ចោរចាប់ពង្រត់យន្ដហោះ «Egypt Air» មានរោគ«ចិត្ត»?
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី២៩ មីនា ២០១៦
- កែប្រែចុងក្រោយ: March 30, 2016
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជន ដែលចាប់ពង្រត់យន្ដហោះ ចេញពីទិសដៅដើម (ដែលឆ្ពោះទៅកាន់រដ្ឋធានី គែរ ប្រទេសអេហ្សីប) តែបែរជាទៅឈប់ នៅក្នុងព្រលានយន្ដហោះ ក្រុង «EgyptAir» របស់ប្រទេស ឈីព្រ (Chypre) នោះ ត្រូវបានចាប់ខ្លួនទាំងស្រុង។ តាមរូបភាពជាច្រើន ដែលត្រូវបានថតដោយអ្នកសារព័ត៌មាន នៅនឹងកន្លែង បានបង្ហាញថា ជនចាប់ពង្រត់យន្ដហោះរូបនោះ បានដើរចេញពីយន្ដហោះ និងចុះតាមជណ្ដើរ មុននឹងលើកដៃទាំងពីរឡើង ដើម្បីប្រគល់ខ្លួនឲ្យអាជ្ញាធរ។
នគរបាលពីរនាក់ បានបញ្ជាឲ្យជនចាប់ពង្រត់យន្ដហោះរូបនេះ ក្រាបផ្ទាល់ទៅលើដី ហើយបានធ្វើការឆែកឆេរ ដោយខ្លាចជននេះ មានអាវុធ ឬសម្ភារៈជាតិផ្ទុះ នៅជាប់នឹងខ្លួន។
អ្នកដំណើរទាំងអស់ និងសមាជិកបម្រើការ ដែលមានវត្តមាននៅក្នុងយន្ដហោះ ត្រូវបានសង្គ្រោះ និងជម្លៀសចេញ ដោយសុខសុវត្ថភាព។ រដ្ឋមន្ត្រីដឹកជញ្ជូនខាងផ្លូវអាកាស របស់ប្រទេសអេហ្សីព ក៏បានអះអាងដែរថា គ្មាននរណាម្នាក់ ទទួលរងនូវគ្រោះថ្នាក់អ្វីឡើយ នៅក្នុងព្រឹត្តិការណ៍នេះ។
ចោរចាប់ពង្រត់យន្ដហោះ ជាតិអេហ្សីប...
បើតាមការអះអាង របស់មន្ត្រីរដ្ឋាភិបាល របស់ប្រទស ឈីព្រ បានបញ្ជាក់ថា ជនចាប់ពង្រត់យន្ដហោះ មានសញ្ជាតិអេហ្សីព។ នៅវេលាព្រឹកថ្ងៃអង្គារ ជននេះ បានចាប់ពង្រត់យន្ដហោះ ប្រភេទអ៊ែរប៊ូស (Airbus A-320) របស់ក្រុមហ៊ុនអាកាសចរណ៍ «EgyptAir» ដែលត្រូវហោះចេញ ពីក្រុង «Alexandrie (ភាគខាងជើង នៃប្រទេសអេហ្សីព)» ទៅកាន់រដ្ឋធានី គែរ ជាមួយអ្នកដំណើរ៥៥នាក់។ យន្ដហោះ បានហោះខុសពីផ្លូវដើម ដោយហោះតម្រង់ទៅកាន់ កោះ ឈីព្រ មុននឹងឈប់នៅព្រលានយន្ដហោះ ក្រុង «Larnaca» ដែលស្ថិតក្នុងភាពខាងកើត នៃប្រទេសនេះ។
មូលហេតុអ្វី បានជាចាប់ពង្រត់យន្ដហោះ?
បុរសវ័យចំណាស់ម្នាក់នេះ ដែលគេស្គាល់ឈ្មោះ «Seif Eldin Mustafa» បានគម្រាមចាប់ពង្រត់យន្ដហោះ ដោយអះអាងថា ខ្លួនមានខ្សែក្រវ៉ាត់គ្រាប់បែក ចង់ជាប់ទៅនឹងខ្លួន ហើយថា ខ្លួនអាចនឹងទាញគន្លឹះ ឲ្យផ្ទុះពេលណាក៏បាន។ តែនៅទីបំផុតទៅ គ្មានអាវុធ ជាតិផ្ទុះណាមួយ ត្រូវបានរកឃើញ នៅលើយន្ដហោះ ឬនៅជាប់នឹងខ្លួន របស់ជនចាប់ពង្រត់យន្ដហោះនេះឡើយ។ យ៉ាងណាក៏ដោយ អាជ្ញាធររបស់ប្រទេស ឈីព្រ បានអះអាងថា ទង្វើរបស់បុរសម្នាក់នេះ មិនជាប់ទាក់ទង នឹងអំពើភេរវនិយមណាមួយទេ។
» បុរសវ័យចំណាស់ (ឆ្វេង) ដែលបានបំពាក់ ខ្សែក្រវ៉ាត់គ្រាប់បែកក្លែងក្លាយ បានថតរូប«កំសាន្ដ» ជាមួយចំណាប់ខ្មាំងម្នាក់៖
នៅក្នុងអំឡុងពេលនៃការចាប់ពង្រត់ខាងលើ បុរសដ៏ចម្លែក បានទាមទារឲ្យអាជ្ញាធរ ដោះលែងភរិយារបស់ខ្លួន ដែលកំពុងជាប់ពន្ធនាគារ ក្នុងប្រទេសអេហ្សីព និងក្រោយមក ទាមទារសុំគ្រាន់តែជួបនិយាយ ជាមួយភរិយានេះប៉ុណ្ណោះ។ ចំណាប់ខ្មាំង ដែលសុទ្ធសឹងជាអ្នកដំណើរ ទាំង៥៥នាក់ និងអ្នកបម្រើការ នៅលើយន្ដហោះ សឹងតែទាំងអស់ ត្រូវបានជននេះដោះលែង ឲ្យមានសេរីភាពជាបន្តបន្ទាប់ ដោយបានទុក តែចំណាប់ខ្មាំង ៧នាក់ចុងក្រោយ ឲ្យនៅជាមួយខ្លួន។ តែនៅមុនប្រគល់ខ្លួនឲ្យអាជ្ញាធរ ជនចាប់ពង្រត់យន្ដហោះ ក៏បានដោះលែងចំណាប់ខ្មាំង ទាំង៧នាក់នេះទាំងអស់ដែរ។
នៅក្នុងការស៊ើបអង្កេតដំបូង របស់អាជ្ញាធរនៃប្រទេស ឈីព្រ បានជឿជាក់ថា ជនចាប់ពង្រត់យន្ដហោះខាងលើ ទំនងជាមានបញ្ហាខាងផ្លូវចិត្ត ឬមានសតិមិនគ្រប់៕
» អាជ្ញាធរអេហ្សីបការពារព្រលានយន្ដហោះខ្លួន ពីការរិះគន់ ដែលលើកឡើងពីភាពខ្វះចន្លោះផ្នែកសុវត្ថិភាព៖