AirAsia៖ បំណែក​ចំនួន​៤​របស់​យន្ដហោះ ត្រូវ​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ

បំណែកចំនួនបួន របស់យន្ដហោះអ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia) ដែល​ស្ថិត​នៅ​បាត​សមុទ្រ ហ្សាវ៉ា (Java) ត្រូវបានរកឃើញ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរឥណ្ឌូនេស៊ី កាលពីថ្ងៃសៅរ៍ទី៣ ខែមករា ដោយបានបន្ថែមថា ក្រុមហ៊ុន អ៊ែរអេសៀ នឹងត្រូវប្រឈមទៅនឹងការត្រួតពិនិត្យមួយ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៣​ មករា ២០១៥
  • កែប្រែចុងក្រោយ: January 04, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់​ពី​យុទ្ធនា​ការ​រុក​រក ប្រើ​ពេល​អស់​៧​ថ្ងៃ​មក​ហើយ​នោះ នៅ​ពេល​នេះ​ក្រុម​អ្នក​ស្វែង​រក​យន្ដហោះ បាន​រក​ឃើញ​បំណែក​របស់​យន្ដហោះ អ៊ែរប៊ូស (Airbus A320-200) ចំនួន​បួន​ផ្នែក​ដ៏​សំខាន់។ បំណែក​ចំនួន​ពីរ ត្រូវ​បាន​រក​ឃើញ​ក្នុង​ថ្ងៃ​សៅរ៍​នេះ ខណៈ​បំណែក​ចំនួន​ពីរ​ទៀត ត្រូវ​បាន​ស្រង់​ឡើង​តាំង​ពី​យប់​ថ្ងៃ​សុក្រ។ នេះ​ជា​ការ​អះអាង​របស់​​លោក ប៊ំបង សេលីស្ទីអូ (Bambang Soelistyo) នាយក​​ទី​ភ្នាក់ងារ​​ជាតិ ខាង​​ការ​​រុក​រក និង​​ជួយ​​សង្គ្រោះ​​របស់​ប្រទេស​​ឥណ្ឌូនេស៊ី។

លោក ប៊ំបង បាន​បដិសេធ​មិន​បញ្ចាក់​ឲ្យ​ច្បាស់​ថា តើ​បំណែក​ទាំង​បួន​នេះ ជា​ផ្នែក​អ្វី​របស់​យន្ដហោះ​ឲ្យ​ប្រាកដ​នោះ​ទេ។ ប៉ុន្តែ​បំណែក​មួយ ត្រូវ​បាន​ប្រភព​​ស្និត​នឹង​ការ​រុក​រក​បង្ហើប​ប្រាប់​ថា ទំនង​ជា​កន្ទុយ​របស់យន្ដហោះ។

យុទ្ធនាការរុករកនៅតែបន្តទៅមុខទៀត ដោយមានការចូលរួមពីច្រើនប្រទេស ដោយប្រើទាំងនាវា និង​យន្ដហោះ។ កាលពីថ្ងៃសៅរ៍នេះ នាវាជប៉ុនពីរគ្រឿង អាមេរិកាំងមួយគ្រឿង និងសាំងហ្គាពួរមួយគ្រឿង បាន​ចូលរួមក្នុងយុទ្ធនាការ ខណៈប្រទេសរ៉ូស្សីបានប្រញាប់ប្រញាល បញ្ជូនយន្ដហោះចំនួនពីរគ្រឿង និងអ្នក​ជំនាញរបស់ខ្លួន ចំនួន៧០នាក់ ក្នុងនោះមាន២២នាក់ ជាអ្នកជំនាញខាងជ្រមុជទឹក ឲ្យមកចូលរួម​ស្វែង​រក​នឹងគេដែរ។

យន្ដហោះ​ដែល​​បាន​​​ភ្ជាប់​​​ជើង​​​ហោះ​​​ហើ​រ​​​លេខ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ បាន​បាត់​ពី​ការ​ត្រួត​ពិនិត្យ​ដែន​អាកាស នៅ​​ម៉ោង​៧​និង​៥៥​នាទី​​ ម៉ោង​ក្នុង​ស្រុក ព្រឹក​ថ្ងៃ​ទី២៨ ខែ​ធ្នូ ជាមួយនឹងមនុស្ស​១៦២នាក់ បន្ទាប់​ពីយន្ដហោះ​បាន​​ងើប​ខ្លួន​ហោះ​ចេញ​ ពីព្រលានយន្ដហោះអន្តរជាតិក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) បាន​រយៈពេល​៤២​នាទី ហោះឆ្ពោះទៅកាន់ប្រទេសសាំងហ្គាពួរ។

បើតាមនាយក​ទី​ភ្នាក់ងារ​ជាតិ ខាង​ការ​រុករក និង​ជួយ​សង្គ្រោះ​ដដែល បានថ្លែងឲ្យដឹងទៀតថា រហូតមក​ដល់​ពេលនេះ មិនទាន់មានសាកសពណាផ្សេង ត្រូវបានស្រង់បានទៀតទេ រាប់តាំងពីថ្ងៃសុក្រមក ដោយមកពី​មូលហេតុរលកធំៗពេក នៅកណ្ដាលសមុទ្រ ដែលរំខានមិនឲ្យអ្នកជ្រមុជទឹកមិនអាចធ្វើការងាររបស់ខ្លួន​បាន។

ដោយឡែកនាយក​ការិយាល័យអាកាសចរណ៍ស៊ីវិល លោក ចូកូ មៀចាតម៉ូចូ (Djoko Murjatmodjo) បាន​បង្ហើបថា ក្រុមហ៊ុនអ៊ែរអេសៀ បានរំលោភលើអាជ្ញាប័ណ្ណហោះហើរ និងពេលវេលាហោះហើរ អនុញ្ញាតិដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី។ លោកអះអាងទៀតថា បញ្ហានេះនឹងតម្រូវ ឲ្យមានការស៊ើបអង្កេតមួយឡើង ប្រឆាំង​ក្រុមហ៊ុន​អាកាសចរណ៍ អ៊ែរអេសៀ។

ទស្សនាវដ្ដីនឹងជម្រាបជូន ពីការលើកឡើងរបស់លោក ចូកូ មៀចាតម៉ូចូ នៅក្នុងអត្ថបទលើកក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...