ស្ត្រីតំណាងរាស្ត្រវ័យក្មេងម្នាក់ «បំបៅកូន»ក្នុងសម័យប្រជុំសភា
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 27, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបភាពនេះ ត្រូវបានសារព័ត៌មានអង់គ្លេស «Daily Mail» ចាប់អារម្មណ៍ ហើយយកមកផ្សាយបន្ត កាលពីថ្ងៃព្រហស្បត្តិ៍សប្ដាហ៍មុន។ ស្ត្រីតំណាងរាស្ត្រឈ្មោះ Victoria Donda Perez របស់ប្រទេសអាហ្សង់ទីន កំពុងធ្វើឲ្យគេឯងស្គាល់នាង ពេញមួយផែនដី ដោយកាយវិការមួយរបស់នាង៖ នោះគឺនាងបានបំបៅដោះធម្មជាតិ របស់នាង ឲ្យកូនខ្ចីទើបនឹងកើត របស់នាង។
សកម្មភាពនេះ មិនមែនជាការចៃដន្យនោះទេ តែអាចជាបំណង ដ៏ច្បាស់លាស់មួយ។ មិនត្រឹមតែជាតំណាងរាស្ត្រទេ អ្នកម្ដាយវ័យ ៣៨ឆ្នាំរូបនេះ ជាមេធាវីមួយរូប និងថែមទាំងជាសកម្មជនម្នាក់ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) នោះផង។ អ្នកស្រី Victoria Donda Perez ជាតំណាងរាស្ត្រភេទស្រី ដែលក្មេងជាងគេ រាប់ចាប់តាំង ពីចុងឆ្នាំ២០០៧មក នៅក្នុងរដ្ឋសភាជាតិ នៃប្រទេសអាហ្សង់ទីន។
ការយកកូនខ្ចី មកធ្វើការជាមួយ របៀបនេះ មិនមែនជាលើកទីមួយទេ នៅក្នុងពិភពលោក។ គេនៅចាំបានថា ស្ត្រីតំណាងរាស្ត្រអ៊ឺរ៉ុប អ្នកស្រី Licia Ronzulli ជាតិអ៊ីតាលី ក៏តែងបាននាំទារិកា របស់អ្នកស្រី មកធ្វើការជាមួយ នៅក្នុងសភាអ៊ឺរ៉ុប ដែលកាលណោះ មានទីតាំងនៅក្នុងទីក្រុងស្ត្រាសប៊ួរ ប្រទេសបារាំងនៅឡើយ។
រីឯនៅលើបណ្ដាញសង្គមវិញ មតិយោបល់ជាច្រើន បានលើកឡើង ពីការបំបៅកូន ជាសាធារណៈនេះ យ៉ាងផុលផុស។ មតិខ្លះលើកឡើងថា ទង្វើនេះ នឹងជួយពង្រឹករូបភាព ជាស្ត្រីឲ្យអ្នកស្រីតំណាងរាស្ត្រ ខណៈមតិមួយចំនួនទៀត បានវាយតម្លៃកាយវិការនេះ ថាមិនសមរម្យ និងគួរឲ្យខ្មាសអៀន៕+