ប្រេដ ភីត គម្រាមលែងលះពី អេនជឺលីណា ជូលី បើនាងមិនថែខ្លួន
- ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី១១ តុលា ២០១៥
- កែប្រែចុងក្រោយ: October 12, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឮសូរ ដូចជាមិនសូវស្រួលទេ សម្រាប់ប្ដីប្រពន្ធតារា ប្រេដ ភីត និងអេនជឺលីណា ជូលី ជាពិសេសមិនស្រួលទាល់តែសោះ ចំពោះតារាស្រីដ៏ល្បីឈ្មោះនេះតែម្ដង។ តាមសារព័ត៌មាន និងទស្សនាវដ្ដីអាមេរិកជាច្រើន បានឲ្យដឹងថា កំពូលតារាទាំងពីរ បានឈានជិតមកដល់ការបាក់បែកគ្នា ដ៏គួរឲ្យសោកស្ដាយមួយ។ ទស្សនាវដ្ដី«Star» បានបញ្ជាក់ថា ប្រេដ ភីត ទំនងជាបានដាក់ឱសានវាទ ទៅឲ្យភរិយារបស់ខ្លួន នាង អេនជឺលីណា ដើម្បីឲ្យនាងព្យាបាលជំងឹរបស់នាង ដែលបានញាំញ៉ីតារាស្ត្រី តាំងពីច្រើនឆ្នាំមកហើយ។
ទស្សនាវដ្ដីបានពន្យល់ថា បញ្ហាសុខភាពរបស់តារា បានបង្កគ្រោះថ្នាក់ ដល់គ្រួសារទាំងមូល ហើយ ប្រេដ ភីត សាកល្បងនឹងនិយាយឲ្យ អេនជឺលីណា ដឹងពីភាពខ្វាយខ្វល់របស់លោក។ ប៉ុន្តែរឿងដែលពិបាកខ្លាំងនោះ គឺនាង អេនជឺលីណា ខ្លួននាង មិនចង់មើលព្យាបាលជំងឺរបស់ខ្លួន។
ប្រភពមួយដែលស្និត នឹងគូស្វាមីភរិយាតារា បានបង្ហើបប្រាប់ទស្សនាវដ្ដីថា ប្រេដ ភីត មិនមានជំរើសអ្វីផ្សេង ក្រៅតែពីដាក់ឱសានវាទ ទៅឲ្យភរិយារបស់ខ្លួន៖ នោះគឺតារាស្ត្រីត្រូវព្យាបាលខ្លួន ឬបើមិនអញ្ចឹង ប្រេត ភីត នឹងចាកចេញពីនាង ហើយយកកូនៗទៅជាមួយ។ ប្រភពនោះ បាននិយាយថា៖ «ប្រេដ ចង់ឲ្យ អេនជី ផ្ចង់អារម្មណ៍ទៅលើសុខភាពរបស់នាង និងគ្រួសារ នៅមុនអ្វីៗត្រូវហួសពេល។ ប្រេដ បាននិយាយប្រាប់ អេនជី ថា លោកមិនចង់ឲ្យកូនៗទាំងអស់ ស្ថិតក្នុងស្ថានភាពដូចនេះ យូរតទៅទៀតឡើយ។ ហើយលោកក៏មិនអាចឈរនៅស្ងៀម រង់ចាំមើលម្ដាយរបស់កូនៗលោក ស្លាប់ក្នុងថ្ងៃណាមួយនោះដែរ។»
ស្ថានភាពរបស់តារា អេនជឺលីណា ជូលី បានបង្កការខ្វាយខ្វល់ជាទូទៅ តាំងពីច្រើនឆ្នាំមកហើយ ជាពិសេសប្រព័ន្ធផ្សព្វផ្សាយជាច្រើន ក៏បានធ្វើសេចក្ដីរាយការណ៍ ជាញ៉យដង ពីបញ្ហានេះដែរ។ ស្ត្រីអ្នកថែរក្សាកូនៗ របស់ប្ដីប្រពន្ធតារាមួយរូប បានទម្លាយប្រាប់សារព័ត៌មានមួយថា អេនជឺលីណា ជូលី បានរងគ្រោះនឹងជំងឺ«បាយមិនបាន» ហើយដោយសារជំងឺនេះ នាងបានចូលសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យជាច្រើនថ្ងៃ កាលពីប៉ុន្មានឆ្នាំមុន។
ប៉ុន្តែ នៅចំពោះឱសានវាទរបស់ ប្រេដ ភីត នាង អេនជឺលីណា ជូលី ហាក់នៅមិនទាន់យកចិត្តទុកនៅឡើយ បើទោះជាតារាបានស្រកទម្ងន់ មកនៅត្រឹមតែ ៣៧,៦គីឡូក្រាមនោះក៏ដោយ។ ប្រភពខាងលើដដែល បានថ្លែងប្រាប់ទស្សនាវដ្ដី«Star» ទៀតថា៖ «ប្រេដ ស្រឡាញ់ភរិយារបស់ខ្លួន និងចង់ឲ្យនាង មានសុខភាពល្អ។ ប៉ុន្តែគឺ អេនជី ខ្លួនឯងនោះទេ ដែលមិនចង់ថែខ្លួន។»៕