ហ៊ុន សែន ព្រមានចាប់ គឹម សុខ ដាក់គុកជាថ្មី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៨
- កែប្រែចុងក្រោយ: August 23, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ ដែលទើបចេញពន្ធនាគារ កាលពីសប្ដាហ៍មុន បន្ទាប់ពីលោកបានអនុវត្តទោស ១៨ ខែរួចរាល់នោះ អាចនឹងត្រូវលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារឡើងវិញ ប្រសិនជាលោក ហ៊ុន សែន យល់ឃើញថា ការវិភាគរបស់លោក គឹម សុខ ប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។
នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានថ្លែងដូច្នេះ ដោយមិនបញ្ចេញចំឈ្មោះ ក្នុងព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែសីហានេះ នៅក្នុងពិធីជួបជាមួយកម្មករ-កម្មការិនីច្រើនពាន់នាក់ មកពីរោងចក្រ សហគ្រាចំនួន១២ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ហ៊ុន សែន បានថ្លែងថា៖ «ហើយអ្នក ដែលទើបចេញពីគុក ក៏កុំព្រហើនពេកដែរ។ កុំស្មានថា គេមិនហ៊ានចាប់បញ្ចូលគុកវិញ។ អាហ្នឹង គឺផ្លូវច្បាប់នៅកម្ពុជា ឬផ្លូវច្បាប់នៅលើពិភពលោក គេអត់បានហាមឃាត់ថា ជាប់គុកម្ដងរួចហើយ អត់ត្រូវជាប់គុកលើកទីពីរ ឬលើកទីបីនោះទេ។ តែប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត។»។
បុរសខ្លាំងកម្ពុជា បានបញ្ជាក់ថា៖ «អ្នកឯងនិយាយអី និយាយទៅ កុំតែប៉ះពាល់ដល់គេ។ ត្រូវដឹងថា សេរីភាពរបស់អ្នកឯង គឺមានព្រំប្រទល់ ជាមួយសេរីភាព របស់អ្នកដទៃ តែប៉ុណ្ណឹងទៅបានហើយ។ បើអ្នកឯងបំពានហើយ ទោះបីអ្នកឯងជាប់គុក ១០០ដង ក៏ត្រូវតែជាប់គុកទៀតដែរ។»។
ការថ្លែងរបស់លោក ហ៊ុន សែន នៅថ្ងៃនេះ មានលក្ខណៈប្រហាក់ប្រហែល នឹងការលើកឡើង កាលពីម្សិលម៉ិញ របស់ម្ចាស់គណនីហ្វេសប៊ុកមួយ ដាក់ឈ្មោះ «ចៅ ចាក់ស្មុក» ដែលសរសេរចោទសួរថា «គឹម សុខ ប្រហែលជាមិនអស់អាល័យ នឹងគុកទេដឹង?» បន្ទាប់ពីលោក គឹម សុខ ធ្វើអត្ថាធិប្បាយ ប្រៀបធៀប «ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ទៅនឹង «ក្រុមប្រឹក្សាគោក្រោល» នៅតាមប្រព័ន្ធផ្សព្វផ្សាយ។
ម្ចាស់ទំព័រ «Chaksmok Chao ចៅចាក់ស្មុក» ដែលតែងត្រូវបានប្រព័ន្ធឃោសនាក្នុងស្រុក ស្រង់សំដី ឬផ្សាយសំដីទាំងស្រុង របស់ខ្លួននោះ បានលើកឡើងបែបព្រមាន ហៅការប្រៀបធៀបខាងលើ ថាជាការប្រមាថ ដល់ស្ថាប័នជាតិ និងសិទ្ធិនយោបាយ របស់ពលរដ្ឋយ៉ាងច្បាស់។
ទំព័រហ្វេសប៊ុក ដែលឧស្សាហ៍ធ្វើការវិភាគ បម្រើនយោបាយ ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន មួយនេះ បានសរសេរថា៖ «នេះគឺជាការប្រមាថ ដល់ស្ថាប័នជាតិ និងប្រមាថ លើសិទ្ធិនយោបាយរបស់ពលរដ្ឋ យ៉ាងជាក់ច្បាស់។ មិនតែប៉ុណ្ណោះ គឹម សុខ ក៏បានព្យាយាមបំភ្លៃការពិត អំពីការចូលរួមបោះឆ្នោតដូច សម រង្ស៊ី ថាអ្នកទៅបោះឆ្នោត តែប្រមាណ ៥០% ដែលផ្ទុយ ពីតួលេខពិតប្រាកដគឺ ៨៣,០២%។ នេះគឺជាអត្ថាធិប្បាយ បែបបរិហារកេរ្តិ៍ និងញុះញង់ហើយ ល្បង គឹម សុខ។»៕