ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី0២ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះ​តម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមក​ត្រឹមតែ២០ដុល្លា។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ការពិភាក្សា នៃកិច្ចប្រជុំមួយរវាងក្រុមហ៊ុនឯកជន​ ដែល​ជ្រើសរើសពលករ ដោយតម្រូវឲ្យក្រុមហ៊ុនទាំងនោះ ចេញថ្លៃថតរូប៤ដុល្លាអាមេរិកទៅក្រសួងមហាផ្ទៃ និងថ្លៃ​ប័ណ្ណពលករ១០ដុល្លាអាមេរិក ទៅក្រុមហ៊ុនហាយសឺលូសិនហូលឌីង ជំនួសពលករ ឯតម្លៃទិដ្ឋាការនៅទូត​ថៃ ២០​ដុល្លា​អាមេរិក ជាចំណាយរបស់ពលករផ្ទាល់។

ការសម្រេចទម្លាក់តម្លៃចំណាយនេះ បន្ទាប់ពីមានជំនួបមួយ របស់លោក ស៊ីថាសាក់ ផុងកេតកែន (Sitasak Phuangketkeon) រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ កាលពីថ្ងៃទី១ ខែកក្កដានេះជាមួយលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសថៃ បានបញ្ជាក់យ៉ាង​ច្បាស់ពីមូលហេតុនៃការនាំពលករកម្ពុជាត្រឡប់មកវិញ ស្របពេលប្រទេសកំពុងមានវិបត្តិនេះ ព្រោះតែសន្តិសុខ​ផ្ទាល់ផង និងចង់ឲ្យកម្ពុជារៀបចំយ៉ាងណា សម្រាប់ពលករទាំងនោះអាចទៅធ្វើការឡើងវិញ ដោយ«ស្រប»ច្បាប់​នៅក្នុងប្រទេសថៃ។ ពិសេសដើម្បីការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់ពួកគេ។

សូមរំលឹកថាក្រោយថ្ងៃទី១៣ ខែមិថុនា ក្រសួងការងារបានបង្កើតស្តង់ព័ត៌មានចំនួន៣៨ ក្នុងការផ្តល់ព័ត៌មាន និង​បណ្តុះបណ្តាលជំនាញ ដល់ពលករដោយមិនគិតថ្លៃ។ បើទោះក្រសួងការងារកម្ពុជាធានា ទទួលទាំងការបណ្តុះ​បណ្តាល និងការផ្តល់កន្លែង ឬរកការងារឲ្យធ្វើក៏ដោយ គេសង្កេតឃើញថា ពលករកម្ពុជាទាំងនោះ(ភាគច្រើន) ហាក់មិនចាប់អារម្មណ៍ ចំពោះការងារក្នុងប្រទេសឡើយ។ ហើយពួកគេ នៅតែមានបំណងស្វែងរកការងារធ្វើ​នៅ​ប្រទេសថៃដដែល។

លោក យ៉ា ណាវុធ ប្រធានប្រតិបត្តិអង្គការខារ៉ាម ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថ្មីៗនេះថា ថ្វី​ត្បិតរដ្ឋាភិបាលបានប្រកាសទទួល និងគាំទ្រសម្រាប់ពលករខែ្មរ ឲ្យមានជំនាញ និងការងារធ្វើនោះ វាជាភាព​«វិជ្ជមាន»​មួយដែលត្រូវស្វាគម។ យ៉ាងណាលោកនៅតែរិះគន់លើ នីតិវិធីស្មុកស្មាញជាច្រើនដែលក្រសូង ឬអាជ្ញាធរ​ខ្មែរបានត្រូវឲ្យពលករទាំងនោះអនុវត្តទាំងការរកការងាធ្វើ និងការចូលធ្វើការជាដើម។ លោកថា សំខាន់មួយទៀត គឺ ចំណូលដែលទទួលបានតិចជាងចំណាយ នេះជាមូលហេតុនៃដែលពលករបង្ខំចិត្តចាកចេញ ទៅធ្វើការនៅប្រទេស​ថៃនោះ។

ឯអ្នកវិភាគឯករាជ្យ លោក កែម ឡី ក៏ធ្លាប់បានបញ្ជាក់ពាក់ព័ន្ធ នឹងការបញ្ជូនពលករ​មកដោយគំហ៊ុកនេះថា ​ព្រោះតែ​បញ្ហា «នយោបាយ» នៃប្រទេសថៃ។ នីតិវិធីពិបាកទទួលយក និងអនុវត្តតាម។ ទាំងការងារ ទាំងប្រាក់ចំណូលដែល​ទទួលបាននៅមានកំរិត មិនឆ្លើយតមនិងបញ្ហាសង្គមជាក់ស្តែង។ ឯលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេសអង្គការសហប្រជាជាតិ មុនបញ្ចប់បេសកកម្មលើកទី១១របស់ខ្លួននៅកម្ពុជា លោកបានជំរុញឲ្យរដ្ឋាភិបាល​ថៃបង្ហាញនូវហេតុផលជាក់លាក់ ពាក់ព័ន្ធការបញ្ជូនពលកម្មទាំងតក់ក្រហល់ និងយ៉ាងច្រើនមកកម្ពុជាវិញនេះដែរ។

សូមរំលឹកថា ពលករខ្មែរចំនួនជាង២២ម៉ឺននាក់ត្រូវបាន រដ្ឋាភិបាលយោធាថៃបញ្ជូនមកកម្ពុជា វិញគិតមកត្រឹមថ្ងៃ​ទី​២២ ខែមិថុនា ក្នុងនោះមានអ្នកស្លាប់៩នាក់ និងអ្នករបួស១៦នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។ លោក ហោ ណាំហុង រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី១ ខែកក្កដា បានថ្លែងដោយមោទនភាពថា ក្រសួង​ការ​បរទេស​កម្ពុជា សហការជាមន្ត្រីការទូតកម្ពុជាប្រចាំប្រទេសថៃ បានរៀបចំឯកសារឲ្យពលករកម្ពុជា ធ្វើការនៅប្រទេស​ថៃ ដោយ​ស្របច្បាប់បានជាងមួយម៉ឺននាក់ មកទល់នឹងថ្ងៃទី១ ខែកក្កដានេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...