អតីតប្រធានាធិបតីបារាំង អាចនឹងជាប់ពន្ធនាគារ១០ឆ្នាំ ពីបទពុករលួយ
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០១ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 02, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អតីតប្រធានាធិបតីបារាំង លោកនីកូឡា សាកូហ្សី (Nicolas Sarkozy) ត្រូវបានតុលាការឃាត់ខ្លួន ទុកពេញមួយយប់ កាលពីយប់ថ្ងៃអង្គារទី១ កក្កដា មកដល់ថ្ងៃ២ ខែកក្កដានេះ ដើម្បីសិក្សាអង្កេតជុំវិញសំនុំរឿងជាច្រើន ទាក់ទងនឹងអំពើពុករលួយ«ជាន់ខ្ពស់» ប្រើប្រាស់ឥទ្ធិពល និងរំលោភលើអាថ៌កំបាំង របស់ស្ថាប័នតុលាការ។ លោកអាចនឹងមានទោសជាប់ពន្ធនាគារ រហូតដល់ទៅ១០ឆ្នាំ ប្រសិនបើតុលាការរកឃើញថា លោកពិតជាមានកំហុសមែននោះ។
លោកនីកូឡា ស្សាកូហ្សី នៅត្រូកាដេរ៉ូ ជិតទួអេហ្វែល ពេលធ្វើយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២នេះ។ (រូបថត របស់គណបក្ស UMP)
ប្រព័ន្ធយុត្តិធម៌ - លោកអតីតប្រធានាធិបតី នីកូឡា សាកូហ្សី ទំនងជាកំពុងធ្លាក់ ក្នុងស្ថានភាពដ៏លំបាកលំបិនមួយហើយ។ ការបង្ខាំងទុកខ្លួនលោក ពេញមួយយប់ ដើម្បីសិក្សាអង្កេតដោយតុលាការនេះ បានធ្វើឡើងបន្ទាប់ពីលោក ត្រូវបាននគរបាលយុត្តិធម៌បារាំង ឃាត់ខ្លួនដើម្បីសាកសួរអស់រយៈពេលជាង១៥ម៉ោង ចាប់ផ្ដើមពីព្រឹកថ្ងៃទី១ ខែកក្កដាកន្លងមក។ មេធាវីរបស់លោក និងចៅក្រមជាន់ខ្ពស់ពីររូបទៀត ក៏ត្រូវបានបង្ខាំងខ្លួនទុក ដើម្បីធ្វើការអង្កេត នៅក្នុងសំនុំរឿងដដែលនេះដែរ។
តើបទចោទប្រកាន់ ទៅលើអតីតប្រធានាធិបតី មានអ្វីខ្លះ?
បើតាមការិយាល័យអយ្យការ អមតុលាការបារាំង បានឲ្យដឹងថា លោក នីកូឡា សាកូហ្សី អាចនឹងត្រូវចោទប្រកាន់ ពីបទប្រព្រឹត្តិអំពើពុករលួយជាន់ខ្ពស់ ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន និងរំលោភលើអាថ៌កំបាំង របស់ស្ថាប័នតុលាការ។
តើតុលាការបារាំង ចង់បានអ្វី?
តុលាការចង់ដឹងឲ្យច្បាស់ ថាតើលោក តាមរយៈមេធាវីរបស់លោក ទីជេរី អ៊ែរហ្សូ (Thierry Herzog) បានស្វែងរកចង់ដឹង ពីព័ត៌មានដ៏សំងាត់មួយ ទាក់ទងនឹងសាលដីកាសម្រេច ទៅលើសំនុំរឿងរបស់មហាសេដ្ឋីនីបារាំងមួយរូប លោកស្រី ប៊េតង់គួ (Bettencourt)។ ដើម្បីជាថ្នូរនឹងព័ត៌មានសំងាត់នេះ ការផ្ដល់ដំណែងដ៏សំខាន់មួយនៅប្រទេសមូណាកូ (ខាងត្បូងប្រទេសបារាំង) ទំនងជាត្រូវបានសន្យា ទៅឲ្យចៅក្រមជាន់ខ្ពស់ទទួលបន្ទុកសំនុំរឿង លោក ជីប៊ែរ អាហ្សីប៊ែរ (Gilbert Azibert)។
តើអ្នកស៊ើបអង្កេតបារាំង រកឃើញអ្វីទៅ?
ដំបូងឡើយ ចៅក្រមស៊ើបអង្កេតជំនាញខាងហិរញ្ញវត្ថុពីររូប បានដឹកនាំការស្រាវជ្រាវមួយ ទាក់ទងនឹងបទចោទប្រកាន់ នៃការផ្ដល់ប្រាក់ដ៏សន្ធឹកសន្ធាប់ ពីសំណាក់ជនផ្ដាច់ការ មូអាម៉ា ហ្គាដាហ្វី (Mouammar Kadhafi) ដើម្បីផ្គត់ផ្គង់ ឲ្យយុទ្ធនាការឃោសនាបោះឆ្នោត របស់លោក នីកូឡា សាកូហ្សី កាលពីឆ្នាំ២០០៧។ នៅក្នុងរង្វន់នៃការស៊ើបអង្កេតនេះ ចៅក្រមទាំងពីររូប បានសម្រេចដាក់អ្នកជិតដិតរបស់លោក រាប់ទាំងអតីតរដ្ឋមន្ត្រីជាច្រើននាក់ផង ទៅក្នុងការតាមដានផ្នែកទូរស័ព្ទទំនាក់ទំនង។
ដោយសារហេតុនេះហើយ ទើបចៅក្រមបានរកឃើញថា លោក សាកូហ្សី និងបក្សពួក បានព្យាយាមចង់ដឹងពីការស៊ើបអង្កេតនេះ ពីសំណាក់អ្នកទទួលខុសត្រូវ ខាងនគរបាលមួយរូប។ នៅខែសីហា ឆ្នាំ២០១៣ ចៅក្រមក៏បានសម្រេចដាក់លោក សាកូហ្សី ម្ដងវិញ ទៅក្នុងការតាមដានផ្នែកទូរស័ព្ទនេះដែរ។
ម្ដងនេះ ក្រុមអ្នកស៊ើបអង្កេត បានដឹងទៀតថា លោក នីកូឡា សាកូហ្សី មានទូរស័ព្ទមួយខ្សែទៀត ដើម្បីទាក់ទងជាមួយមេធាវីរបស់លោក។ ហើយគឺខ្សែទូរស័ព្ទ ក្នុងឈ្មោះ ប៉ូល ប៊ីស្មីត (Paul Bismuth) នេះហើយ ដែលត្រូវបានប្រើ ដើម្បីចង់ដឹងពីព័ត៌មានដ៏សំងាត់មួយ ទាក់ទងនឹងសាលដីកាសម្រេច ទៅលើសំនុំរឿងរបស់មហាសេដ្ឋីនីមួយរូប គឺលោកស្រី ប៊េតង់គួ ពីសំណាក់ចៅក្រមតុលាការកំពូល លោក ជីប៊ែរ អាហ្សីប៊ែរ ជាថ្នូរទៅនឹងការសន្យាផ្ដល់ទៅឲ្យចៅក្រមរូបនេះ នូវកៅអីមួយដ៏ពិសេស នៅប្រទេសម៉ូណាកូ។ តែ«កៅអី»នោះ រហូតមកដល់ថ្ងៃនេះ មិនត្រូវបានផ្ដល់ជូនលោក ជីប៊ែរ អាហ្សីប៊ែរ ទេ។
លោក សាកូហ្សី អាចរងទុក្ខទោសអ្វីខ្លះ?
នៅក្នុងដំណាក់កាលនេះ ការស៊ើបអង្កេត កំពុងដំណើរការទៅមុខនៅឡើយ។ ប៉ុន្តែប្រសិនបើ មានភស្ដុតាងសាក្សីគ្រប់គ្រាន់ សវនាការកាត់ទោសនឺងអាចកើតឡើង ធ្វើទៅលើអតីតប្រធានាធិបតី ហើយលោក សាកូហ្សី នឹងអាចជាប់ពន្ធនាគារ១០ឆ្នាំ និងពិន័យជាប្រាក់ ប្រមាណជា ១សែន៥ម៉ឺន អ៊ឺរ៉ូ (ត្រូវជាប្រមាណ២ សែនដុល្លារ)។ មិនត្រឹមតែប៉ុណ្ណោះ ក្រមព្រហ្មទណ្ឌរបស់ប្រទេសបារាំង អាចនឹងបន្ថែមទោសជាច្រើនទៀត ដូចជាហាមឃាត់លោក សាកូហ្សី មិនឲ្យធ្វើនយោបាយជាដើម។ ការហាមឃាត់ដែលអាចកើតឡើង ខណៈពេលនេះ លោកកំពុងត្រៀមខ្លួន ត្រឡប់មកប្រឡូកក្នុងនយោបាយវិញផងនោះ៕