កូរ៉េខាងជើងបាញ់កាំជ្រួចរយៈខ្លីមួយទៀត រំលងលើសមុទ្រជប៉ុន
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មីនា ២០១៦
- កែប្រែចុងក្រោយ: March 29, 2016
- ប្រធានបទ: វិបត្តិកូរ៉េ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសកូរ៉េខាងជើង បានបាញ់សារជាថ្មី នូវកាំជ្រួចមួយគ្រាប់ទៀត កាលពីព្រឹកថ្ងៃអង្គារនេះ។ កាំជ្រួច ដែលទំនងជាប្រភេទកាំជ្រួចរយៈខ្លីនេះ បានផ្ទុះ នៅក្នុងលំហរសមុទ្រខាងកើត របស់ឧបទ្វីបកូរ៉េ ឬហៅថា សមុទ្រជប៉ុន។ នេះបើតាមការអះអាង របស់កងទ័ពរបស់ប្រទេសកូរ៉េខាងត្បូង នៅរសៀលថ្ងៃអង្គារដដែល។ ការបង្ហាញសាច់ដុំម្ដងទៀតនេះ បានធ្វើឡើង នៅក្នុងពេលដែលភាពតានតឹង នៅក្នុងតំបន់ បានកើនឡើងដល់កំពូល។
អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង បានអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា៖ «គ្រាប់បាញ់ផ្លោង ដែលជាកាំជ្រួចរយៈខ្លី ត្រូវបានបាញ់ចេញ នៅម៉ោង ៥និង៤០នាទី ព្រឹក នៅក្បែរក្រុង វុនសាន ភាគខាងកើត នៃទឹកដីកូរ៉េខាងជើង។ កាំជ្រួចត្រូវបានបាញ់ សម្រាប់ចំងាយ ២០០គីឡូម៉ែត្រ។ (...) យើងបានតាមដានស្ថានការណ៍ យ៉ាងដិតដល់ ហើយយើងបានត្រៀមខ្លួនគ្រប់ពេល ដើម្បីប្រឈមនឹងព្រឹត្តិការណ៍ ជាយថាហេតុណាមួយ។»
ការសាកល្បងនុយក្លេអ៊ែរលើកទីបួន...
កម្ដៅនៅលើឧបទ្វីបកូរ៉េ មិនបានចុះថមថយទេ រាប់ចាប់តាំងពីការសាកល្បងគ្រាប់បែក នុយក្លេអ៊ែរ លើកទីបួន របស់ប្រទេសកុម្មុយនីស កូរ៉េខាងជើង នៅដើមខែមករានោះមក។ បន្ថែមពីលើ ការសាកល្បងអាវុធនុយក្លេអ៊ែរខាងលើ របបក្រុងព្យុងយ៉ាង បានបាញ់កាំជ្រួចមួយទៀត កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងមកនេះ។ កាំជ្រួចថ្មីនេះ ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍ ចាត់ទុកថា នោះជាកាំជ្រួចរយៈឆ្ងាយ បំពាក់ដោយគ្រាប់បែក។
សកម្មភាពទាំងនេះ បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ធ្វើការឆ្លើយតប កាលពីដើមខែមីនា កន្លងមក ដោយបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ បន្ថែមពីលើទណ្ឌកម្ម ដែលធ្លាប់ដាក់ពីមុន ទៅលើរបបកុម្មុយនីសក្រុងព្យុងយ៉ាង។
សមយុទ្ធរួម...
ភាពតានតឹង បានកើនឡើងដល់កំពូល ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេស នៅក្រោយពេល ដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរ កូរ៉េខាងត្បូង និងអាមេរិក បានធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាមួយ នៅពាក់កណ្ដាលខែមីនា។នៅចំពោះសមយុទ្ធរួមគ្នានេះ របបក្រុងព្យុងយ៉ាង តែងធ្វើការឆ្លើយតប ដោយការបាញ់កាំជ្រួចជាច្រើនដង និងថែមទាំងគម្រាម ពីការប្រើប្រាស់ការវាយប្រហារ ដោយគ្រាប់បែកនុយក្លេអ៊ែរនោះផង។
ដូចជាកាលពីថ្ងៃទី២១ ខែមីនាកន្លងមក ក្រុងព្យុងយ៉ាង បានធ្វើការបាញ់កាំជ្រួចរយៈខ្លី ចំនួនប្រាំគ្រាប់ រំលងពីលើសមុទ្រជប៉ុន។ នៅមុននេះបីថ្ងៃ គឺនៅថ្ងៃទី១៨ ខែមីនា របបកុម្មុយនីស បានបាញ់កាំជ្រួចរយៈមធ្យម ដែលមានបំពាក់ដោយគ្រាប់បែក ចំនួនពីរគ្រាប់ផ្សេងទៀត។ សកម្មភាពទាំងនេះ ត្រូវបានចាត់ទុកថា ជាការបង្ករឿង និងបានធ្វើឲ្យសន្តិសុខតំបន់ កាន់តែធ្លាក់ចុះដុនដាបឡើង ជាពិសេសនៅពេលដែលគេដឹងថា កាំជ្រួចទាំងនោះ សុទ្ធតែអាចបាញ់ដល់ប្រទេសជប៉ុន៕