បើក​ការ​ស៊ើប​អង្កេត​ប្រឆាំង​ក្រុមហ៊ុន AirAsia ពី​បទ​«ហោះ​ហើរ​គ្មាន​អាជ្ញាបណ្ណ»

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេសៀ (AirAsia) កំពុងប្រឈមមុខជាមួយនឹងអាជ្ញាធរឥណ្ឌូនេស៊ី បន្ទាប់ពីត្រូវ​បាន​សង្ស័យ​ថា ក្រុមហ៊ុននេះបានបង្ហោះយន្ដហោះអ៊ែរប៊ូស របស់ខ្លួន កាលពីថ្ងៃអាទិត្យដោយគ្មានអាជ្ញាបណ្ណ ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស​ ថ្ងៃទី០៤​ មករា ២០១៥
  • កែប្រែចុងក្រោយ: January 04, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅ​ពេល​នេះ ក្រុមហ៊ុន អ៊ែរអេសៀ មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម តែ​បួន​ជើង​ហោះ​ហើរ​ប៉ុណ្ណោះ និង​លែង​មាន​ការ​អនុញ្ញាត ឲ្យ​ភ្ជាប់​ការ​ហោះ​ហើរ​រវាង​ក្រុង ស៊ូរូបាយ៉ា (Surubaya) នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​សាំងហ្គាពួរ ទៀត​ហើយ។ ដូច្នេះ​ការ​ហោះ​ហើរ របស់​ជើង​យន្ដហោះ QZ8501 កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤ បណ្ដាល​ឲ្យ​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​កណ្ដាល​សមុទ្រ​នោះ មិន​មាន​អាជ្ញាបណ្ណ​អនុញ្ញាត​ឡើយ។ នេះ​ជា​ការ​បញ្ជាក់ របស់​នាយក​​ការិយាល័យ​អាកាសចរណ៍​ស៊ីវិល នៃ​ប្រទេស​ឥណ្ឌូនេស៊ី លោក ចូកូ មៀចាតម៉ូចូ (Djoko Murjatmodjo)។

សម្រាប់​លោក ចូកូ ក្រុមហ៊ុន អ៊ែរអេសៀ បាន​រំលោភ​លើ​ការ​អនុញ្ញាត នៃ​ចំនួន​ជើង​ហោះ​ហើរ និង​ពី​ម៉ោង​ពេល​សម្រាប់​ជើង​ហោះ​ហើរ ដែល​អាជ្ញាធរ​បាន​ផ្ដល់​ឲ្យ។ លោក​បាន​និយាយ​ទៀត​ថា នៅ​ពេល​នេះ គ្រប់​ក្រុមហ៊ុន​អាកាស​ចរណ៍​ដែល​កំពុង​ធ្វើ​អាជីវកម្ម នៅ​ក្នុង​លំហរ​មេឃ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ទាំងអស់ នឹង​ត្រូវ​អាជ្ញាធរ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ ក្នុង​ករណី​រំលោភ​អាជ្ញាបណ្ណ ផ្លូវ​ហោះ​ហើរ ម៉ោង​ពេល និង​គម្រោង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​នីមួយៗ​។

ការស៊ើបអង្កេតមួយត្រូវបានបើកធ្វើ ទៅលើការរំលោភអាជ្ញាបណ្ណរបស់ក្រុមហ៊ុន អ៊ែរអេសៀ ដែលត្រូវបាន​សង្ស័យថា បានហោះកាត់តាមសមុទ្រ ហ្សាវ៉ា (Java) ដោយគ្មានការអនុញ្ញាតិ ហើយបណ្ដាលឲ្យយន្ដហោះ​ធ្លាក់ជាមួយនឹងអ្នកដំណើរ១៦២នាក់។ ក្រសួងគមនាគមន៍ឥណ្ឌូនេស៊ី បានហាមឃាត់ក្រុមហ៊ុននេះ មិនឲ្យ​ភ្ជាប់​ការហោះហើរ រវាងក្រុង ស៊ូរូបាយ៉ា និងប្រទេសសាំងហ្គាពួរទៀត រហូតដល់ការស៊ើបអង្កេតត្រូវ​បាន​បញ្ចប់។

នៅព្រឹកថ្ងៃអាទិត្យ នៅពេលដែលយន្ដហោះបានជួបជាមួយនឹងខ្យល់ព្យុះ អ្នកបើកបរបានសុំការអនុញ្ញាត​មក​ការិយាល័យត្រួតពិនិត្យដែនអាកាស ដើម្បីសុំហោះឡើងទៅឲ្យខ្ពស់ ដើម្បីបញ្ជៀសខ្លួនពីខ្យល់ព្យុះ។ ប៉ុន្តែ​ការិយាល័យត្រួតពិនិត្យដែនអាកាស បានប្រើពេលដ៏យូរមួយ ដើម្បីឆ្លើយទៅយន្ដហោះអ៊ែរប៊ូស វិញ។ បន្ទាប់​ពីនោះមក យន្ដហោះបានបាត់ការទាក់ទងសូន្យឈឹងតែម្ដង។ បើតាមអាជ្ញាធរ ក្រុមហ៊ុន អ៊ែរអេសៀ មិន​បាន​សុំធ្វើការផ្លាស់ប្ដូរផ្លូវហោះហើររបស់យន្ដហោះខ្លួន នៅព្រឹកថ្ងៃអាទិត្យនោះទេ ព្រោះដោយសារតែ​ខ្លួន​មិន​មាន​អាជ្ញាបណ្ណ ក្នុងការប្រើប្រាស់ផ្លូវហោះហើរនេះ។

ចំណែកខាងក្រុមហ៊ុន អ៊ែរអេសៀ វិញ មិនបានធ្វើអត្ថាធិប្បាយ ជុំវិញការចោទប្រកាន់របស់អាជ្ញាធរ​ឥណ្ឌូនេស៊ី​ទេ ដោយគ្រាន់តែនិយយថា ទុកឲ្យដំណើរការស៊ើបអង្កេត ប្រព្រឹត្តិទៅឲ្យចប់សព្វគ្រប់សិន។ ប៉ុន្តែសម្រាប់​អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល នៃប្រទេសសាំងហ្គាពួរវិញ បានអះអាងថា ខ្លួនបានទទួលអាជ្ញាបណ្ណដើម្បី​ធ្វើការ​ហោះហើរនេះ ដោយបានបញ្ជាក់ថា អាជ្ញាបណ្ណពីប្រទេសទាំងសងខាង ជាការចាំបាច់ណាស់។

កាលពីថ្ងៃសៅរ៍ យុទ្ធនាការរុករកដ៏ធំ ត្រូវបានបើកធ្វើដើម្បីរកតួយន្ដហោះ ដោយមានការចូលរួមពីច្រើន​ប្រទេស និងប្រើនាវា និង​យន្ដហោះជាច្រើនគ្រៀង។ នាវាជប៉ុនពីរគ្រឿង អាមេរិកាំងមួយគ្រឿង និងសាំងហ្គាពួរ​មួយ​គ្រឿង បាន​ចូលរួមក្នុងយុទ្ធនាការ ខណៈប្រទេសរ៉ូស្សីបានប្រញាប់ប្រញាល បញ្ជូនយន្ដហោះ​ចំនួនពីរ​គ្រឿង និងអ្នក​ជំនាញរបស់ខ្លួន ចំនួន៧០នាក់ ក្នុងនោះមាន២២នាក់ ជាអ្នកជំនាញខាងជ្រមុជទឹក ឲ្យមក​ចូល​រួម​ស្វែង​រក​នឹងគេដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...