កូនស្រីពៅរបស់អង់ជឺលីណា ជូលី នឹងរកបាន២២០០អ៊ឺរ៉ូ មួយសប្ដាហ៍
វីវីយ៉ែន ម៉ាឆឺលីន (Vivienne Marcheline) កូនស្រីតូចជាងគេ របស់តារាភាពយន្ដ អង់ជឺលីណា ជូលី (Angelina Jolie) និងប្រេដ ភីត (Brad Pitt) កំពុងតែដើរតាមលំអានរបស់ម្ដាយឪពុករបស់នាង។ អាយុទើបតែ៤ឆ្នាំ នាងទទួលបានមកសម្ដែង ជាតួធំជាងគេ នៅក្នុងភាពយន្ដមួយ ដែលនឹងអនុញ្ញាតអោយនាងតូច រកចំណូលបាន ២២០០អ៊ឺរ៉ូ (ប្រមាណជា ៣០២០ដុល្លាអាមេរិក) ក្នុងមួយសប្ដាហ៍។
នាងអង់ជឺលីណា ជូលី និងកូនៗ នៅកន្លែងកំសាន្ដ អាងចិញ្ចឹមត្រី នៅទីក្រុងឡុងដ៍។
គឺខាងម្ដាយរបស់នាងតូច តារាភាពយន្ដអន្តរជាតិដ៏ល្បី ជាអ្នកជម្រុញកូនស្រីរបស់ខ្លួន ដែលទើបនឹងមានអាយុ៤ឆ្នាំ អោយបោះជំហ៊ានទីមួយ ចូលទៅក្នុងពិភពភាពយន្ដ។ នាងនឹងបកស្រាយតួអង្គមួយ ជាម្ចាស់ក្សត្រីក្មេងម្នាក់ ឈ្មោះអូរ៉័រ (Aurore) នៅក្នុងភាពយន្ដនិទានមួយ មានចំណងជើងថា «ព្រលឹងអាក្រក់ (Maléfique)» រៀបចំដឹកនាំដោយសមិទ្ធិករ រ៉ូប៊ែរ ស្ត្រមប៊័រ (Robert Stromberg)។ ខ្សែរភាពយន្ដនេះ នឹងត្រៀមចេញបញ្ចាំង ក្នុងឆ្នាំ២០១៤ខាងមុខ។
ដូចសិល្បការិនីដទៃទៀតដែរ កូនស្រីពៅរបស់គ្រួសារត្រកូល ជូលី-ភីត នឹងទទួលបានកិច្ចសន្យា ពីតួសម្ដែងនេះបន្ថែមទៀត។ តាមគេហទំព័រ TMZ អោយដឹងថា នាងតួចវីវីយ៉ែន នឹងត្រូវគេផ្ដល់ប្រាក់អោយបន្ថែម ប្រមាណជា៥០អ៊ឺរ៉ូ ក្នុងមួយថ្ងៃ ដើម្បីជាសំណងទៅលើការថត ប្រសិនបើហួសពីពេលវេលាដែល នាងបានចុះកិច្ចសន្យា។
ចំណែកអង់ជឺលីណា ជូលី នឹងដើរតួជាព្រលឹងអាក្រក់ តួរអង្គចិត្តអាក្រក់ ដែលមាននិទាននៅក្នុងរឿងនេះ ហើយជាតួអង្គដ៏សំខាន់ជាងគេផង។ ក្មេងស្រីម្នាក់ផ្សេងទៀត នឹងសម្ដែងតួអង្គនេះ ពេលនៅក្មេងតូចនៅឡើយ។ អ្នកតាមដានភាគច្រើន បានគិតថា នាងតូចវីវីយ៉ែន គួរតែដើរតួរនៅក្មេង របស់ម្ដាយនាង ព្រោះនាងមានមុខមាត់ ប្រហាក់ប្រហែលបះបិតនឹង អង់ជឺលីណា ជូលី៕
--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ