ហ៊ុន សែន គ្រោង​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ ក្នុង​ពេល​ខាងមុខ

នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា លោក ហ៊ុន សែន បានប្រកាសនៅថ្ងៃនេះ ពីគម្រោងលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំ ទៅដល់ទណ្ឌិតទាំងឡាយ ក្នុងពេលខាងមុខ ដោយអះអាងថា ការលើកលែងទោសនេះ មិនធ្វើឡើង​ក្រោមគម្នាបបរទេស​ណាឡើយ។
ហ៊ុន សែន គ្រោង​លើកលែង​ទោស​ទ្រង់ទ្រាយ​ធំ ក្នុង​ពេល​ខាងមុខ
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 23, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំគ្រោងលើក [លែងទោស ចំនួន] ១២នាក់ផ្សេងទៀត» នេះ ជាការថ្លែងឲ្យដឹងរបស់លោក ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ពីគម្រោងការរបស់លោក ក្នុងការលើកលែងទោស ជាលក្ខណៈទ្រង់ទ្រាយធំ ដល់ទណ្ឌិតមួយចំនួន ដែលកំពុងជាប់នៅក្នុងពន្ធនាគារ បន្ថែមពីលើការលើកលែងទោស ដែលធ្វើឡើងរួចកន្លងមក។

ថ្លែងនៅចំពោះ កម្មករ-កម្មការិនីច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល បុរសខ្លាំងកម្ពុជា ដែលកាន់អំណាច តាំងពីជាង៣ទសវត្សរ៍មកនោះ បានថ្លែងឡើងថា៖ «ខ្ញុំចង់ធ្វើការលើកលែងទោស ទ្រង់ទ្រាយធំ នៅពេលខាងមុខ មិនមែនគ្រាន់តែមនុស្សប៉ុន្មាននាក់ទេ ក៏ប៉ុន្តែខ្ញុំមានគោលដៅថា រដូវបុណ្យភ្ជុំ ឬរដូវបុណ្យអ៊ំទូក ឬបុណ្យឯករាជ្យ នៅឆ្នាំនេះ (...) យើងអាចដំណើរការលើកលែងទោស ទ្រង់ទ្រាយធំ ដើម្បីឲ្យពលរដ្ឋរបស់យើង ដែលជាប់ពន្ធនាគារនោះ មានឱកាសចេញមក ដើម្បីធ្វើការកែប្រែខ្លួនសារជាថ្មី»។

មេដឹកនាំកម្ពុជារូបនេះ បានបង្ហើបទៀតថា លោកនឹងធ្វើការលើកលែងទោស ដោយយោងតាមច្បាប់ពន្ធនាគារ ដែលអនុញ្ញាត​ឲ្យនាយករដ្ឋមន្ត្រីធ្វើដូច្នេះ តែមិនចាំបាច់ ឲ្យមានការអនុវត្តន៍ទោស ២ភាគ៣ ដូចមានចែង នៅក្នុងច្បាប់នោះទេ។

ប៉ុន្តែលោក ហ៊ុន សែន បានថ្លែងព្រមានទុកជាមុន នូវការធ្វើអត្ថាធិប្បាយទាំងឡាយណា ដែលអះអាងថា ការលើកលែងទោសនេះ បណ្ដាលមកពីការគាបសង្កត់ របស់អន្តរជាតិ។ លោកថា៖ «សុំកុំនិយាយថា បណ្ដាលមកពី ការគាបសង្កត់របស់អន្តរជាតិ ខ្ញុំស្អប់ណាស់ អាពាក្យនេះ»។

នាយករដ្ឋមន្ត្រីចាំផ្ទះ បានលើកពីលក្ខខណ្ឌ ក្នុងករណីមានការធ្វើអត្ថាធិប្បាយបែបនោះ ដូច្នេះថា៖ «បើសិនជា ខ្ញុំត្រូវឲ្យពួកអ្នក [ដែលត្រូវលើកលែងទោស] ធ្វើការសុំទោស អ្នកបានធ្វើលិខិតរួចហើយ ក៏ប៉ុន្តែបើសិនជាអ្នកណាមួយ ធ្វើអត្ថាធិប្បាយអំពីការគាបសង្កត់អន្តរជាតិ ខ្ញុំតម្រូវ ខ្ញុំទុកសិន ទុករហូតទៅដល់អ្នកដែល ធ្វើលិខិតសុំនេះ ធ្វើការថ្កោលទោស ចំពោះអ្នកដែលនិយាយ បានខ្ញុំព្រម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...