M ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ ទាំង​«មាន​សិទ្ធិ»​តិច​តួច

មនុស្សប្រមាណជា១០០០នាក់បានមកកកុញគ្នានៅខាងមុខពន្ធនាគារព្រៃស ដើម្បីគាំទ្រការដើរចេញពីពន្ធនាគារ ដោយមានសេរីភាពរបស់ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមនអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ ខែ ទាក់ទិនទៅនឹងបទចោទប្រកាន់ដ៏ចម្រូងចម្រាស់មួយនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ខេត្តពីបទបង្កើតតំបន់អបគមន៍ប្រឆាំងទៅនឹងរដ្ឋាភិបាល។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: March 15, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សប្រមាណជា១០០០នាក់ បានមកកកុញគ្នា នៅខាងមុខពន្ធនាគារព្រៃស ដើម្បីគាំទ្រការដើរចេញពីពន្ធនាគារ ដោយ​មានសេរីភាពរបស់ នាយកវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមនអ្នកប្រជាធិបតេយ្យ លោកម៉ម សូណង់ដូ បន្ទាប់ពីជាប់​ពន្ធនាគារអស់រយៈពេល៨ ខែ ទាក់ទិនទៅនឹងបទចោទប្រកាន់ដ៏ចម្រូងចម្រាស់មួយនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ខេត្តពីបទ​បង្កើតតំបន់អបគមន៍ប្រឆាំងទៅនឹងរដ្ឋាភិបាល។


លោកម៉ម សូណង់ដូ ត្រូវបានអ្នកគាំទ្រ ដាក់ឡើងលើគ្រែស្នែង។ រូបថត ថា ថៃ។

នៅម៉ោងប្រមាណជា ៩.៣០ នាទីព្រឹក បុរសសក់ស ម្នាក់បានដើរចេញពីពន្ធនាគារ ដោយមានបំពាក់កំរងផ្កា នៅខណៈ​សម្លេងឆៃយុំា និងសម្លេងអ្នកគ្រាំទ្របានបន្លឺឡើង ជាមួយនឹងសម្លេងស្រែកទ្រហោកងរំពងថា ៖ «លោកប្រធានមាន​សេរីភាព​វិញហើយ ឪយើងមានសេរីភាពវិញហើយ»។

លោកម៉ម សូណង់ដូ បានដើរចេញពីពន្ធនាគារ បន្ទាប់ពីសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៤ខែមិនា បានសម្រេចឲ្យជាប់​ពន្ធនាគារចំនួន ៥ឆ្នាំ ប៉ុន្តែតម្រូវឲ្យអនុវត្តន៍ទោសក្នុងពន្ធនាគារ៨ ខែ ដោយដូរបទចោទពីផ្ដួចផ្ដើមគំនិត ប្រឆាំងអ្នក​រាជការ​សាធារណៈ ទៅជាបទញុះញ៉ងពលរដ្ឋ ឲ្យរុករានកាប់បំផ្លាញព្រៃឈើ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ធ្វើកុបកម្មជ្រៀតជ្រែកខុស​ច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ញុះញង់ឲ្យប្រជាពលរដ្ឋកាន់អាវុធខុសច្បាប់។

លោកម៉ម សូណង់ដូបានថ្លែងឲ្យដឹង នៅខណៈដែលបានដើរចេញពីពន្ធនាគារព្រៃសថា លោកសប្បាយចិត្តដែល​មាន​សេរីភាព ប៉ុន្តែសេរីភាពនេះមិនបានពេញ១០០ភាគរយទេ បើទោះបីជាលោកមានសេរីភាពបន្តិចបន្តួច តែលោកត្រូវគិត​ដល់​ពលរដ្ឋខ្មែរផ្សេងៗទៀត ដែល«គ្មាន»សេរីភាព។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ខ្ញុំមិនបានធ្វើអ្វីឲ្យខុសច្បាប់នោះ​ទេ ខ្ញុំ​ត្រូវតស៊ូការពារកិត្តិយសរបស់ខ្ញុំ ដែលខ្ញុំមិនបានធ្វើអ្វីខុសច្បាប់»។

លោកបានឲ្យដឹងទៀតថា លោកសប្បាយចិត្តបំផុត ដែលមានពលរដ្ឋខ្មែរជាច្រើនបានមកគាំទ្រ ហើយលោកនឹងត្រូវ​បន្ត​សកម្មភាព របស់លោកតទៅទៀត ដើម្បីជួយពលរដ្ឋខ្មែរដែលកំពុងតែមានបញ្ហា ហើយអ្វីដែលលោកធ្វើ គឺពុំមាន​ការពាក់​ព័ន្ធនយោបាយទេ គឺជាទង្វើអប់រំពលរដ្ឋឲ្យយល់ពីច្បាប់។ លោកបានឲ្យដឹងទៀតថា ៖ «អ្វីដែលខ្ញុំចង់បានគឺសិទ្ធិសេរីភាព និងយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នា តែត្រូវធ្វើគោរពទៅតាមច្បាប់ ហើយយើងកុំអស់សង្ឃឹម»។

លោកបានឲ្យដឹងទៀតថា បន្ទាប់ពីការជូបជុំគ្នា ជាមួយពលរដ្ឋហើយនោះ លោកក៏បានធ្វើដំណើរទៅកៀនស្វាយ ដែលជា​លំនៅដ្ឋានរបស់លោក ដើម្បីទៅគោរពធាតុឪពុកម្តាយរបស់លោក។ លោកបានឲ្យដឹងទៀតថា ៖ «ពេលខ្ញុំនៅក្នុងគុក​តែង​តែមមើលមមាយ នឹកឃើញប្រជាពលរដ្ឋ ហើយចង់ប៉ះសាច់ពលរដ្ឋ តែពេលនេះខ្ញុំបានប៉ះវិញហើយ បន្ទាប់ពីបែកគ្នា​អស់​រយៈពេល៨ខែ»។

នៅខណៈលោកម៉ម សូណង់ដូ បានដើរចេញពីពន្ធនាគារប្រមាណជា ១០ម៉ែត្រ ត្រូវបានពលរដ្ឋលើកដាក់លើគ្រែស្នែង ដោយអ្នកខ្លះបានសម្រក់ទឹកភ្នែក ខ្លះក៏បានធ្វើសរសៃដល់លោកម៉ម សូណង់ដូ ផងដែរ រីឯសម្លេងឆៃយុំា​តែងតែ​បន្តប្រគំ​មិនដាច់។

និយាយបន្តើរទឹកភ្នែកហូរបន្តើរលោក ហៀម ហាំ អាយុ ៧៤ ឆ្នាំ មកពី ខេត្តកណ្តាល បានថ្លែងឲ្យដឹងថា គាត់ជាមនុស្ស​ដែល​គិតអំពីរាស្ត្រ និងជួយរាស្ត្រដែលខ្វះខាត ដោយសារតែអំពើរល្អរបស់គាត់នេះហើយ ទើបតុលាការ«សម្រេចដោះលែង»គាត់ ឲ្យមានសេរីភាពវិញ។ លោកបានឲ្យដឹងទៀតថា ៖ «ពួកយើងពិបាកចិត្តបំផុត នៅពេលដែលគាត់ជាប់គុក ហើយពួកយើង​ដើរតវ៉ាគ្រប់ច្រកល្ហក ដើម្បីធ្វើយ៉ាងណាឲ្យគាត់មានសេរីភាពវិញ»។

លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងឲ្យដឹងថា ប្រសិនបើនិយាយពីប្រព័ន្ធយុត្តិធម៌ គឺពុំមានយុត្តិធម៌​ប៉ុន្មាននោះទេ ប៉ុន្តែការដោះលែងនេះ គឺជាការផ្តល់សេចក្តីសង្ឃឹមមួយ សម្រាប់ដំណើរការប្រជាធិបតេយ្យ ហើយក៏បាន​ឆ្លុះ​បញ្ចាំង អំពីការបញ្ចេញមតិរបស់មហាជន ពីព្រោះគាត់បានចូលរួមទាំងអស់គ្នា ក្នុងរកយុត្តិធម៌ជូនលោកម៉ម សូណង់ដូ។ លោកបានថ្លែងឲ្យដឹងទៀតថា ៖ «ការដោះលែងរបស់លោកម៉ម សូណង់ដូ គឺជារឿងនយោបាយ រីឯការដោះលែងនៅថ្ងៃនេះ ក៏ជារឿងនយោបាយដែរ»។

រីឯលោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការការពារសិទ្ធិមនុស្សលីការដូបានថ្លែងថា លោកមានការសោកស្តាយ បើទោះបីជាគាត់ត្រូវបានដោះលែងឲ្យមានសេរីភាពក៏ដោយ ពីព្រោះលោកជឿថា លោក ម៉ម សូណង់ដូ ពុំបានធ្វើអ្វីខុសទេ។ លោកបានបន្ថែមទៀតថា ៖ «ការសំរេចព្យូរទោស ៥ ឆ្នាំ ទៅលើលោកម៉ម សូណង់ដូ ជាការដាក់សំពាធមួយមកលើរូបគាត់ ពីព្រោះគាត់ពុំមានកំហុសទេ»។

លោក ម៉ម សូណង់ដូ អាយុ ៧១ ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១២ តាមរយៈបណ្តឹងចោទប្រកាន់ ៤ករណី ទាក់ទិននឹងការបង្កើតតំបន់អបគមន៍ ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ ហើយនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។ សាលក្រមនោះ ក៏បានផ្តន្ទាទោស ជនជាប់ចោទ ១៣ នាក់ផ្សេងទៀត ឲ្យជាប់ទោសពី ១០ ខែទៅ ៥ ឆ្នាំផងដែរ ប៉ុន្តែអ្នកខ្លះ ត្រូវបានព្យួរទោស ដោយសារពួកគេ ព្រមធ្វើជាសាក្សី ដាក់បន្ទុកលោកសូណង់ដូ។ លើកលែងតែឈ្មោះ ប៊ុន រដ្ឋា ដែល​កំពុងគេចខ្លួននៅក្រៅប្រទេស ត្រូវតុលាការចោទថា ជាមេក្លោងក្នុងការបង្កើតតំបន់អបគមន៍នៅភូមិប្រម៉ា ត្រូវកាត់​ទោស​កំបាំងមុខ ៣០ឆ្នាំ និងពិន័យប្រាក់ ៣០លានរៀល ឈ្មោះសុខ តុង កាត់ទោស ១៥ឆ្នាំ និងឈ្មោះ ប៊ុន ឆន កាត់ទោស ១៥ឆ្នាំ​ដូចគ្នា។

នេះគឺជាការដើរចេញពីពន្ធនាគារជាលើកទី៣ ហើយរបស់លោកម៉ម សូណង់ដូ ដោយលើកទី១ នៅក្នុងឆ្នាំ ២០០៣ ទាក់ទង​នឹងកុបកម្មប្រឆាំងថៃ លើកទី២ នៅក្នុងឆ្នាំ២០០៥ ពាក់ព័ន្ធនឹងការរិះគន់រដ្ឋាភិបាលកម្ពុជា ចំពោះសន្ធិសញ្ញាព្រំដែន​បំពេញ​បន្ថែម ព្រំដែនកម្ពុជា-វៀតណាម និងលើកទីបីនៅឆ្នាំ ២០១៣ ទាក់ទិនការបង្កើតតំបន់អបគមន៍ ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល៕

-----------------------------------------------
ដោយ ៖ គិន ហត្ថារ៉ូ - ភ្នំពេញ ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...