បារាំង​មិន​ទទួល​យក​ការបោះឆ្នោត​មួយ ដែល​គ្មាន​ប្រជាធិបតេយ្យ

សាធារណរដ្ឋបារាំង តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍មួយ សំដែងការសោកស្ដាយ ចំពោះដំណើរការនៃបោះឆ្នោតជាតិ កាលពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលគ្មានវត្តមានចូលរួម របស់គណបក្សប្រឆាំងដ៏សំខាន់។ បារាំងទទូចទាមទារ ឲ្យអាជ្ញាធរកម្ពុជា ត្រូវគោរពសិទ្ធិពលរដ្ឋជាមូលដ្ឋាន ដើម្បីធានាឲ្យមានដំណើរការប្រជាធិបតេយ្យមួយ ដែលអាចទទួលយកបាន។
បារាំង​មិន​ទទួល​យក​ការបោះឆ្នោត​មួយ ដែល​គ្មាន​ប្រជាធិបតេយ្យ
ពីឆ្វេងទៅស្ដាំ៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោក ហ្សង់ អ៊ីវ ឡឺឌ្រីយ៉ង់ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអ៊ឺរ៉ុប និងការបរទេស បារាំង។ (រូបថតក្រសួងការបរទេសបារាំង)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 31, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្មរបស់ប្រទេសមហាអំណាច បានធ្លាក់ចុះជាបន្តបន្ទាប់។ រួមជាមួយសហរដ្ឋអាមេរិក ដែលប្រកាសថ្កោលទោស ការបោះឆ្នោតជាតិ ក្នុងប្រទេស​កម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ សាធារណរដ្ឋបារាំង ក៏បានចេញមកប្រកាស មិនទទួលយកដំណើរការបោះឆ្នោតមួយ ដែលគ្មានគណបក្សប្រឆាំងដ៏សំខាន់ ចូលរួមដូច្នេះដែរ។

បើតាមតួលេខផ្លូវការ ដែលផ្ដល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញថា ចំនួនអ្នកចេញទៅបោះឆ្នោត មានចំនួនដល់ទៅជាង ៨២% ខណៈតួលេខនេះ ត្រូវបានច្រានចោល ដោយគណបក្សប្រឆាំង។ នៅក្នុងលទ្ធផលបឋម ដែលផ្ដល់ដោយស្ថាប័ននេះដដែល បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បានទទួលជ័យជំនះ សឹងតែ១០០% និងទទួលបានអសនៈសភា សឹងតែទាំងស្រុង នៅក្នុងការបោះឆ្នោតនេះ។

សម្រាប់ប្រទេសបារាំង ការបោះឆ្នោតខាងលើ ជាដំណើរការនៃលទ្ធិប្រជាធិបតេយ្យមួយ ដែលមិនអាចទទួលយកបាន។ សេចក្ដីថ្លែងការណ៍​មួយ របស់ក្រសួងការបរទេសបារាំង បានសរសេរថា ប្រទេសបារាំងសោកស្ដាយ ចំពោះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រកម្ពុជា ដែលបានប្រព្រឹត្តិទៅ ដោយគ្មានវត្តមានចូលរួម របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំទៅមិញ ខណៈលោក កឹម សុខា ប្រធានគណបក្សនេះ ត្រូវបានចាប់ឃុំខ្លួន តាំងពីថ្ងៃទី៣ ខែកញ្ញាកន្លងទៅ។

ក្រសួងការបរទេសបារាំង ឬ «Quai d'Orsay» បានបញ្ជាក់ថា ការបោះឆ្នោតនេះ ត្រូវបានគ្រោងធ្វើ នៅក្នុងបរិយាកាសមួយ ដែលមិនអនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមសង្គមស៊ីវិល ធ្វើការដោយគ្មានការរំខាន។ ប្រទេសបារាំងបានអំពាវនាវជាថ្មី «ឲ្យដោះលែងលោក កឹម សុខា និងលើកលែងការហាមឃាត់ មន្ត្រីគណបក្សប្រឆាំងទាំង១១៨រូប ដែលកំហិតពួកគេ មិនឲ្យប្រឡូកក្នុងឆាកនយោបាយ ចំនួន៥ឆ្នាំ»។

ដោយប្រើភាសាការទូត សាធារណរដ្ឋ​បារាំង​ដែលជាប្រទេស​​សហប្រធាន នៃកិច្ចព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស ឆ្នាំ១៩៩១ បានសរសេរបន្ត តាមរយៈសេចក្ដីថ្លែងការណ៍នោះថា៖ «យើងទទូចទាមទារឲ្យអាជ្ញាធរកម្ពុជា ចាំបាច់ត្រូវគោរពសិទ្ធិពលរដ្ឋ ជាមូលដ្ឋានគ្រឹះទាំងឡាយ ដែលអនុញ្ញាតឲ្យធានាបាន នូវដំណើរការប្រជាធិបតេយ្យមួយ ដែលអាចទទួលយកបាន»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...