ពលរដ្ឋត្អូញថា ត្រីប្រហុកឆ្នាំនេះឡើងថ្លៃជាងឆ្នាំមុន ក្នុងបរិមាណដូចគ្នា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ( [email protected]) - រាយការណ៍៖ ហេង វុទ្ធី- ភ្នំពេញ៣មករា ឆ្នាំ២០១៥
- កែប្រែចុងក្រោយ: January 04, 2015
- ប្រធានបទ: ទីផ្សារ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអាជីវករ និងប្រជាពលរដ្ឋរកទិញត្រី សម្រាប់ធ្វើប្រហុក ឬផ្អក ទុកទទួលទានប្រចាំឆ្នាំ និងលក់ដូរខ្លះ បានត្អូញត្អែរពីទិន្នផលត្រីថយចុះ និងមានតម្លៃថ្លៃជាងរាល់ឆ្នាំ។ ពលរដ្ឋទាំងនោះ បានអះអាងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងមន្ត្រីជលផល បានបញ្ជាក់ផ្ទុយពីការពិត ដែលថាតម្លៃត្រីប្រហុកថោក គឺប្រហែល ១ពាន់រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែតម្លៃត្រីលក់ជាក់ស្ដែងពី ១៧០០រៀល ទៅដល់ ៦០០០ពាន់រៀលក្នុងមួយគីឡូក្រាម ឯណោះ។
ពលរដ្ឋម្នាក់កំពុងដើរទិញត្រីនៅ ឡូត៍នេសាទគីឡូលេខ៩ ភូមិច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានថ្លែងប្រតិកម្ម ចំពោះមន្ត្រីជលផលថ្នាក់លើថា ត្រីឆ្នាំនេះមិនបានធ្លាក់ថ្លៃនោះទេ តែវាមានតែកើនឡើង ជាងឆ្នាំមុន។ ពលរដ្ឋដែលទៅដល់ឡូត៍នេសាទទាំងអស់ គាត់មានបំណងទិញត្រីក្នុងម្នាក់ ១០០គីឡូក្រាម។ ប៉ុន្តែដល់មានតម្លៃកើនឡើងបែបនេះ ពួកគាត់ក៏បន្ថយបវិមាណនៃការទិញនេះទៅវិញ។ ពលរដ្ឋខ្លះសុខចិត្តទិញត្រី ដែលមិនទាន់ធ្វើរួច យកមកអង្គុយធ្វើខ្លួនឯង និងមួយចំនួនទៀត ពួកគាត់រង់ចាំទិញពីអ្នកនេសាទផ្ទាល់ ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល។
ក្នុងពេលដែលកំពុងរកទិញត្រីប្រហុក អ្នកស្រី សំណាង ជាអ្នកមកពីខេត្តកំពង់ស្ពឺបាននិយាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥នេះ គាត់បានទិញត្រីបានគ្រប់១០០គីឡូក្រាម តាមដែលគាត់ត្រូវការហើយ។ ប៉ុន្តែអ្នកស្រីថា ទាល់តែឡើងមកត្រីទិញដល់ភ្នំពេញ ដោយសារតែឆ្នាំនេះ តម្លៃត្រីបានឡើងថ្លៃ។ អ្នកស្រីធ្វើដំណើរមកទិញផ្ទាល់ ព្រោះវាមានតម្លៃប្រសើជាងនៅឯខេត្តរបស់គាត់ ដែលត្រូវឆ្លងកាត់ឈ្មួញកណ្តាល យកទៅលក់នៅទីនោះ។ អ្នកស្រី សំណាង បានថ្លែងឡើងថា៖ «បើទិញនៅឯខេត្តថ្លៃ ព្រោះគេលក់យកចំណេញ ចឹងហើយបានកមទិញឲ្យដល់កន្លែងតែម្តង»។
កំពុងទទួលទិញត្រីពីអ្នកនេសាទ អ្នកស្រី អាំ បានប្រាប់ទស្សនាវដ្តីដែរថា ត្រីទិញចូល១៤០០រៀល ក្នុងមួយគីឡូក្រាម ហើយលក់ចេញ ១៧០០រៀល ក្នុងមួយគីឡូក្រាម។ ក្នុងមួយថ្ងៃអ្នកស្រីលក់ត្រីប្រហុក បាន៤តោន (ត្រីម៉ាញ់) ក្នុងឆ្នាំនេះមានការឡើងថ្លៃមែន នៅខណៈដែលបរិមាណត្រីស្រដៀងនឹងឆ្នាំមុន។ រីឯអ្នកកិនត្រីម្នាក់នៅក្បែរនោះ បានអះអាងបន្ថែមថា នៅឆ្នាំនេះមានត្រីមិនសូវសម្បូប៉ុន្មានទេ។ អ្នកកិនត្រីនោះ បាននិយាយដោយមិននិយាយប្រាប់ឈ្មោះថា៖ «ត្រីអត់សូវត្រូវ ដូចឆ្នាំមុនៗទេ»។
ទស្សនាវដ្តីមិនអាចសុំការបំភ្លឺពីមន្ត្រីជលផល និងអ្នកគ្រប់គ្រងយឿនេសាទខាងលើបានឡើយ អំពីមូលហេតុដែលត្រីប្រហុកឡើងថ្លៃនៅដើមឆ្នាំនេះ។ តែបើតាមការបញ្ជាក់របស់ឈ្មួញលណ្តាលមួយរូប បាននិយាយថា៖ «ខ្ញុំទិញពីរទូកនេសាទថ្លៃដែរ ទើបលក់ចេញថ្លៃជាងមុនបែបនេះ»៕