាដោយលោក សុខ រឿន ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យ អគ្គស្នងការនគរបាលជាតិ ប្រមូលភស្តុតាងនានា ដែលពាក់ព័ន្ធនឹងការលបលួចធ្វើឃាត លើលោក ជា វិជ្ជា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ក៏ដោយ។
បន្ទាប់ពីលិខិតខាងលើ និងរហូតមកទល់ពេលនេះ អគ្គស្នងការនគរបាលជាតិ នៅមិនទាន់មានការឆ្លើយតបណាមួយឡើយ ពាក់ព័ន្ធនឹងការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនមិនស្គាល់មុខ ដែលបានសម្លាប់លោក ជា វិជ្ជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤នោះ។
រឿងតែមួយដែលគេចាំបាន និងត្រូវបានអាជ្ញាធរ ដែលបានយកមកបង្ហាញប្រាប់សាធារណៈជននោះ គឺអាជ្ញាធរកម្ពុជា ក្រោមការដឹកនាំដោយអតីតស្នងការនគរបាលរាជធានី លោក ហេង ពៅ បានចាប់ខ្លួនលោក ប៊ន សំណាង និងលោក សុខ សំអឿន នៅប្រាំថ្ងៃក្រោយការស្លាប់របស់លោក ជា វិជ្ជា ឲ្យមកទទួលទោសជំនួសជនល្មើស រហូតដល់បុរសទាំងពីរនេះ បានជាប់ពន្ធនាគារប្រមាណជា១០ឆ្នាំ ទាំងគ្មានទោសកំហុស។
ក្នុងថ្ងៃទី២៧ និងថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៤ លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានចាប់ខ្លួន ជាមួយនឹងការចោទប្រកាន់ ដោយសាលាដំបូងរាជធានីភ្នំពេញ បានទទួលការសម្រេចឃុំខ្លួននៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៤។ បន្ទាប់មក ជនទាំងពីរក៏ត្រូវបានសាលាឧទ្ធរណ៍ លោក ជួន ស៊ុនឡេង ប្រធានអង្គជំនុំជំរះបន្តចោទ ពីបទ«ឃាតកម្មគិតទុកជាមុន» និងផ្តន្ទាទោសតាមមាត្រា៣ នៃស្ថានទំងន់ទោសនៃបទឧក្រិដ្ឋ ដោយឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ«ម្ភៃឆ្នាំ» និងរួមគ្នាសងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួនសែសិបលានរៀល កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២។
រហូតមកដល់ថ្ងៃទី២៤ ខែកញ្ញា ២០១៣ ទើបលោក ប៊ន សំណាង និងសុខ សំអឿន ត្រូវបានតុលាការកំពូលទទួលស្គាល់ ថាអ្នកទាំងពីរថាពិតជាឃាតករសិប្បនិម្មិត។ ពេលនោះ លោក ឃឹម ប៉ុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល បានសម្រេចដោះលែងអ្នកទាំងពីរ ឲ្យមានសេរីភាពឡើងវិញ។
លោក ប៊ន សំណាង និងលោក សុខ សំអឿន ដែលត្រូវបានបណ្ដើរពីពន្ធនាគារ មកដល់តុលាការកំពូល។ (រូបថត MONOROOM.info/ C. Thyrith)
ជាប់ពន្ធនាគារ១០ឆ្នាំ ទាំងខ្លួនគ្មានកំហុស... សួរថា តើនរណាជាអ្នកទទួលខុសត្រូវ?
ដើមបណ្តឹងរដ្ឋប្បវេណីលោក ជា មុនី ដែលជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា នោះ ធ្លាប់បានចាត់ទុកនីតិវិធីរបស់តុលាការនៅកម្ពុជា ក្នុងសំណុំរឿងបាញ់សម្លាប់បងប្រុសរបស់ខ្លួននេះថា ជា«បាយឡុកបាយឡ»។ លោកបានដឹងថា ប៊ន សំណាង និង សុខ សំអឿន នោះមិនមែនជាឃាតករពិត ក្នុងការបាញ់សម្លាប់បងប្រុសរបស់ខ្លួនឡើយ។ លោកបានវាយតម្លៃទៀតថា ទាំងអាជ្ញាធរ និងតុលាការកម្ពុជា គ្មានសមត្ថភាពក្នុងការស៊ើបអង្កេត ឲ្យបានត្រឹមត្រូវតាមនីតិវិធី មុននឹងសម្រេចចាប់ជនជាប់ចោទទាំងពីរដាក់ពន្ធនាគារ និងគ្រាន់តែជាល្ខោនបញ្ឆោតភ្នែកប៉ុណ្ណោះ។ យ៉ាងណា លោក នៅតែទទូចសាជាថ្មី ឲ្យតុលាការកម្ពុជា ពន្លឿនការស៊ើបអង្កេត ដើម្បីវែកមុខរកឃាតករពិតប្រាកដឲ្យបានឆាប់។
ទន្ទឹមនឹងបានសម្រេចបង្គាប់ ឲ្យមានការដោះលែងលោក ប៊ន សំណាង និងលោក សុខ សំអឿន នោះ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ តុលាការកំពូលក៏បានបង្គាប់ ឲ្យអាជ្ញាធរមានសមត្ថកិច្ច បន្តបើកការស៊ើបអង្កេត ស្វែងរកជនល្មើសមិនស្គាល់មុខ ដែលបានធ្វើឃាតលោក ជា វិជ្ជា ដែរ។
១០ឆ្នាំ ក្នុងពន្ធនាគាររបស់ឃាតករសិប្បនិម្មិត លោក ប៊ន សំណាង និងលោក សុខ សំអឿន និង១១ ឆ្នាំ នៃការបាញ់សម្លាប់លោក ជា វិជ្ជា ក្រោយមក តែ«ពន្លឺ នៃប្រព័ន្ធយុត្តិធម៌»នៅកម្ពុជា មិនអាច«រះ»ជាផ្លូវការបានឡើយ ខណៈសាធារណៈមតិបានលើកឡើងថា ជាឃាតកម្មដែលមានចរិកជា«នយោបាយ»នោះ៕