កូនចិញ្ចឹមជាតិខ្មែរ របស់អេនជឺលីណា ជូលី ត្រៀមក្លាយជា«កំពូលតារា»
អាយុត្រឹម១២ឆ្នាំ កូនចិញ្ចឹមច្បងរបស់តារាភាពយន្ដ អេជឹលីណា ជូលី (Angelina Jolie) និងប្រេត ភីត (Brad Pitt) បានត្រៀមខ្លួនដើម្បីក្លាយជា«កំពូលតារា» រួចជាស្រេច។ បើគ្រាន់តែកុមារ ដែលមានដើមកំណើតខ្មែររូបនេះចង់ក្លាយខ្លួននោះ ក៏មិនគ្រប់គ្រាន់ដែរ តែក្រុមអ្នកថតរូប និងសមិទ្ធិករភាពយន្ដផ្សេងៗទៀត ទំនងជាបានបាញ់ទិសដៅរបស់ពួកគេរួចជាស្រេចដែរ ទៅលើកុមារាដ៏សង្ហានេះ។
រូបកណ្ដាលពីឆ្វេងមកស្ដាំ៖ លោក ប្រេត ភីត នាងអេនជឺលីណា ជូលី និងកុមារ ម៉ាដុក។ (រូបថត momgelina.com)
-------------------------------
ដោយ ឈូករ័ត្ន (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៥ ឧសភា ២០១៤
-------------------------------
តារា - នៅក្នុងពិធីសម្ភោធការបញ្ចាំងដំបូង នៃភាពយន្ដ ម៉ាលេហ្វិក (Maléfique) ដែលមានម្ដាយរបស់ខ្លួន ជាតួសម្ដែងសំខាន់ផងនោះ កាលពីសប្ដាហ៍មុន នៅទីក្រុងឡុងដ៍ប្រទេសអង់គ្លេស កុមារដើមកំណើតមកពីខេត្តបាត់ដំបង នៃប្រទេសកម្ពុជា បានបង្ហាញខ្លួន និងបានធ្វើខ្លួនដូចជាយុវជនជំទង់មួយរូប នៅចំពោះមុខម៉ាស៊ីនថតរាប់សិប។ ម៉ាដុក (Maddox) ស្លៀកពាក់ទាំងខោនិងអាវ ជាឈុតពណ៌ខ្មៅធ្វើពីស្បែក ជាមួយនឹងការចងក្រវ៉ាត់ពណ៌ក្រហម យ៉ាងស្រស់ស្អាត។ មិនត្រឹមតែសម្លៀកបំពាក់ប៉ុណ្ណោះទេ តែកុមារាដើមកំណើតខ្មែរ បានបង្ហាញម៉ូតសក់របស់ខ្លួន យ៉ាងអស្ចារ្យនោះផងទៀត បើសូម្បីតែឪពុកចិញ្ចឹមរបស់កុមារ ដែលជាកំពូលតារាភាពយន្ដ ប្រេត ភីត ឈរនៅក្បែរនោះ ក៏អាចនឹងសុំចាញ់កូនប្រុសខ្លួនឯងនេះផង។
ម៉ាដុក ជាកូនចិញ្ចឹមទី១ ពីក្នុងចំណោមកូនទាំង៦ រាប់ទាំងកូនបង្កើត និងកូនចិញ្ចឹម របស់ដៃគូរស្នេហាចាក់ទឹកមិនលេច នៃតារាភាពយន្ដ អេជឹលីណា ជូលី និងប្រេត ភីត។ កុមារារូបនេះ កើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០០១ នៅខេត្តបាត់ដំបង ជាមួយនឹងឈ្មោះដើម រ័ត្ន វិបុល ហើយបានត្រូវមណ្ឌលកុមារកំព្រាមួយ ទទួលមកបីបាច់។ អេជឹលីណា ជូលី បានសម្រេចចិត្តយកទារក រ័ត្ន វិបុល មកចិញ្ចឹម នៅពេលដែលទារករូបនេះ ទើបនឹងមានអាយុ៧ខែ ពោលគឺនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០០២ និងបានប្ដូរឈ្មោះកុមារមកជា ម៉ាដុក រហូតដល់សព្វថ្ងៃ។
នៅក្នុងឆ្នាំ២០០១ តារា អេជឹលីណា ជូលី បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ចំនួនពីរលើកជាប់គ្នា ម្ដងដើម្បីថតរឿង ថម រ៉ៃដ័រ (Tomb Raider) វគ្គទី១ និងម្ដងទៀតជាមួយនឹងទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ។ នៅពេលនោះនាង ជាភរិយារបស់តារាភាពយន្ដមួយរូបទៀត លោក ប៊ៀលី ប៉ប ថនតុន (Billy Bob Thornton) តែបានបែកបាក់នៅពេលក្រោយមក។ ចេញពីការបែកបាក់នេះ អេជឹលីណា ជូលី ជាម្ដាយចិញ្ចឹម បានទទួលសិទ្ធិក្នុងការបន្តបីបាច់ កុមារ ម៉ាដុក រហូតតារាភាពយន្ដចិត្តធម៌រូបនេះ មកជួបរួមរស់ ជាមួយកំពូលតារាភាពយន្ដ របស់ហូលីវូធដ៏សង្ហាលោក ប្រេត ភីត ដែលក្រោយមក នៅឆ្នាំ២០០៦ ក៏ទទួលខ្លួនជាឪពុកចិញ្ចឹមរបស់ កុមារ ម៉ាដុក ដែរ។
នៅពីមុខម៉ាស៊ីនថត និងនៅលើផ្ទាំងសំពត់ស កុមារ ម៉ាដុក បានសម្ដែងរួចហើយ នូវតួសម្ដែងតូចមួយ នៅក្នុងភាពយន្ដ World War Z ដែលមានឪពុកចិញ្ចឹមរបស់ខ្លួន លោក ប្រេត ភីត សម្ដែងជាតួឯក។ ប៉ុន្តែបើគេមើលពីបំណងរបស់ឪពុកម្ដាយចិញ្ចឹម របស់ម៉ាដុក ដែលសុទ្ធសឹងជាតារាភាពយន្ដ ទទួលបានពានរង្វាន់ភាបយន្ដជាច្រើននោះ កុមារា ម៉ាដុក ទំនងជាមិនបញ្ឈប់ត្រឹមនេះទេ ជាពិសេស គេបានសង្កេតឃើញ កុមារាដើមកំណើតខ្មែឬរូបនេះ បានបង្ហាញមុខកាន់តែច្រើនឡើងៗ នៅក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសនៅពេលមានពិធីធំៗ។
តើកុមារ ម៉ាដុក នឹងបន្តមរតកសិល្បៈភាពយន្ដ ពីឪពុកម្ដាយរបស់ខ្លួនឬ? មកដល់ពេលនេះ គ្មានអ្វីគួរឲ្យសង្ស័យទៀតទេ៕
សូមទស្សនារូបភាពរបស់ម៉ាដុក៖