មួយប៉ប្រិចភ្នែក... ថយរថយន្ដកិនកូនឯងស្លាប់យ៉ាងអាណោចអធម
- ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 27, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រសិនជាហេតុការណ៍នេះ ធ្លាប់ត្រូវបានឃើញ ជាញយដង នៅតាមវីដេអូនានា ដែលត្រូវបានបង្ហោះ ក្នុងប្រទេសចិន បង្ហាញពីការធ្វេសប្រហេស របស់ឪពុកម្ដាយ ធ្វើឲ្យកូនតូចៗរបស់ខ្លួន បានរងគ្រោះ រហូតដល់អាយុជីវិតនោះ ប៉ុន្តែឥឡូវនេះ ហេតុការណ៍បានកើតឡើង (ឬកើតឡើងជាថ្មី) នៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាផ្ទាល់តែម្ដង។ សម្រាប់ឪពុកម្ដាយ វាជាហេតុការណ៍ ដែលមិនអាចមានអ្វី មកជួសជុលវិញបានឡើយ មានតែការស្ដាយក្រោយ អស់មួយជីវិតប៉ុណ្ណោះ។
រឿងរ៉ាវដ៏តក់ស្លុត បានកើតឡើងនៅវេលាម៉ោង ប្រមាណជា២០ យប់ថ្ងៃទី២៦ ខែកក្កដានេះ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ខណៈបុរសជាឪពុក លោក ជា ជុំ អាយុ៣៣ឆ្នាំ ហៀបនឹងនាំកូន ទាំងទ្វេរបស់ខ្លួន ចេញទៅក្រៅ ជាមួយនឹងរថយន្ដ LUXUS RX300 ពណ៌ស្កររបស់ខ្លួន។ នេះបើតាមការអះអាង របស់មន្ត្រីអាជ្ញាធរ ដែលបានចុះទៅដល់ទីកន្លែង បន្ទាប់ពីកើតហេតុរួច។
មន្ត្រីអាជ្ញាធរ បានថ្លែងទៀតថា នៅពេលនោះ កូនប្រុសច្បង កុមារា ជា សុខហៀង អាយុ៦ឆ្នាំ បានបើកទ្វាររថយន្ដចុះ តែកុមារាបានភ្លេច បិទទ្វារថយន្ដវិញ បណ្ដាលឲ្យទារិកា ម៉ៃ ហ័រ ជាប្អូនស្រី ដែលមានអាយុ ទើបនឹងបានមួយខួប ធ្លាក់ចេញពីរថយន្ដ ហើយទៅដួល នៅក្រោមកង់យានយន្ដ ដ៏ទំនើបនេះ។ អនិច្ចា បុរសជាឪពុក ដែលជាអ្នកកាន់ចង្កូត មិនបានចាប់អារម្មណ៍ ពីហេតុការណ៍នេះ ក៏បានបើករថយន្ដថយក្រោយ ហើយបានកិន ពីលើកូនស្រីខ្លួនឯង ចំក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែង៕