MH17៖ «កាំជ្រួចរ៉ូស្សី» ជាមូលហេតុដែលធ្វើឲ្យយន្ដហោះធ្លាក់
- ដោយ: សេក មនោរកុមារ ([email protected]) - បារីស ថ្ងៃទី១៣ តុលា ២០១៥
- កែប្រែចុងក្រោយ: October 14, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
យ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការស៊ើបអង្កេតនេះ មិនបាននិយាយដល់ ពីការដាក់មន្ទិលសង្ស័យ ទៅលើក្រុមណាមួយនោះ នៅឡើយដែរ។ ប៉ុន្តែអ្នកស៊ើបអង្កេត បានថ្លែងថា រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន) គួរតែបិទផ្លូវហោះហើរ នៅពីលើតំបន់នោះ មិនឲ្យមានចរាចរណ៍យន្ដហោះ អាចឆ្លងកាត់បាន។
យន្ដហោះប៊ូអីង (Boeing) របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ (Malaysia Airlines) ដែលភ្ជាប់ជើងហោះហើរ (MH17) ពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ ឆ្ពោះទៅរដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានបាញ់កំទេច នៅពេលកំពុងហោះហើរ ពីលើតំបន់ប្រទាញប្រទង់ និងពោរពេញដោយសង្គ្រាម រវាងកងទ័ពអ៊ុយក្រែន និងពួកនិយមបំបែកទឹកដី នៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន។ បំណែកយន្ដហោះ បានធ្លាក់នៅក្នុងតំបន់ ដែលកាន់កាប់ដោយក្រុមអ្នកបំបែកខ្លួន និងគ្មានអ្នកដំណើរណាម្នាក់ នៅរួចរស់ជីវិតនោះទេ។
កាំជ្រួច ដែលបានកំទេចយន្ដហោះស៊ីវិល ដឹកអ្នកដំណើរចំនួន២៩៨នាក់ (ភាគច្រើន ជាជនជាតិហូឡង់) នៅក្នុងអាកាសនេះ ជាកាំជ្រួចប្រដេញធុន «Buk» បាញ់ចេញពីដី និងផលិតនៅប្រទេសរ៉ូស្សី។ នេះបើតាមរបាយការណ៍ស៊ើបអង្កេត របស់ការិយាល័យ សុវត្ថិភាពផ្លូវអាកាស របស់ប្រទេសហូឡង់ ដែលបានចេញផ្សាយ ជាផ្លូវការ នៅរសៀលថ្ងៃអង្គារម្សិលម៉ិញ។ នាយកការិយាល័យស៊ើបអង្កេត លោក «Tjibbe Joustra» បានប្រកាស នៅក្នុងសន្និសីទសារព័ត៌មានថា៖ «យន្ដហោះ MH17 បានធ្លាក់ ដោយសារការផ្ទុះកាំជ្រួចមួយ នៅខាងក្រៅយន្ដហោះ ជាប់ខាងឆ្វេង នឹងបន្ទប់របស់អ្នកបើកបរ»។
អ្នកណា ជាអ្នកបាញ់កាំជ្រួចនេះ?
អ្នកស៊ើបអង្កេត បានកំណត់ទីកន្លែង ដែលកាំជ្រួចត្រូវបានបាញ់ចេញ នូវផ្ទៃដីប្រមាណជា ៣២០គីឡូម៉ែត្រក្រឡា។ ប៉ុន្តែមិនបានអះអាងថា តើកងទ័ពអ៊ុយក្រែន ឬក្រុមអ្នកនិយមបំបែកទឹកដី ជាអ្នកបាញ់កាំជ្រួចនេះឡើយ ខណៈបំណែកទឹកដីនៅតំបន់នោះ ស្ថិតក្រោមការគ្រប់គ្រង របស់ភាគីទាំងសងខាង។ ដោយឡែក សារព័ត៌មាន «Volkskrant» នៅក្នុងប្រទេសហូឡង់ បានស្រង់ប្រភពមួយ ស្និតនឹងការស៊ើបអង្កេត មកបង្ហើបថា កាំជ្រួចត្រូវបានបាញ់ចេញ ពីតំបន់ដែលគ្រប់គ្រងដោយ ពួកនិយមបំបែកទឹកដី។
» របាយការណ៍ជាវីដេអូ (ដ៏ពេញលេញ) ដែលផលិតដោយក្រុមអ្នកស៊ើបអង្កេត៖
នាយករដ្ឋមន្ត្រីហូឡង់ លោក «Mark Rutte» បានប្រកាសនៅពេលបន្ទាប់មកដែរថា អាទិភាពនៅពេលនេះ គឺត្រូវរកឲ្យឃើញអ្នកប្រព្រឹត្តិ នៅក្នុងការស៊ើបអង្កេតព្រហ្មទណ្ឌមួយទៀត ដែលចាត់ចែង ដោយប្រទេសហូឡង់ដូចគ្នា។ លោក «Mark Rutte» បានថ្លែងថា៖ «គេត្រូវមានការប្រយ័ត្នប្រយែង ជាទីបំផុត។ ខ្ញុំយល់ពីមនុស្សមួយចំនួន ដែលចង់ឃើញសេចក្ដីសន្និដ្ឋាន ឲ្យបានឆាប់បំផុត (...) ប៉ុន្តែផ្លូវដើរ ឆ្ពោះទៅកាន់យុត្តិធម៌ បានបង្កភាពស្មុគ្រស្មាញជាច្រើន រួចទៅហើយ។ អញ្ចឹង យើងត្រូវជៀសវាង កុំឲ្យរឿងកាន់តែស្មុគ្រស្មាញបន្ថែមទៀត។»
លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមថា របាយការណ៍មួយទៀត ទាក់ទងនឹងករណីព្រហ្មទណ្ឌដ៏សំខាន់ កំពុងមានដំណើរការទៅមុខ ហើយលោកបានអំពាវនាវឲ្យប្រទេសរ៉ូស្សី ធ្វើការសហការក្នុងរឿងនេះ ឲ្យបានពេញលេញបំផុត។
រ៉ូស្សីច្រានចោល ការស៊ើបអង្កេត...
ចំណែកឯរដ្ឋាភិបាលក្រុងម៉ូស្គូវិញ បានច្រានចោល នូវការលើកឡើង ពីការប្រើប្រាស់កាំជ្រួចធុន «BUK»នេះ នៅមុនរបាយការណ៍ស៊ើបអង្កេត ត្រូវបានផ្សាយជាផ្លូវការ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរ៉ូស្សី លោក «Sergueï Riabkov» បានបរិហាពីរបាយការណ៍នេះ ថាមានចរឹត«បង្វិល»ខុសពីការពិត ដើម្បីទិសដៅ«នយោបាយ»។
រដ្ឋាភិបាលក្រុងគៀវ និងក្រុងម៉ូស្គូ បានចោទគ្នាទៅវិញទៅមក ទាក់ទងនឹងការទទួលខុសត្រូវ នៃការបាញ់ទម្លាក់យន្ដហោះស៊ីវិល ដែលកំពុងហោះហើរ នៅលើអាកាសមួយនេះ។ រដ្ឋាភិបាលអ៊ុយក្រែន បានទម្លាក់កំហុស ទៅក្រុមនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ូស្សី ខណៈរដ្ឋាភិបាលរ៉ូស្សី បានចង្អុលទៅកងទ័ពអ៊ុយក្រែន ថាជាអ្នកធ្វើរឿងនេះ។ កាលពីថ្មីៗកន្លងមក នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក «Arseni Iatseniouk» បានបរិហាក្រុមចារកម្ម របស់ប្រទេសរ៉ូស្សី ថាបានស្ថិតនៅពីក្រោយ ការបាញ់ទម្លាក់យន្ដហោះនេះ នោះផងទៀត។ លោកនាយករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា៖ «ខ្ញុំគ្មានការសង្ស័យទេ ពីករណីដែលថា វាជាយុទ្ធនាការ ដែលមានការរៀបចំទុកជាមុនមួយ ពីសំណាក់ក្រុមចារកម្មរ៉ូស្ស៊ី ដើម្បីបាញ់ទម្លាក់យន្ដហោះ»៕