ទាហាននៅជាយដែន ថាថ្នាក់ដឹកនាំខ្លួន អនុវត្តបញ្ជា«បែបប៉ុលពត»
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 03, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយជាមួយ» នេះជាការលើកឡើង របស់ទាហានមួយរូប នៃកងពលលេខ៣០១ ដែលបានអះអាងថា ខ្លួនបានរងនូវការមើលងាយមើលថោក ពីថ្នាក់ដឹកនាំរបស់ខ្លួន។ ជាមួយនឹងការជេរប្រមាថ វាយដុំ និងបង្ខំឲ្យធ្វើការទាំងឈឺ នាយទាហានរូបនេះ សូមចិត្តដល់ថ្នាក់ដឹកនាំទាំងអស់កុំឲ្យអនុវត្ត ឬយកគំរូតាមសម័យប៉ុលពត មកអនុវត្តក្នុងសម័យបច្ចុប្បន្ននេះ។
ការិយាល័យអន្តោរប្រវេសន៍ នៅច្រកកោះកុង តាមព្រំដែនកម្ពុជា-ថៃ។ (រូបថតឯកសារ)
ជីវិតទាហាន - លោក ស៊ឹម សុផល ដែលជាកូនទាហាន និងមាននាទីជាគ្រូពេទ្យ សម្រាប់ព្យាបាលសមាជិកទាហាននានាទៀតនោះ បានរងការវាយដំ ជេប្រមាថ នូវពាក្យអសុរស្ស មួយចំនួនពីថ្នាក់លើរបស់ខ្លួន។ ក្នុងនាមទាហានដែលគោរពវិន័យ លោកយល់ និងគោរពតាមមិនប្រកែកឡើយ តែស្នើសុំឲ្យថ្នាក់ដឹកនាំត្រូវមានការយោគយល់ ថ្លឹងថ្លែង ពីហេតុផលដែរ មិនត្រូវបង្ខំឲ្យធ្វើអ្វីមួយ សម្រេចតាមតែចិត្តខ្លួនជាថ្នាក់លើចង់បាននោះទេ។
យុទ្ធជនអាយុ ៣២ឆ្នាំរូបនេះ បានបញ្ជាក់ថា ក្រោយពីបញ្ចប់ការសិក្សាជំនាញពេទ្យ នៃសាលាពេទ្យទាហានបានមួយខែ ក៏ត្រូវទៅបំរើការនៅក្នុងខេត្តកាកែវ។ លោកត្រូវបានមេបញ្ជាការរបស់ខ្លួន បញ្ជូនទៅកាន់ជាយដែនកម្ពុជា-ថៃ ដែលមកទល់នឹងថ្ងៃនេះ មានរយៈពេលទើបតែបីខែប៉ុណ្ណោះ ក្នុងនាទីជាគ្រូពេទ្យ និងចុងភៅ។
ក្រោយរៀបការបានជិតមួយឆ្នាំ យុវជនរូបនេះក៏បែកចេញពីភរិយាខ្ឡួន ចូលទៅបំរើទ័ពប្រចាំការនៅច្រកព្រំដែនកម្ពុជា-ថៃ។ ក្នុងការបំពេញតួនាទីរបស់ខ្លួននៅទីនោះ លោកមានការថ្នក់ចិត្តពីលោក ឈុន សិឡា នាយមេបញ្ជាការរបស់ខ្លួន ព្រោះអតីតកាលខ្លួន និងមេបញ្ជាការរូបនេះ ធ្លាប់ដើរស៊ីផឹកជាមួយគ្នា ជាឯកសណ្ឋានស៊ីវិលនៅក្នុងខេត្តតាកែវ តែមិនដឹងថាមាននាទី ឬធ្វើការអ្វីទាំងអស់គ្នាទេ។
ទើបតែមកដល់ពេលនេះ ធ្វើការជួបមុខគ្នា លោក ឈុន សិឡា ហាក់ដំឡើងឬកជាថ្នាក់លើ និងចេះតែរករឿងនេះ រឿងនោះ មិនចេះចប់។ លោកបន្តថា មិនចំពោះតែលោកម្នាក់ទេ សូម្បីតែកូនទាហាន៣០នាក់ផ្សេងទៀត ក៏ត្រូវបានគាត់រករឿង ជេរប្រមាថ និងបង្ខំមនុស្សឲ្យធ្វើការទាំងឈឺ ទាំងជា ចាត់ទុកកូនទាហានទាំងអស់ដូចជាទាសករដាច់ថ្លៃ មិនខុសពីសម័យប៉ុលពតអញ្ចឹងដែរ។ «ទាហានមានបញ្ជាផ្តាច់ការអញ្ចឹង។ តែត្រង់ថាមនុស្សឈឺ ទោះសម័យណាក៏ដោយ ក៏គេមិនអាចប្រើមនុស្សឈឺបានដែរ។»
ហេតុការណ៍កើតចេញពី ថ្ងៃមួយដែលលោកកំពុងឈឺ មិនស្រួសខ្លួន និងមិនអាចទៅលីសែងឈើបាននោះ លោកត្រូវបាននាយរងវរៈ ៣០១ ព្រំដែនភ្នំប៊ិន លោក ថាច់ ស៊ីថា អាយុប្រមាណជា ៥១ឆ្នាំ អនុញ្ញាតឲ្យលោកនៅក្នុងជំរុំ ដាំបាយ និងមើលថែរអ្នកជំងឺផ្សេងៗទៀត ដោយមិនចាំបាច់ទៅណាទេ។ ដោយឡែកនាយមេបញ្ជាការលោក ឈុន សិឡា អាយុប្រមាណជា២៥ឆ្នាំ មិនបានឯកភាពឲ្យនៅក្នុងបន្ទាយឡើយ ហើយបានបង្ខំថា ត្រូវតែទៅលីឈើពីលើភ្នំ ដើម្បីសាងសង់ស្ពានសម្រាប់កងទ័ពឆ្លងស្ទឹង។ លោក ស៊ឹម សុផល បានរៀបរាប់ទៀតថា លោក ឈុន សិឡា មិនបានស្តាប់ពីហេតុផលនោះទេ តែបែជាចាត់ទុកការឈឺនេះ ជា«ពុទត្បុត»មួយរបស់កូនទាហាន ចង់គេចវេសពីការងារ។ មិនត្រឹមតែប៉ុណ្ណោះ មេបញ្ជាការរូបនោះ បានព្រលះលោក មួយកំភ្លៀងថែមទៀត និងបានបោះពាក្យសម្ដីថា «ចុះអាមេហ្នឹងធំជាងអញ! អញបញ្ជាឲ្យទៅ (...) ទៅៗឲ្យលឿនទៅ! មិនចាំបាច់ស៊ីបាយ ស៊ីអីទេ។»
មាស សុភា ខ្នងធំ ...
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនអាចសុំការបំភ្លឺ ពីលោក ឈុន សិឡាមេបញ្ជាការកងពលលេខ៣០១ ក៏ដូចជាលោក ថាច់ ស៊ីថា មេបញ្ជាការរងកងពលលេខ៣០១ ចំពោះការចោទប្រកាន់នៃកូនទាហានខាងលើបានទេ។
ទាហ៊ាន អាយុ៣២ឆ្នាំដដែល បានលើកឡើងទៀតថា ហេតុដែលបង្ខំឲ្យសម្រុកលីឈើ មកធ្វើស្ពានឲ្យឆាប់ហើយនេះ ក្នុងបំណងដើម្បីទទួលស្វាគមន៍លោក យឿង សុខុន (ផ្កាយបី) មេបញ្ជាការយោធភូមិភាគទីបី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលនឹងមកសម្ភោធក្នុងពេលឆាប់ៗខាងមុខ។ លោក ស៊ឹម សុផល នៅតែចាត់ទុកថា មេបញ្ជាការដែលនៅជាក្មេងឈាមរាវ មិនសមជាមេបញ្ជាការដឹកនាំកងទ័ពនោះឡើយ ព្រោះគាត់តែងតែធ្វើអ្វីតាមតែចិត្តគាត់ចង់បាន មិនស្តាប់មតិនរណាទាំងអស់។ លោកបង្ហើបថា លោក ឈុន សិឡា មានខ្សែអ្នកធំម្នាក់នៅពីក្រោយ គឺលោក មាស សុភា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ។ «អាងខ្សែរយៈ អាងខ្នងច្រវ៉ាក់ គ្មានបទពិសោធ មិនស្តាប់ចាស់ទុំ»។
នៅតំបន់ក្បាលឆាយ អឺ៩១ (E91) ខេត្តកោះកុង ចំងាយជាងពីរគីឡូម៉ែត្រ ពីព្រុំដែលកម្ពុជា-ថៃ។ យ៉ាងណាក៏ដោយ កូនទាហាននៃកងពលសេនាតូច លេខ ៣០១រូបនេះ បានសំណូមពរដល់គ្រប់ថ្នាក់ដឹកនាំទាំងអស់ មិនចំពោះតែថ្នាក់ដឹកនាំរបស់លោកទេ ឲ្យចេះគោរព ស្រលាញ់គ្នា ចេះអធ្យាស្រ័យគ្នា។ «បើចេះស្រលាញ់គ្នា សត្រូវក៏មិនអាចបំបែកយើងបានដែរ យើងស្រលាញ់គ្នាយើងមិនរត់ចោលជួរ ចេះជួយគ្នា នឹងអាចយកជ័យជំនះលើសត្រូវ។ (...) នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ៕»
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៤