EU ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ ថ្ងៃ២៩កក្កដា

នៅថ្ងៃចន្ទនេះ សហភាពអ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញ ធំបំផុតរបស់កម្ពុជា បានប្រកាសច្រានចោទលទ្ធផល នៃការបោះឆ្នោតជាតិ កាលពីម្សិលម៉ិញ ដែលបានផ្ដល់ជ័យជំនះ​មិនគួរឲ្យភ្ញាក់ផ្អើល ទៅឲ្យគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
EU ច្រានចោល​លទ្ធផល​នៃ​ការបោះឆ្នោត​ជាតិ ថ្ងៃ២៩កក្កដា
ខាងឆ្វេង៖ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ កំពុងថ្លែងនៅក្នុងសភាអ៊ឺរ៉ុប នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។ ខាងស្ដាំ៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើទ្វីសធើរ និងហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 30, 2018
  • ប្រធានបទ: បោះឆ្នោត​ជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ការបោះឆ្នោតជាតិ ថ្ងៃទី ២៩ ខែកក្កដា មិនតំណាងឱ្យឆន្ទៈពិតប្រាកដ របស់អ្នកបោះឆ្នោតកម្ពុជា តាមបែបប្រជាធិបតេយ្យនោះទេ ហើយធ្វើឲ្យលទ្ធផល នៃការបោះឆ្នោតនេះ មិនមានភាពជឿជាក់បានឡើយ» នេះ ជាការបញ្ជាក់ច្បាស់ៗ របស់សហភាពអ៊ឺរ៉ុប តាមរយៈអ្នកនាំពាក្យ របស់ការិយាល័យអ៊ឹរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)។

សេចក្ដីថ្លែងការណ៍​របស់អ្នកនាំពាក្យ ដែលចេញផ្សាយ នៅរសៀលថ្ងៃចន្ទ​នេះ ពីរាជធានីព្រុចហ្សែល (រាជាណាចក្រប៊ែលហ្សិក) បានពន្យល់ថា៖ «ការបោះឆ្នោតសកលនៅកម្ពុជា ថ្ងៃទី២៩ ខែកក្កដា បានធ្វើឡើង នៅក្នុងបរិយាកាសនយោបាយ រឹតត្បិតដ៏ខ្លាំងក្លា។ ក្នុងរយៈពេល មួយឆ្នាំកន្លងទៅនេះ អាជ្ញាធរកម្ពុជាបានប្រើប្រាស់ ប្រព័ន្ធយុត្តិធម៌របស់ប្រទេស និងទំរង់គាបសង្កត់ដទៃទៀត ដើម្បីរឹតត្បិតលំហ នៃអ្នកនយោបាយប្រឆាំង ក្រុមអ្នករិះគន់ និងអ្នកផ្ដាច់ខ្លួន [Editor's Note: មានន័យថា អ្នកស្របរដ្ឋាភិបាលពីមុន តែងាកមកប្រឆាំងរដ្ឋាភិបាល នៅពេលក្រោយមក] ដោយរាប់ទាំងក្រុមសង្គមស៊ីវិល មួយភាគ។»។

«យុទ្ធនាការទាំងឡាយ​របស់អាជ្ញាធរ បានឈានទៅដល់ ការរំលាយគណបក្សប្រឆាំងដ៏សំខាន់ ការចាប់ខ្លួនប្រធានគណបក្ស លោក កឹម សុខា ដាក់ពន្ធនាគារ ការហាមឃាត់មន្ត្រីគណបក្ស ១១៨ រូប មិនឲ្យធ្វើនយោបាយ។ បន្ថែមពីលើនេះ ប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យជាច្រើន បានរងការធ្វើទុក្ខបុកម្នេញ យ៉ាងធ្ងន់ធ្ងរ។»

សហភាពអឺរ៉ុប ជាស្ថាប័នមួយ ពីក្នុងចំណោមស្ថាប័នអន្តរជាតិ និងប្រទេសធំៗជាច្រើន ដែលបានបដិសេធ មិនចូលរួមសង្កេតការបោះឆ្នោត​សកល កាលពីថ្ងៃអាទិត្យ។ បរិបទនយោបាយក្នុងប្រទេសកម្ពុជា ក៏បានជំរុញឲ្យសហភាពអ៊ឺរ៉ុប ព្យួរជំនួយហិរញ្ញវត្ថុ​របស់ខ្លួន ទៅដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នោះដែរ។

សេចក្ដីថ្លែងការណ៍ នៅបានរំលឹកមកវិញទៀតថា ក្រុមប្រឹក្សាកិច្ចការបរទេស សហភាពអឺរ៉ុប ធ្លាប់បានព្រមាន​នៅក្នុង​សេចក្តីសន្និដ្ឋាន​របស់ខ្លួនរួចហើយ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ ដែលថា «ដំណើរការបោះឆ្នោតមួយ ដែលគណបក្សប្រឆាំងដ៏សំខាន់ ត្រូវបានរារាងតាមអំពើចិត្តដូច្នេះ នឹងមិនមានភាពស្របច្បាប់ទេ»។

អត្ថបទរបស់អ្នកនាំពាក្យ បានសង្កត់ធ្ងន់ថា៖ «កង្វះការប្រកួតប្រជែងពិតប្រាកដ ក្នុងការបោះឆ្នោត និងអវត្តមាន នៃដំណើរការនយោបាយចម្រុះ មាន​ន័យ​ថា ការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា មិនតំណាងឱ្យឆន្ទៈពិតប្រាកដ របស់អ្នកបោះឆ្នោតកម្ពុជា តាមបែបប្រជាធិបតេយ្យនោះទេ ហើយធ្វើឲ្យលទ្ធផល នៃការបោះឆ្នោតនេះ មិនមានភាពជឿជាក់បានឡើយ»។

សេចក្ដីថ្លែងការណ៍បានព្រមានថា សហភាពអឺរ៉ុបនឹងរង់ចាំមើល ពីសកម្មភាពរបស់អាជ្ញាធរកម្ពុជា ក្នុងការស្តារលទ្ធិ​ប្រជាធិបតេយ្យឡើងវិញ ធ្វើការពិភាក្សា ​ជាមួយគណបក្សប្រឆាំង និងបង្កើតនូវលក្ខខណ្ឌនានា ដែលនាំឱ្យមានការជជែកវែកញែក និងការប្រកួតប្រជែងនយោបាយ ដោយសេរី ក៏ដូចជាអនុញ្ញាត ឲ្យប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសង្គមស៊ីវិល រួមទាំងអ្នកធ្វើការផ្នែកសិទ្ធិមនុស្ស និងសិទ្ធិការងារ អាចធ្វើការងាររបស់ពួកគេ បានដោយគ្មានការភ័យខ្លាច និងការរឹតត្បិត។ អត្ថបទបានបញ្ជាក់នៅចុងបញ្ចប់ថា៖ «សហភាពអឺរ៉ុបត្រៀមខ្លួន​រួចជាស្រេច ដើម្បីចូលរួមចំណែកយ៉ាងសកម្ម ដល់កិច្ចខិតខំប្រឹងប្រែងនេះ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...