នាយ​​ការិយាល័យ​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​ខេត្ត​​កំពង់ឆ្នាំង​ ធ្វើ​​អត្តឃាត​​ព្រោះ​​នាង?

នាយការិយាល័យ​ព្រហ្មទណ្ឌ​ កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាននគរបាល ​ខេត្តកំពង់ឆ្នាំង លោក​ ទេព ​សារ៉ាត់​ ត្រូវ​បាន​គេ​ជឿ​ថា បាន​​ដក​កាំភ្លើង​បាញ់សម្លាប់​ខ្លួន​ស្លាប់​ភ្លាមៗ ​កាលពី​វេលា​ម៉ោង១៨​ និង​២០​នាទី​ ព្រលប់ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៥​ម្សិលម៉ិញ ​នៅក្នុង​អាគារស្នងការដ្ឋានតែម្ដង។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៦ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 27, 2015
  • ប្រធានបទ: អត្តឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីនគរបាល ថ្នាក់វរសេនីយ៍ត្រី មួយរូប ត្រូវបានគេរកឃើញស្លាប់ នៅលើកៅអី«ប៉ៅអ៊ី» កាលពីវេលា​ព្រលប់​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងស្នងការដ្ឋានគរបាល ខេត្តកំពុងឆ្នាំង ជាមួយនឹងសំបុត្រមួយច្បាប់ នៅ​លើ​​ក្បាលដំណេក។ តាមការស៊ើបអង្កេតបឋម របស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា លោក ទេព សារ៉ាត់ អាយុ ៤៨ឆ្នាំ មានថានៈ ជាប្រធានការិយាល័យ ព្រហ្ម​ទ​ណ្ឌ​កំរិត​ស្រាល បានរងគ្រោះ នឹងការធ្វើអត្តឃាត ដោយប្រើ​កាំភ្លើង​ខ្លី ម៉ាក ក៥៩ បាញ់ពីគុម្ពត្រជៀកស្ដាំ ធ្លាយមកថ្ងាស។

ការស៊ើបអង្កេត បានឲ្យដឹងថា ការបាញ់សម្លាប់ខ្លួន ទំនងជាបានធ្វើតាំងពីម៉ោង ១១ និង៣០នាទីព្រឹកម្លេះ។ រីឯ​នៅក្នុងលិខិតនោះ គេឃើញមានសំណេរ សរសេរសុំទោស អ្នកស្រីប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាល​ខេត្ត និងលោកស្នងការនគរបាល ខេត្តកំពង់ឆ្នាំង។

ក្រុមសមត្ថកិច្ចបានសង្ស័យថា ការធ្វើអត្តឃាតនេះ បណ្ដាលពីទំនាស់ ជាមួយស្ត្រីម្នាក់ ដែលលោកបានដក់​ចិត្ត​ប្រតិព័ទ្ធ រហូតដល់កើតជាអំពើហិង្សា ទះតប់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥កន្លងមក នៅនឹងផ្ទះរបស់​ស្ត្រី​រូបនោះ ក្នុងភូមិ​ប្អេ​រ​ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។ ហេតុការណ៍ ទះតប់នេះ បានជំរុញឲ្យស្ត្រីរងគ្រោះ ដាក់​ពាក្យ​​បណ្ដឹង ប្ដឹងលោក សារ៉ាត់ ទៅសាលាដំបូងខេត្ត ដើម្បីទារជំងឺចិត្ត ២០លានរៀល។

ស្ត្រីរងការវាយតប់ មានឈ្មោះ ឌុ​ក សាឡុ​ម អាយុ៤២ឆ្នាំ ជាមេម៉ាយកូនបី បានរៀបរាប់ ប្រាប់សារព័ត៌មាន​ក្នុង​ស្រុកមួយថា អ្នកស្រី និងលោក សារ៉ាត់ បានស្គាល់គ្នាប្រហែលជា ពី៥ទៅ៦ប៉ុណ្ណោះ ហើយអ្នកស្រីមិន​ដែល​ទទួល​ យកការស្រឡាញ់​ ពីលោក សារ៉ាត់ នោះឡើយ ដោយសារតែលោក សារ៉ាត់ មាន​ប្រពន្ធ និង​កូន​រួច​ហើយ។ ប៉ុន្តែអតីតមន្ត្រីនគរបាល នៅតែមិនស្ដាប់ ហើយថែមទាំងបានគម្រាមអ្នកស្រី មិនឱ្យទាក់ទង ជាមួយ​ប្រុស​ណាទាំងអស់។ ​អ្នកស្រី សាឡុម បានថ្លែងថា ការគម្រោមជាច្រើនដង បានឈានទៅដល់ផ្ទុះទំនាស់ ព្រោះ​​ភ្លើងប្រចណ្ឌ កាលពីថ្ងៃទី២៤ ខែកក្កដានេះ រហូតដល់លោក សារ៉ាត់ បានហិង្សាយ៉ាងធ្ងន់ដៃ មក​លើ​អ្នកស្រី (មើលរូប)។

រងការវាយតប់ ព្រោះហ៊ានលួចមាន«សាហាយ»?

ការចោទប្រកាន់ របស់អ្នកស្រី ឌុក សាឡុម ត្រូវបានលោក ទេព សារ៉ាត់ ធ្វើការបដិសេធ កាលពីលោកនៅ​មាន​ជីវិត។ លោកបានថ្លែង ប្រាប់អ្នកសារព័ត៌មានថា លោក និងអ្នកស្រី សាឡុម បានស្នេហាគ្នាលួចលាក់ តាំងពី​៣​ឆ្នាំមកហើយ រីឯការវាយតប់នេះ បានកើតឡើងព្រោះអ្នកស្រី ឌីឡុម មានចិត្តមិនស្មោះ ចេះតែលួចលាក់មាន​ប្រុស​ថ្មី ជាញឹកញាប់។ លោកបានទទួលស្គាល់ថា បានទះកំផ្លៀងអ្នកស្រី សាឡុម ២ឬ៣ដៃ និងបានធ្វើឲ្យ​អ្នកស្រី​ដួល​ទៅ​ប៉ះនឹងសសរផ្ទះ។

ស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ប្រាក់ វុទ្ធី ក៏ធ្លាប់បានអះអាងថា លោកនឹងចាត់ការករណី ពាក្យបណ្ដឹង​របស់អ្នកស្រី សាឡុម នេះឲ្យខាងតែបាន ហើយលោក ឲ្យខាងការិយាល័យបុគ្គលិក នៃស្នងការនគរបាលខេត្ត ប្រាប់ឲ្យលោក ទេព សារ៉ាត់ ឲ្យចូលខ្លួន។ តែរឿងរ៉ាវ មិនមានចំណាត់ការ នៅត្រឹមនេះទេ ព្រោះអ្នកស្រី សាឡុម បានដាក់​ពាក្យ​បណ្ដឹងដដែល ទៅខាងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង មួយទៀត ដែលទំនងជាធ្វើឲ្យលោក ទេព សារ៉ាត់ ទទួល​យក នូវភាពអាម៉ាសមិនបាន ទើបសម្រេចចិត្តធ្វើអត្តឃាត។

រឿងអាស្រូវ រវាងគ្នាតែប៉ុន្មានថ្ងៃ...

គ្រាន់តែនៅក្នុងរវាង ពី៣ទៅ៤ថ្ងៃប៉ុណ្ណោះ ខេត្តកំពង់ឆ្នាំង ទទួលរងហេតុការណ៍ផ្ទួនៗ ដល់ទៅពីរករណី ដែល​ចេញពីមជ្ឈដ្ឋានមន្ត្រីនគរបាល។ កាលពីថ្ងៃទី២៣ ខែកក្កដានេះ លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច ​ត្រូវបាន​ដកប​ញ្ឍ​រ​ជើង​ បន្ទាប់ពីមន្ត្រីរូបនេះ បានរងនូវការចោទប្រកាន់ ក្នុងរឿងអាស្រូវផ្លូវភេទ ជាមួយយុវតី ​ជា​សិស្ស​វិទ្យាល័យ​«ហ៊ុន សែន កំពង់ត្រឡាច»​មួយរូប។ យុវតីរូបនេះ បានចោទលោក វាសនា បាន​បញ្ឆោត​នាង ​ឱ្យ​ចូល​បន្ទប់ ​កន្លែងធ្វើការ​របស់​លោក​ ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​កំពង់ត្រឡាច រួច​​យក​កាំភ្លើងខ្លី​ភ្ជង់​ក្បាល និង​ចាប់​នាង​រំលោភ​ រហូត​បាន​សម្រេច​ កាលពី​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៥៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...