រួចរស់តែឯងពីគ្រោះធ្លាក់យន្ដហោះ កុមារីតូចបានដើររកការសង្គ្រោះទាំងយប់ (vdo)
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៣ មករា ២០១៥
- កែប្រែចុងក្រោយ: January 04, 2015
- ប្រធានបទ: គ្រោះអាកាស
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាព្រលប់ម៉ោងប្រមាណជា ១៨ និង ៣០នាទី ថ្ងៃសុក្រទី២ ខែមករា បុរសចំណាស់ម្នាក់ ដែលកំពុងអង្គុយមើលទូរទស្សន៍នៅក្នុងផ្ទះ បានភ្ញាក់ខ្លួនក្រញ៉ាងឡើង ដោយសារតែមានសម្លេងគោះទ្វាផ្ទះរបស់លោក និងជួបដោយផ្ទាល់ភ្នែក នូវហេតុការណ៍ដ៏ញាប់ញ័រមួយ។ លោក ឡារី វីលគីន (Larry Wilkins) បានងើបមកបើកទ្វា តែបានសម្ដែងការរន្ធត់ក្នុងចិត្តជាខ្លាំង ព្រោះអ្នកគោះទ្វានោះជាក្មេងស្រីម្នាក់ អាយុ៧ឆ្នាំ ដែលគ្របដណ្ដប់ខ្លួន ទៅដោយឈាម។ នេះជាការថ្លែងឲ្យដឹងរបស់លោក វីលគីន ប្រាប់ទៅឲ្យបណ្ដាញទូរទស្សន៍ NBCNews របស់អាមេរិក។
បុរសចំណាស់ ៧១ឆ្នាំ ដែលរស់នៅក្នុងក្រុង បាកប៊័រី ត្រៃ (Buckberry Trail) នៃរដ្ឋ គេនទូគី (Kentucky ភាគកណ្ដាលខាងកើតនៃសហរដ្ឋអាមេរិក) បាននិយាយរៀបរាប់ថា៖ «នាងតូច ចេញឈាមសឹងតែស្រោចខ្លួន ជាពិសេសនៅលើជើងទាំងគូរ។ មុខ និងច្រមុះរបស់នាង ក៏មានប្រឡាក់ដោយឈាមដែរ។ នាងដើរមកដោយជើងទទេរមួយចំហៀង និងជើងមួយចំហៀងទៀត មានពាក់តែស្រោមជើងម្ខាងប៉ុណ្ណោះ។»
«នាងបានរៀបរាប់ថា ម្ដាយនិងឪពុករបស់នាង បានស្លាប់អស់ ហើយនាងបានស្ថិតក្នុងគ្រោះថ្នាក់យន្ដហោះមួយ។ នាងនិយាយទៀតថា យន្ដហោះនាពេលនោះ ស្ថិតនៅក្រោយខ្នងរបស់នាង។» លោក ឡារី វីលគីន បានថ្លែងបន្ត។ ប៉ុន្តែនៅខាងក្រោយខ្នងរបស់នាងតូច មានចំងាយរហូតដល់ទៅជាង១គីឡូម៉ែត្រ ដែលធ្វើឲ្យអ្នកផងកាន់តែរន្ធត់ចិត្ត នៅពេលគិតពីស្ថានភាពរបស់នាងតូច ក្នុងការដើរតែម្នាក់ឯង ទាំងព្រលប់មេឃងងឹត មករកការជួយសង្គ្រោះ។
លោក វីលគីន បានរៀបរាប់បន្ថែមថា៖ «ខ្ញុំបានសួរនាង ពីអ្វីដែលខ្ញុំអាចជួយនាងបាន។ បន្ទាប់មក ខ្ញុំបានទៅយកស្រោមដៃមកពាក់ ដើម្បីលាងសម្អាតឲ្យនាង និងជាពិសេស បានទូរស័ព្ទហៅទៅ ៩១១ (លេខទូរស័ព្ទ ដើម្បីសុំការជួយសង្គ្រោះ នៅអាមេរិក)។»
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់នាយនគរបាលតំបន់ លោក ឌិន ផាធើសុន (Dean Patterson) បានឲ្យដឹងថា អាជ្ញាធរបានរកឃើញ គំនរបាក់បែកនៃតួយន្ដហោះ នៅក្នុងព្រៃក្បែរផ្ទះរបស់លោក ឡារី វីលគីន។ សេចក្ដីប្រកាសនោះ បានសរសេរទៀតថា៖ «ក្រុមអ្នកស៊ើបអង្កេត បានអះអាងពីមរណភាព របស់មនុស្សបួននាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះនេះ ក្នុងនោះ មានម្ដាយនិងឪពុករបស់កុមារីតូចនេះផង»។
បើតាមបណ្ដាញទូរទស្សន៍ដដែល បានឲ្យដឹងថា ម្ដាយឪពុកកុមារីតូច មានឈ្មោះអ្នកស្រី ម៉ាទី (Marty) អាយុ៤៩ឆ្នាំ និងលោក គីមប៊័រលី ហ្គូស្ល័រ (Kimberly Gutzler) អាយុ៤៥ឆ្នាំ។ បងស្រី អាយុ៩ឆ្នាំ និងបងស្រីជីដូនមួយអាយុ១៤ឆ្នាំ របស់នាងតូច ក៏បានស្លាប់នៅក្នុងព្រឹត្តិការណ៍នេះដូចគ្នាដែរ។
យន្ដហោះឯកជន ធុន Piper PA-34 បានហោះចេញពីក្រុង ឃីវ៉េស (Key West) ក្នុងរដ្ឋផ្លរីដ (Floride) ឆ្ពោះទៅក្រុង មោល វើណុង (Mount Vernon) ក្នុងរដ្ឋអ៊ីលីណ័យ (Illinois)។ រដ្ឋការអាកាសចរណ៍ស៊ីវិលរបស់អាមេរិក បានបញ្ជាក់ថាបានដឹងពីបញ្ហាម៉ាស៊ីន របស់យន្ដហោះ ហើយយន្ដហោះត្រូវបានអ្នកបើកបរប្ដូរទិស ទៅសុំចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះនៃរដ្ឋ កេនទូគី មុននឹងបានដាច់ការទាក់ទង និងបានធ្លាក់នៅចំងាយ១៥គីឡូម៉ែត្រ ពីព្រលានយន្ដហោះ។
រីឯនាងតូច ដែលអត្តសញ្ញាណមិនត្រូវបានបង្ហាញនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ ដើម្បីធ្វើការសង្គ្រោះ និងព្យាបាល ប៉ុន្តែនគរបាល បានអះអាងថា ស្ថានភាពរបស់នាង មិនស្ថិតក្នុងសភាពគ្រោះថ្នាក់ទេ។ លោក ឡារី វីលគីន បានថ្លែងថា៖ «នាងពិតជាក្លាហានណាស់។ ខ្ញុំខ្លួនឯង មិនគិតថាអាចធ្វើអញ្ចឹងបានទេ នៅអាយុ៧ឆ្នាំ។»៕