យន្ដហោះបាត់ខ្លួន៖ ផ្កាយរណបចិនឃើញ វត្ថុថ្មីទៀត លើសមុទ្រឥណ្ឌា
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: March 22, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីប្រព័ន្ធរណបរបស់ប្រទេសអូស្ត្រាលី ឆ្លុះរកឃើញវត្ថុចំនួនពីរ កាលពីពាក់ណ្ដាលសប្ដាហ៍កន្លងមកនោះ នៅ រសៀលថ្ងៃសៅរ៍នេះ ប្រទេសចិនបានចូលខ្លួនមកប្រកាសម្ដងវិញថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន ក៏បានថតឆ្លុះរកឃើញវត្ថុផ្សេងទៀត ដែលអណ្ដែតនៅលើផ្ទៃសមុទ្រ ហើយអាចឲ្យគេសន្និដ្ឋានថា វាជាបំណែកនៃយន្ដហោះប៊ូអីង របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនកាលពីពីរសប្ដាហ៍មុន។
រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។
បាត់យន្ដហោះ - ប្រទេសចិនបានផ្សាយនៅថ្ងៃសៅរ៍ទី២២ ខែមីនានេះថា រូបថតដែលឆ្លុះថតដោយប្រព័ន្ធផ្កាយរណបរបស់ខ្លួន បានបង្ហាញពីវត្ថុទំហំធំមួយ អណ្ដែតនៅលើមហាសមុទ្រឥណ្ឌា ដែលអាចជាបំណែកនៃយន្ដហោះប៊ូអីង បាត់ខ្លួនតាំងពីជាង២សប្ដាហ៍មកហើយ។ ការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម នៃរដ្ឋការចិន បានថ្លែងថា រូបថតនេះ ត្រូវបានថតនៅថ្ងៃទី១៨ ខែមីនា បានបង្ហាញពីវត្ថុមួយ មានបណ្ដោយប្រវែងប្រមាណជា ២២,៥ម៉ែត្រ និងទទឹងប្រមាណជា ១៣ម៉ែត្រ។
អាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី ត្រូវបានជូនដំណឺងរួចហើយ ពីការរកឃើញរបស់ប្រទេសចិន ទាក់ទងនឹងរូបភាពទាំងនេះ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ប្រទេសម៉ាឡេស៊ី លោក ហ៊ីសហាមូឌីន ហ៊ូសេន (Hishammuddin Hussein) បានថ្លែងនៅក្នុងសន្និសីទកាសែត ជាលក្ខណៈប្រចាំថ្ងៃថា «គេនឹងបញ្ជូននាវា ទៅធ្វើការត្រួតពីនិត្យពីបញ្ហានេះ»។
សារព័ត៌មានចិនថ្មី បានផ្សាយនៅក្នុងទំព័រព័ត៌មានរបស់ខ្លួនថា វត្ថុថ្មីដែលបានរកឃើញនេះ ស្ថិតនៅកណ្ដាលលំហមហាសាគរដ៏ល្វឹងល្វើយ ប្រមាណជា១២០គីឡូម៉ែត្រ ពីវត្ថុចំនួនពីរ ដែលត្រូវបានឆ្លុះឃើញដោយប្រព័ន្ធផ្កាយរណបរបស់ប្រទេសអូស្ត្រាលី។
យុទ្ធនាការរុករក មានទាំងនាវានិងយន្ដហោះ ដើម្បីស្វែងរកវត្ថុដែលថតបាន ដោយប្រព័ន្ធផ្កាយរណបទាំងនេះ ត្រូវបានកំណត់ធ្វើនៅលើផ្ទៃក្រឡាសមុទ្រប្រមាណជា ២៦ពាន់ គីឡូម៉ែត្រការ៉េ ស្ថិតនៅចម្ងាយ ២៥០០គីឡូម៉ែត្រ ពីទីក្រុងភើត (Perth) នៃតំបន់ឆ្នេរខាងលិចរបស់កោះអូស្ត្រាលី។ ប៉ុន្តែការរុករកទាំងនេះ រហូតមកទល់នឹងថ្ងៃនេះ នៅមិនទាន់រកឃើញតម្រុយណាមួយ ជាលទ្ធផលនៅឡើយ។
សូមអានអត្ថបទដែលទាក់ទងឡើងវិញ៖
- ផ្កាយរណបអូស្ត្រាលី រកឃើញ«វត្ថុពីរ» ទំនងជារបស់យន្ដហោះបាត់ខ្លួន
- ហេតុអ្វីយន្ដហោះប៊ូអីងបាត់ខ្លួន ហោះទៅធ្លាក់នៅជិតកោះអូស្ត្រាលី?
បន្ទាប់ពីយន្ដហោះបានបាត់ខ្លួនពីប្រព័ន្ធចាប់រលកអាកាស នៅលើផែនដី នៅយប់ថ្ងៃទី៨ ចូលមកយប់ថ្ងៃទី៩ ខែមីនាកន្លង ការស្វែងរកយន្ដហោះនៅតែបន្តធ្វើ ហើយអាជ្ញាធរម៉ាឡេស៊ី បានកំណត់ទិសដៅនៃការរុករក មកត្រឹមតែពីរទិសប៉ុណ្ណោះ៖ ពីប្រទេសថៃ ទៅកាន់តំបន់អាស៊ីកណ្ដាល និងពីប្រទេសឥណ្ឌូនេស៊ី ទៅកាន់មហាសមុទ្រឥណ្ឌា។ អ្នកជំនាញជាច្រើន បានបញ្ជាក់ថាទិសដៅទៅកាន់មហាសមុទ្រឥណ្ឌាទំនងជាត្រឹមត្រូវជាង ព្រោះសម្រាប់ទិសដៅទីមួយនោះវិញ យន្ដហោះប្រាកដជាត្រូវបាន ប្រព័ន្ធចាប់រលកអាកាសរបស់ប្រទេសចិន និងប្រទេសផ្សេងទៀត ចាប់ដំណើររបស់វាបានជាមិនខាន៕
------------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ មីនា ២០១៤