ផ្តន្ទាទោសជនជាតិជប៉ុនម្នាក់ បន្ទាប់ពីបានរួមភេទ ជាមួយស្ត្រី ១២៦០០នាក់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ មករា ២០១៦
- កែប្រែចុងក្រោយ: January 03, 2016
- ប្រធានបទ: កម្រជួប
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសជាតិជប៉ុនចំណាស់ ៦៥ឆ្នាំរូបនេះ បានថ្លែងឲ្យដឹងថា លោកចូលចិត្តប្រមែប្រមូល រឿងចម្លែកៗ និងទុករបស់របរទាំងនោះ ជាអនុស្សាវរីយ៍។ លោក យូហៃ តាកាស៊ីម៉ា (Yuhei Takashima) អតីតអ្នកទទួលខុសត្រូវ នៃអនុវិទ្យាល័យមួយ នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានផ្ដន្ទាទោស កាលពីថ្ងៃសុក្រទី២៥ ខែធ្នូ ឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារដោយព្យួរទោស ចំនួន២ឆ្នាំ ពីបទបានថតរូប«អានាចារ» និងចំណាយប្រាក់ ដើម្បីរួមរ័ក្ស ជាមួយកុមារីអនីតិជន យ៉ាងហោចចំនួន៣នាក់ ពីក្នុងចំណោមស្ត្រីចំនួន ១២៦០០នាក់ ដែលលោកបានរួមរ័ក្សជាមួយ នៅពេលលោកស្នាក់នៅ ក្នុងប្រទេសហ្វីលីពីន។ ការព្យួរទោស បានធ្វើឲ្យទោសរបស់អតីតគ្រូបង្រៀន ឡើងដល់៤ឆ្នាំនៅក្រៅឃុំ តែត្រូវស្ថិតក្រោមការតាមដាន និងការត្រួតពិនិត្យ របស់តុលាការ។
លោក តាកាស៊ីម៉ា ត្រូវបានឃាត់ខ្លួន ដោយនគរបាលជប៉ុន កាលពីខែមេសាកន្លងទៅ តាមពាក្យបណ្ដឹង របស់កុមារីអាយុ១៣ឆ្នាំម្នាក់ ដែលថាខ្លួនបានរងគ្រោះ ក្នុងការរួមភេទ ជាមួយបុរសជាតិជប៉ុនរូបនេះ។ ចៅក្រមជប៉ុន អ្នកស្រី ណាវកូ អូម៉ូរី (Naoko Omori) បានចាត់ទុកការប្រព្រឹត្តិរបស់លោក តាកាស៊ីម៉ា ថាជារឿងគួរឲ្យខ្មាសអៀន និងជាកំហុសមួយ។ ចៅក្រមបានឲ្យដឹងថា៖ «អតីតគ្រូបង្រៀន បានបំពានលើស្ថានភាពសេដ្ឋកិច្ច ដ៏ផុយស្រួយរបស់កុមារីទាំងនោះ។ (...) ក្នុងនាមជាគ្រូបង្រៀន គាត់គួរដឹងថា កុមារត្រូវបានការពារ ទោះជានៅហ្វីលីពីន ឬនៅជប៉ុនក្ដី។»។
ថតរូប១៥០ ០០០សន្លឹកក្នុងរយៈពេល២៧ឆ្នាំ
បុរសជប៉ុនចំណាស់ ៦៥ឆ្នាំរូបនេះ បានពន្យល់ប្រាប់នគរបាលថា លោកបានចាប់ផ្ដើមចំណាយប្រាក់ ដើម្បីបានរួមភេទ នៅពេលលោកទៅបង្រៀន នៅក្នុងអនុវិទ្យាល័យជប៉ុនមួយ កណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន នាឆ្នាំ១៩៨៨។ លោកបានបន្តការចាយប្រាក់របៀបនេះ នៅក្នុងដំណើរកំសាន្ដ ក្នុងមួយឆ្នាំបីដង នៅក្នុងប្រទេសហ្វីលីពីន ដែលគិតជាសរុប នៃដំណើរកំសាន្ដទាំងអស់ មានចំនួន៦៥ដង។
ក្នុងអំឡុងពេលប្រមាណជា២៧ឆ្នាំនេះ លោក តាកាស៊ីម៉ា បានរួមរ័ក្សជាមួយស្ត្រីហ្វីលីពីន ដែលមានអាយុ រវាងពី១២ដល់៧០ឆ្នាំ ចំនួន១២ ៦០០នាក់។ នៅពេលរួមរ័ក្សម្ដងៗ លោកបានថតរូបនាងៗទាំងនោះ ដាក់ទុកនៅក្នុងសៀវភៅរូបថត ចំនួនជាង៤០០សៀវភៅ និងមានចំនួនរូបថតប្រមាណជា ១៥០ ០០០សន្លឹក។
ប្រទេសជប៉ុនបានធ្វើវិសោធនកម្ម ទៅលើច្បាប់របស់ខ្លួន កាលពីឆ្នាំ២០១៤ ដោយធ្វើការដាក់ពិន័យ ទៅលើជនណាក៏ដោយ ដែលមិនត្រឹមតែលក់ ឬចែករំលែករូប ឬវីដេអូ ដែលមានលក្ខណៈអនាចារ ទៅលើកុមារប៉ុណ្ណោះទេ តែបើសូម្បីតែជននោះ ធ្វើការរក្សាទុក ក៏មិនបានដែរ។ រូបភាពគំនូរដោយដៃ និងដោយកំព្យូរទ័រ អាចទទួលបានការអត់អោន ដោយមិនមានការពិន័យធ្ងន់ធ្ងរនោះទេ៕
-----------------
» វីដេអូបន្ថែម៖ តារាថតកុនកូនជ្រូក និយាយពីការសម្ដែងរបស់ខ្លួន