CNRP អំពាវនាវ​ឲ្យ​កម្មករ-​និយោជិត ចេញ​ទៅ​បោះឆ្នោត

គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ បានចេញសេចក្ដីអំពាវនាវមួយ នៅមុននេះបន្តិច ជូនទៅដល់បណ្ដាកម្មករ កម្មការិនី និយោជិត ឲ្យអញ្ជើញទៅបោះឆ្នោត។ បើតាមគណបក្សមួយនេះ បានអះអាងថា ការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ ក្នុងថ្ងៃអាទិត្យនេះ មានសារៈសំខាន់ណាស់ ដើម្បីឈានទៅរកការផ្លាស់ប្ដូរថ្នាក់ជាតិ ក្នុងការបោះឆ្នោតសកល នាឆ្នាំខាងមុខ។
CNRP អំពាវនាវ​ឲ្យ​កម្មករ-​និយោជិត ចេញ​ទៅ​បោះឆ្នោត
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើ ហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 31, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានចេញសេចក្ដីអំពាវនាវមួយច្បាប់ នៅថ្ងៃនេះ ជូនទៅដល់បណ្ដាកម្មករ-និយោជិត ឲ្យចេញទៅបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងលិខិត ដែលបាបធ្លាក់ មកដល់ដៃអ្នកសារព័ត៌មាន នៅប៉ុន្មាននាទីមុននេះ គណបក្សសង្គ្រោះជាតិ បានសរសេរផ្ដល់ក្ដីសង្ឃឹម លើការបោះបង់«ពេលវេលា ថវិកា និងស្មារតីរបស់បងប្អូន កម្មករ កម្មការិនី នយោជិតទាំងអស់ ក្នុងការជន្នះទៅបោះឆ្នោត នៅតាមទីកន្លែង ដែលបងប្អូនបានទៅចុះឈ្មោះបោះឆ្នោត ក្នុងពេលកន្លងមក ទោះនៅឆ្ងាយក្ដី ជិតក្ដី» និងទោះជានយោជក «មិនអនុញ្ញាតច្បាប់​​ឈប់សម្រាក​គ្រប់គ្រាន់ សម្រាប់បងប្អូន ទៅបោះឆ្នោតក៏ដោយ»។

សេចក្ដីអំពាវនាវ ដែលមានចុះហត្ថលេខា ដោយលោក កឹម សុខា ប្រធានគណបក្ស បានហៅការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ថាមានសារៈសំខាន់បំផុត សម្រាប់ពលរដ្ឋខ្មែរ និងកម្មករនយោជិតទាំងអស់ ក្នុងការជ្រើសរើសតំណាង នៅតាមមូលដ្ឋានរបស់ខ្លួន និង«ជាជំហានឆ្ពោះទៅរកការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងការបោះឆ្នោតជាតិ អាណត្តិទី៦ ឆ្នាំ២០១៨»។

កាលពីម្សិលម៉ិញ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏បានចេញវីដេអូឃ្លីបមួយ ធ្វើការវអំពាវនាវដូចគ្នាដែរ។ លោក​ ​សម រង្ស៊ី​ បានមានប្រសាសន៍ថា៖​​«មាន​តែ​ការ​បោះឆ្នោត​ទេ ដែល​អាច​ធ្វើ​ឱ្យ​យើង​ សម្រេច​បាន​នូវ​គោលដៅ​របស់​យើង​ ដែល​ចង់​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ បណ្តើរៗ​ ពីភាពអយុត្តិធម៌​ ទៅ​ភាពយុត្តិធម៌​ និង​ពី​ភាព​ក្រ​តោកយ៉ាក​ ទៅ​ភាព​សម្បូរ​សប្បាយ។​ ទាល់​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ប្រជារាស្រ្ត​ខ្មែរ​ទាំង​មូល​ ទទួល​បាន​ជោគជ័យ​ ​ក្នុង​ការ​បោះឆ្នោត​២០១៧​នេះ​ជា​មុន​សិន​ ទើប​យើង​នឹង​ទទួល​បាន​ជោគជ័យ​ យ៉ាង​ត្រចះ​ត្រចង់ ក្នុង​ការ​បោះឆ្នោត​ជាតិ ​នៅ​ឆ្នាំ​២០១៨។»។​

ដោយឡែក សហភាពការងារកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃទី២៩ ខែឧសភា សម្រេចអនុញ្ញាត ឲ្យកម្មករនិយោជិករបស់ខ្លួន ឈប់សម្រាក រយៈពេល៣ថ្ងៃ ដើម្បីបានទៅបោះឆ្នោត។ បើតាមសេចក្ដីប្រកាសនោះ សហភាពការងារកម្ពុជា ដែលមានលោក អាត់​ ធន់ ជាប្រធាន បានអនុញ្ញាតឲ្យកម្មករនិយោជិករបស់ខ្លួន ឈប់សម្រាកដោយមានប្រាក់ខែ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ មិថុនា ឆ្នាំ២០១៧។

ប៉ុន្តែការឈប់សម្រាកនេះ នៅតែមានភាពប្រទាំងប្រទើស ជាមួយក្រសួងការងារ ដោយបានអះអាង កាលពីប៉ុន្មានថ្ងៃមុនថា ក្រសួងមិនមានអំណាច ក្នុងការផ្តល់ថ្ងៃឈប់សម្រាក សម្រាប់កម្មករនិយោជិតទូទៅ នៅទូទាំងប្រទេសឡើយ ហើយ​បានរុញ​ករណីនេះ ទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​វិញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...