យន្ដហោះ AirAsia ទំនងជាចុះចតលើសមុទ្រសន្សឹមៗ មុនពន្លិចដោយរលកធំ
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០១ មករា ២០១៥
- កែប្រែចុងក្រោយ: January 02, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមានការប៉ះទង្គិច ដូចជាការធ្លាក់បោកខ្លួនទៅលើផ្ទៃទឹកទេ។ តែយន្ដហោះបានលិចដោយសន្សឹមៗ ទៅក្នុងទឹក។ អ្នកបើកបរយន្ដហោះ បានសម្រេចបន្ទាបយន្ដហោះសន្សឹមៗ មកចុះចតនៅលើផ្ទៃសមុទ្រ មុននឹងតួយន្ដហោះចាប់ផ្ដើមលិចចូលទៅក្នុងទឹកយ៉ាងឆាប់រហ័ស ដែលទំនងជាមកពីរលកធំៗ នៃអាកាសធាតុដ៏អាក្រក់។ នេះជាការលើកឡើងរបស់អ្នកជំនាញជាច្រើននាក់ ដែលចូលរួមវិភាគ ក្នុងការរុករកយន្ដហោះ អ៊ែរប៊ូស (AirBus) របស់ក្រុមហ៊ុន អ៊ែអេសៀ ដែលជួបគ្រោះថ្នាក់ធ្លាក់ កាលពីថ្ងៃអាទិត្យទី ២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងមកនេះ។
យន្ដហោះ អ៊ែរប៊ូស (Airbus A320-200) បានហោះងើបខ្លួន ចេញពីព្រលានយន្ដហោះអន្តរជាតិក្រុង ស៊ូរ៉ាបាយ៉ា (Surabaya) ហោះឆ្ពោះទៅកាន់ប្រទេសសាំងហ្គាពួរ។ បន្ទាប់ពីហោះបានរយៈពេល៤២នាទី មកដល់កណ្ដាលសមុទ្រហ្សាវ់ា (Java) យន្ដហោះបានបាត់ខ្លួនពីប្រព័ន្ធរលកសញ្ញា ជាមួយនឹងអ្នកដំណើរ និងអ្នកបម្រើនៅលើយន្ដហោះ ចំនួន ១៦២នាក់។ ខណៈនោះ បុគ្គលិកបម្រើការខាងការត្រួតពិនិត្យផ្លូវអាកាស មិនបានទទួលការផ្ដល់សញ្ញាពីការសុំជួយសង្គ្រោះ ឬសញ្ញាបង្ហាញពីការលិចយន្ដហោះ ទៅក្នុងសមុទ្រដែរ។ ដោយសារតែហេតុនេះហើយ ទើបអ្នកជំនាញជាច្រើន បានសន្និដ្ឋានថា មេបញ្ជាការបើកបរយន្ដហោះ ដែលមានបទពិសោធន៍ខ្ពស់ លោក អ៊ីរីយ៉ានតូ (Iriyanto) ទំនងជាបានចុះចតជាបន្ទាន់ដោយជោគជ័យ នៅលើផ្ទៃសមុទ្រសន្សឹមៗ ដោយគ្មានប៉ះទង្គិចអ្វីធំដុំ។
លោក ឌូឌី ស៊ូឌីប៊ីយ៉ូ (Dudi Sudibyo) និពន្ធនាយកឲ្យទស្សនាវដ្ដីម៉ាឡេស៊ីមួយ បានថ្លែងឡើងថា៖ «ប្រដាប់បញ្ជូនសញ្ញា ដើម្បីកំណត់ពីកន្លែងយន្ដហោះធ្លាក់ ត្រូវតែដំណើរការឲ្យដំណឹងភ្លាម នៅពេលដែលមានការប៉ះទង្គិចខ្លាំងមួយ ទោះជាការប៉ះទង្គិចនោះនៅលើដី នៅលើទឹក ឬនៅលើភ្នំក៏ដោយ។ បើតាមការវិភាគរបស់ខ្ញុំ ប្រសិនជាប្រដាប់នេះ មិនបានដំណើរការទេ បានន័យថា យន្ដហោះបានចុះចត សឹងតែមានលក្ខណៈជាធម្មតា។»
សេចក្ដីសន្និដ្ឋានខាងលើ មានលក្ខណៈប្រហាក់ប្រហែលនឹងស្ថានភាព ដែលក្រុមអ្នករុករុកបានឃើញផ្ទាល់ភ្នែក នៅនឹងកន្លែងដែលពួកគេរកឃើញស្លាកស្នាមជាច្រើន។ ក្នុងនោះមានស្រមោល ទៅក្នុងជម្រៅសមុទ្រ ដែលដូចជាតួយន្ដហោះទាំងមូល នៅមានសភាពល្អស្អាតទាំងអស់។ វត្ថុដែលអណ្ដែតនៅលើផ្ទៃទឹកជាច្រើន ដូចជាទ្វាយន្ដហោះដែលត្រូវបានបើកជាបន្ទាន់ និងពោងសម្រាប់ជិះនៅលើទឹក ដែលប្រើសម្រាប់ជម្លៀសមនុស្សចេញពីយន្ដហោះជាដើម សុទ្ធតែធ្វើឲ្យគេយល់ថា ប្រតិបត្តិការជម្លៀសមនុស្សចេញពីយន្ដហោះ ទំនងជាបានចាប់ផ្ដើមធ្វើហើយ នៅពេលយន្ដហោះចុះចតនៅលើផ្ទៃសមុទ្រភ្លាម។
អតីតរដ្ឋមន្ត្រីគមនាគមន៍ឥណ្ឌូនេស៊ី លោក ជូស្មាន់ ស៊ីយ៉ាហ្វី ដ្យាម៉ាល (Jusman Syafii Djamal) បានថ្លែងឡើងថា ការរកឃើញទ្វាយន្ដហោះមួយនេះ បានន័យថានរណាម្នាក់ បានបើកទ្វានេះចេញហើយ។ បើតាមលោកអតីតមន្ត្រីរូបនេះ អ្នកដំណើរទាំងអស់ ទំនងជាបានរងចាំ ពោងសម្រាប់ជិះលើទឹកត្រូវបានបំប៉ោងរួចសិន ប៉ុន្តែរលកធំៗកណ្ដាលសមុទ្រ ទំនងជាបានវាយពន្លិចតួយន្ដហោះបានមុន។
យ៉ាងណាក៏ដោយ ក៏មូលហេតុនៃការធ្លាក់យន្ដហោះ និងដំណើរបន្តបន្ទាប់មក អាចត្រូវបានបំភ្លឺ លុះត្រាណាតែប្រអប់ខ្មៅរបស់យន្ដហោះ ត្រូវបានរកឃើញ និងយកមកវិភាគពិច័យសិន។ ជាពិសេសគេនឹងអាចដឹងថា ហេតុអ្វីប្រដាប់បញ្ជូនសញ្ញា មិនដំណើរការ ហើយថាតើអ្នកបើកបរយន្ដហោះ ទាំងពីរនាក់បាននិយាយគ្នាពីអ្វីខ្លះ និងជាពិសេសដំណើរការនានា នៅក្នុងដំណាក់កាលចុងក្រោយ៕