នី ចរិយា ថា​នឹង​មាន​បណ្តឹង​ទៅ ICC បើ​នៅ​តែ​គ្មាន​យុត្តិធម៌​នៅ វ៉េងស្រេង

ការខកខានមិនបានស្វែងរកយុត្តិធម៌ ឲ្យជនរងគ្រោះក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្ម ដោយបាញ់គ្រាប់ពិត កាល​ពី​ថ្ងៃ​ទី​២-៣ ខែមករា ឆ្នាំ២០១៤ នៅផ្លូវវ៉េងស្រេង បានជំរុញឲ្យមន្ត្រីសង្គមស៊ីវិលមួយរូប ថ្លែងអះអាងថានឹងនាំសំនុំរឿងនេះ ឡើង​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ICC។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៥
  • កែប្រែចុងក្រោយ: January 04, 2015
  • ប្រធានបទ: ខួប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អស់​រយៈ​ពេល​មួយ​ឆ្នាំ​ហើយ ដែល​រដ្ឋាភិបាល និង​សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ មិន​ទាន់​ចាត់​វិធានការ ទៅ​លើ​ជន​ល្មើស តែ​បែរ​ជា​ឃើញ ​មាន​ការ​ចាត់​វិធាន​ការ​ទៅ​លើ​តំណាង​កម្មករ ប្រជា​ពលរដ្ឋ សង្គម​ស៊ីវិល​ដែល​ជា​ជន​រង​គ្រោះ​ទៅ​វិញ។ នេះ​ជា​ការ​ថ្លែង​លើក​ឡើង​របស់​លោក នី ចរិយា មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក តាម​រយៈ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទាក់​ទង​នឹង​​ការ​បង្ក្រាប​ដោយ​ហិង្សា ពី​សំណាក់​កង​កម្លាំង​ចម្រុះ ទៅ​លើ​បាតុករ​ជា​កម្មករ នៅ​ដង​វិថី វ៉េងស្រេង កាល​ពី​មួយ​ឆ្នាំ​មុន ប៉ុន្តែ​ជន​រង​គ្រោះ​ពី​ក្នុង​ព្រឹត្តិការណ៍​នេះ នៅ​ពុំ​ទាន់​រក​ពន្លឺ​យុត្តិធម៌​ឃើញ​នៅ​ឡើយ។

ក្នុងនាមលោក ជាមន្ត្រីអង្គការសង្គមស៊ីវិលមួយរូប លោក នី ចរិយា នៅតែទទូចហើយទទូចទៀតថា រដ្ឋាភិបាល​ត្រូវតែមានចំណាត់ការជាដាច់ខាត ក្នុងករណី​នៃ​ការ​បាញ់​ប្រហារ ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ២០១៤ ដែលធ្វើឲ្យកម្មករ​យ៉ាងហោច៧នាក់បានស្លាប់។ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​បន្ត​ធ្វើ​របាយការណ៍ ទៅអង្គការសហប្រជាជាតិ ដើម្បី​ធ្វើការវាយតម្លៃ ពីការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

មន្ត្រីជាន់ខ្ពស់គ្រប់គ្រងខាងការស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរូបនេះ បានព្រមានទៀតថា ជាបន្តទៅមុខ ក៏នឹង​មាន​បណ្តឹងមួយទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដែរ  បើសិនណាជាគ្មានស្ថាប័នមាន​សមត្ថកិច្ចក្នុងស្រុក​ណាមួយ បានបង្ហាញជំហរក្នុងការស្វែងរកយុត្តិធម៌ សម្រាប់អ្នកស្លាប់ អ្នករបួស អ្នកចាប់ខ្លួន និងអ្នកបាត់​ខ្លួន​ទាំងនោះទេ។ហើយបណ្តឹងនេះទៀតសោធ នឹងធ្វើឡើងក្នុងទិសដៅស្វែងរកការដាក់ទោស ទៅលើអ្នកដឹកនាំ និងអ្នកចូលរួមក្នុងប្រតិបត្តិការ នៃការបាញ់ប្រហារនោះជាចំបង។ លោកបន្តថា មិនត្រឹមតែប៉ុណ្ណឹងទេ តែ​តុលាការអន្តរជាតិមួយនេះ នឹង​បន្តស្រាវជ្រាវស្វែងរកអ្នកបញ្ជា ដើម្បីឲ្យមកទទួលទោសដូចគ្នា។

ទាក់ទងថ្នាក់ដឹកនាំកំពូល?

លោកបានបញ្ជាក់ដូច្នេះថា «យើងមិនទាន់ដាក់ការចោទប្រកាន់ ទៅលើថ្នាក់ដឹកនាំកំពូលភ្លាមៗបានទេ។ ព្រោះ​យើងមិនទាន់ដឹងថា តើការចាត់វិធានការនេះ ជាការចាត់វិធានការដោយថ្នាក់ដឹកនាំរដ្ឋកំពូល ជាអ្នកបញ្ជា ឬ​រៀបចំយ៉ាងណា យើងមិនទាន់អ្វីជាភស្តុតាងនោះទេ។ ចឹងត្រូវតែមានការចោទប្រកាន់ ទៅលើអ្នកដែល​ប្រព្រឹត្តិ​ផ្ទាល់ជាបឋមសិន។ (…) នេះជាសមត្ថកិច្ចតុលាការ បើតុលាការសួរទៅឃើញថា មានជាប់ពាក់ព័ន្ធ នឹងការ​បញ្ជារបស់ថ្នាក់ដឹកនាំកំពូលរបស់ដ្ឋ នោះក៏នឹងត្រូវប្រឈមមុខ ចំពោះការឆ្លើយបំភ្លឺនៅតុលាការអន្តរជាតិ​ដូច​គ្នា។»

ភ្លាមៗនេះ ទស្សនាវដ្ដីមិនអាចស្វែងរកប្រតិកម្ម ពីមន្ត្រីអ្នកនាំពាក្យរបស់រដ្ឋាភិបាលកម្ពុជា បាននៅឡើយ។ ប៉ុន្តែ​ករណីនាំសំនុំរឿង វ៉េងស្រេង ឡើងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះ មិនមែនជារឿងថ្មីស្រឡាងនោះទេ។ នៅក្រោយព្រឹត្តិការណ៍បង្ក្រាបថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤នោះ មេដឹកនាំគណបក្សសង្គ្រោះជាតិ និងក្រុមអង្គការ​សង្គមស៊ីវិលមួយចំនួន ធ្លាប់បានថ្លែងប្រហាក់ប្រហែលគ្នា ថានឹងនាំសំនុំរឿងនេះ ទៅកាន់ស្ថាប័នយុត្តិធម៌​អន្តរជាតិ​នេះ ប្រសិនណាជាយុត្តិធម៌មិនត្រូវបានគេនាំយកមកឲ្យជនរងគ្រោះ ដោយស្ថាប័នយុត្តិធម៌ក្នុង​ស្រុក​ទេនោះ។

ឆ្លើយតបនឹងការគម្រោងទាំងអស់នោះ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ក្នុង​កិច្ចសម្ភាស​ជាមួយអ្នកសារព័ត៌មាន ថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៤ បានប្រៀបការថ្លែងលើកឡើង ជុំវិញពាក្យបណ្ដឹង​ទាំង​នោះ ថាដូចជាប៉ោងប៉ោងមួយប៉ុណ្ណោះ។ លោក ណាំហុង បាននិយាយថា៖ «ធម្មតាប៉េងប៉ោងពេលមានខ្យល់ គឺវាហោះ​ឡើងទៅលើ តែបើវាអស់ខ្យល់ គឺវាធ្លាក់ ហើយកាលណាធ្លាក់មកហើយ គឺមិនដឹងដល់ណាទេ ឬក៏​ធ្លាក់ទៅកន្លែង​ដ៏កខ្វក់ស្មោកគ្រោក ក៏វាអាចធ្លាក់ ក៏ថាបាន។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...