បើកឡានក្រុងចូលក្រោមស្ពានមិនផុត របើកដំបូល របួសច្រើននាក់
- ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី២៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 27, 2015
- ប្រធានបទ: ចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ បានបង្កភាពតក់ស្លុត ខ្លាំងក្លាណាស់។ រថយន្ដក្រុង ដែលធ្វើដំណើរ មកពីក្រុង ប៊ីបាវ (Bilbao ភាគខាងជើង នៃប្រទេសអេស្ប៉ាញ) បានជ្រមុចខ្លួន ទៅមិនផុត នៅខាងក្រោមស្ពានមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅភាគខាងជើង នៃប្រទេសបារាំង។ រថយន្ដក្រុង ដែលមានកំពស់ ខ្ពស់ជាងកំពស់ ពីផ្លូវទៅស្ពាននោះ បានដឹកក្រុមយុវជនជាតិអេស្ប៉ាញ អាយុពី១៨ ទៅ២៩ឆ្នាំ ចំនួន៥៦នាក់ ដើម្បីធ្វើដំណើរ ឆ្ពោះទៅកាន់រាជធានី អាំស្ទែដាម ប្រទេសហូឡង់។ នេះបើតាមរបាយការណ៍មួយ របស់សារព័ត៌មានបារាំង «La Voix du Nord»។
ដំបូលរថយន្ដក្រុង ត្រូវបានគាស់របើក ដោយហេតុបានទើសនឹងស្ពាន បង្កឲ្យយុវជន៦នាក់ បានរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបារាំងនៅក្រុង លីល ក្បែរនោះ។ ពីក្នុងចំណោមនោះ យុវជនពីរនាក់ មានស្ថានភាពធ្ងន់ធ្ងរ ដែលអាចប៉ះពាល់ដល់ជីវិត។ រីឯយុវជន៣៤នាក់ទៀត បានរងរបួសស្រាល ហើយកំពុងស្នាក់នៅ ក្នុងមជ្ឈមណ្ឌលទទួលភ្ញៀវមួយ។
មនុស្សជាច្រើននាក់ បានដេកលក់!
បើតាមយុវជន ដែលបានរួចរស់ និងមិនមានរបួសនោះ បានថ្លែងប្រាប់ទីភ្នាក់ងារ ព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា ជនរងគ្រោះ ដែលមានស្ថានភាព របួសធ្ងន់ធ្ងរជាងគេ សុទ្ធសឹងជាអ្នក ដែលអង្គុយនៅផ្នែកខាងក្រោយ នៃរថយន្ដ កន្លែងដែលបំណែក នៃដំបូលរថយន្ដ បានរបើកទៅទាំងផ្ទាំង។ យុវតីម្នាក់ បានថ្លែងឲ្យដឹងថា៖ «មនុស្សជាច្រើននាក់ បានដេកលក់។ ខ្ញុំទើបនឹងជជែកគ្នាលេង ជាមួយមិត្តខ្ញុំនៅជិតនេះ ក៏ស្រាប់តែមានរឿង កើតឡើងតែម្ដង។ យើងអត់ដឹងថា មានរឿងអ្វីកើតឡើងទេ។»
រហូតមកដល់ពេលនេះ ការស៊ើបអង្កេត កំពុងបន្តធ្វើនៅឡើយ ដើម្បីឲ្យដឹងពីមូលហេតុ នៃការបើករថយន្ដក្រុង កំពស់ជិត៣ម៉ែត្រ ជ្រមុជទៅក្រោយស្ពាន ដែលខ្ពស់ពីដី ត្រឹមតែ ២,៦០ម៉ែត្រ។ កំពស់នេះ ត្រូវបានអនុញ្ញាត ឲ្យតែរថយន្ដតូចៗប៉ុណ្ណោះ អាចធ្វើដំណើរឆ្លងកាត់បាន ហើយម្យ៉ាងទៀត ផ្លូវនេះក៏មិនមែនជាផ្លូវ ដែលរថយន្ដក្រុង ត្រូវឆ្លងកាត់ដែរ។ អាជ្ញាធរភាគខាងជើង នៃប្រទេសបារាំង កំពុងធ្វើការសាកសួរ អ្នកបើកបររថយន្ដក្រុង ទាំងពីរនាក់ (ដំណើរផ្លូវឆ្ងាយ ចាំបាច់ត្រូវមាន អ្នកបើកពីរនាក់) ពីបញ្ហានេះ ហើយនៅមិនទាន់ទម្លាយ មកឲ្យអ្នកសារព័ត៌មានដឹង នៅឡើយ៕