ឡាក់ សុភាព៖ កឹម សុខា ថា សម រង្ស៊ី ទទួល​លុយ​៤០​លាន បាន​២០​លាន (vdo)

តើមានអ្វី នៅពីក្រោយពាក្យសម្ដីរបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ? ពាក្យសម្ដី​ដែល​បង្ក​ចំងល់​នោះ​ត្រូវ​បាន​អ្នកស្រី ឡាក់ សុភាព ថ្លែងប្រាប់អ្នកសារព័ត៌មាន ថាធ្លាយចេញពីមាត់លោក កឹម សុខា ទាក់ទង​នឹង​ការ​ទទួល​លុយ ៤០លាន បាន២០លាន។
អ្នកស្រី ឡាក់ សុភាព។ (រូបថត monoROOM.info/ S. Tith)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៣១ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: January 02, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក កឹម សុខា បាន​ថ្លែង​នៅ​ក្នុង​អង្គ​ប្រជុំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា លោក សម រង្ស៊ី ទទួល​ប្រាក់​៤០​លាន​ដុល្លារ បាន​២០​លាន នៅ​២០​លាន​ទៀត។ នេះ​ជា​ការ​ថ្លែង​របស់​អ្នកស្រី ឡាក់ សុភាព ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន នៅ​ពេល​ដែល​អ្នកស្រី​បាន​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម នៅ​មុខ​ទី​ស្នាក់​ការ​កណ្ដាល របស់​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ​២០១៥។

អ្នកស្រី​បាន​បន្ត​អះ​អាង ទាំង​គ្មាន​ភស្ដុតាង​«រឹង» មក​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​អង្គ​ប្រជុំ​គណកម្មការ​នាយក ដែល​មាន​សមាជិក​ប្រមាណ​ជា​២​ភាគ​៣ លោក​ កឹម សុខា បាន​ឆ្លើយ​ទម្លាក់​បញ្ហា​លុយ​នេះ មក​លើ​អ្នកស្រី និង​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស។ អ្នកស្រី​និយាយ​ថា៖ «ខ្ញុំ ឡាក់ សុភាព បាន​ប្រាប់​ព័ត៌មាន​ទៅ​គាត់ (កឹម សុខា) ថា​លោក​ប្រធាន សម រង្ស៊ី ណ្នឹង​យក​លុយ​ពី​ណា​ទេ ៤០លាន បាន​២០លាន ហើយ​ខ្ញុំ​អត់​ដឹង​អ្វី​ទាល់​តែ​សោះ»។

បើតាមសំដីនេះ ទឹកប្រាក់ទាំង៤០លាន បាន២០លាននេះ គ្រាន់តែជាការលើកឡើងរបស់លោក កឹម សុខា អនុប្រធានគណបក្សប៉ុណ្ណោះ ប៉ុន្តែបានបង្កឲ្យមានចំងល់ជាថ្មីទៀត ថាតើនេះជាពាក្យសម្ដីពិតរបស់លោក កឹម សុខា មែនឬ? ហើយថាតើមានអ្វីជាអាថ៌កំបាំង នៅពីក្រោយពាក្យសម្ដីនេះ?

ចំពោះលោក សម រង្ស៊ី វិញ មិនត្រូវបានលោកស្រីវាយប្រហារ ដោយផ្ទាល់នោះទេ។ អ្នកស្រីនិយាយថា៖ «ហើយ​នៅពេលណ្នឹង លោកប្រធាន សម រង្ស៊ី គាត់អង្គុយញញឹម ហើយខ្ញុំក៏ក្រឡេកទៅលោក ខ្ញុំក៏ញញឹមទៅ​រកគាត់វិញ»។ ប៉ុន្តែអ្នកស្រីបានលើក យកសំដីរបស់អ្នកបើកឡានឲ្យលោក សម រង្ស៊ី មកនិយាយថា គឺក្រុម​អ្នកចរចា ជាអ្នកយកលុយទាំងនោះ។ អ្នកស្រីបានបញ្ជាក់ថា ជាក្រុមចរចានៅមុខថ្ងៃវិលត្រឡប់ របស់លោក សម រង្ស៊ី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ ពោលគឹនៅមុនជំនួបកំពូល ថ្ងៃទី២២ ខែកក្កដា ឆ្នា២០១៤ ដែល​ឈានទៅល់កិច្ចព្រមព្រៀងនយោបាយ បញ្ចប់ជម្លោះដ៏សំខាន់ រវាងមេដឹកនាំធំៗ នៃគណបក្សប្រជាជនកម្ពុជា និគណបក្សសង្គ្រោះជាតិ។

ភ្លាមៗនេះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីមន្ត្រីទទួលការខុសត្រូវរបស់គណបក្ស​សង្គ្រោះជាតិបានទេ។ ទស្សនាវដ្ដីនឹងព្យាយាមសុំការបកស្រាយ ដើម្បីយកមកចុះផ្សាយ នៅក្នុងអត្ថបទលើក​ក្រោយរបស់ខ្លួន។

សូមបញ្ជាក់ដែរថា ការធ្វើបាតុកម្មរបស់អ្នកស្រី ឡាក់ សុភាព ក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ មានគោល​បំណង​ប្រឆាំងការសម្រេចចិត្ត របស់គណបក្សសង្គ្រោះជាតិ ជុំវិញការបណ្ដេញអ្នកស្រីចេញពីគណបក្ស។ ប៉ុន្តែ​បាតុកម្មនេះ មិនទំនងជាមិនទទួលបានលទ្ធផល ទៅតាមអ្វីដូចការគ្រោងទុកនោះទេ ដោយសារមានការរំខាន ពីក្រុមសកម្មជនស្និតនឹងគណបក្សសង្គ្រោះជាតិ ដែលដូចជាមានកម្លាំងខ្លាំងជាបាតុកររបស់អ្នកស្រី  ក្នុងនោះ​ក៏មានក្រុមអ្នកតាមទារប្រាក់ ដែលពួកគេចោទថា អ្នកស្រី ឡាក់ សុភាព បានជំពាក់នោះទៀតផង។

ប៉ុន្តែបាតុកម្មមិនមែនជាវត្ថុបំណងតែមួយ នៃបរាជ័យរបស់ការគ្រោងទុករបស់អ្នកស្រីនោះ ដោយសារតែ​នៅ​ចំពោះអ្នកសារព័ត៌មានច្រើននាក់ អ្នកស្រី ឡាក់ សុភាព បានខកខានមិនបានបង្ហាញនូវភស្ដុតាងជាច្រើន តប​ទៅនឹងសំនួររបស់អ្នកសារព័ត៌មាន។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកស្រីបានបកអាក្រាតនូវបញ្ហាមួយចំនួនទៀត ដែលកើតមានឡើង នៅក្នុងអង្គប្រជុំគណកម្មការនាយក និងជាពិសេសនៅក្នុងអង្គប្រជុំ គណៈកម្មការវិន័យ​របស់គណបក្ស នៅពេលដែលអ្នកស្រីបានចូលខ្លួនទៅបំភ្លឺ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ថ្មីៗនេះ។

គណកម្មការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កោះ​អញ្ជើញ​អ្នកស្រី ឡាក់ សុភាព ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំ​វិញ​ព័ត៌មានពុករលួយ និងការដឹកនាំតាមបែបតឹកឡឹក ពពាក់ពពូនរបស់គណបក្សសង្គ្រោះជាតិ ដែល​អ្នកស្រី​បានថ្លែង នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខមួយ ជាមួយនឹងទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ក្រោយពីអ្នកស្រីបានទៅចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមួយ ជាមួយបណ្ដាញសង្គមខ្មែរជួយខ្មែរ របស់​លោក កែម ឡី៕

សូមទស្សនាសន្និសីទការសែត របស់អ្នកស្រី ឡាក់ សុភាព ទាំងស្រុង ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...