កាណាដាប្រាប់រដ្ឋាភិបាលកម្ពុជា ឲ្យគោរពនីតិរដ្ឋនិងសិទ្ធិពលរដ្ឋ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៧ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 07, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃនេះ ប្រទេសកាណាដា បានរួមគ្នាជាមួយប្រទេសធំៗ នៅក្នុងពិភពលោក ដើម្បីធ្វើការក្រើនរំលឹក ទៅរដ្ឋាភិបាលលោក ហ៊ុន សែន ឲ្យគោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋ នៅបន្ទាប់ពីហេតុការណ៍ នៃការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ កាលពីព្រឹកទៀបភ្លឺ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ កន្លង មក។ សេចក្ដីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសកាណាដា បានសរសេរឲ្យដឹងថា ការចាប់ខ្លួននោះ បានបង្ហាញ ពី«ដំណើរការប្រជាធិបតេយ្យ ដ៏គួរឲ្យភ្ញាក់ផ្អើល» របស់ប្រទេសកម្ពុជា។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍នោះទាំងស្រុង (មានជាភាសាបារាំង) ដែលបកប្រែក្រៅផ្លូវការ ជាខេមរភាសាដូចតទៅ៖
«ជាមួយការបោះឆ្នោតជាតិ នៅកម្ពុជា ឈានខិតជិតមកដល់ កាណាដាមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនមេដឹកនាំ គណបក្សសង្គ្រោះជាតិ លោក កឹមសុខា នាពេលថ្មីៗនេះ។ ករណីថ្មីនេះ រួមជាមួយនឹងការដាក់កំហិត និងការរឹតបន្តឹង លើប្រព័ន្ធព័ត៌មានឯករាជ្យ ជាពិសេសនោះ បានបង្ហាញពីដំណើរការប្រជាធិបតេយ្យ ដ៏គួរឱ្យភ្ញាក់ផ្អើល នៅកម្ពុជា។»។
«កាណាដា អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិរបស់លោក កឹម សុខា ចំពោះនីតិវិធីត្រឹមត្រូវ និងដើម្បីធានាថា ករណីរបស់គាត់ ត្រូវបានដោះស្រាយដោយ បើកចំហ និងមានតម្លាភាព»។
«សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយរឹងមាំ ហើយឯករាជ្យ គឺជាចំណុចគោល នៃប្រទេសដែលមានសុខភាពល្អ និងការរីកចម្រើន។ លំហ សម្រាប់សម្លេង ពីគ្រប់និន្នាការទាំងអស់ គឺមានសារៈសំខាន់ណាស់ ចំពោះលទ្ធិប្រជាធិបតេយ្យ ហើយ កាណាដា អំពាវនាវដល់ រដ្ឋាភិបាលកម្ពុជា ដើម្បីធានា ថាលំហនោះ ត្រូវបានបើកទូលាយ សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។»។
«ប្រទេស កាណាដា ជឿជាក់យ៉ាងមុតមាំ ទៅលើការបោះឆ្នោត សេរីនិងតាមបែបប្រជាធិបតេយ្យ ហើយសំណូមពរ ឱ្យរដ្ឋាភិបាលកម្ពុជា គោរពនីតិរដ្ឋ និងសិទ្ធិរបស់ប្រជាពលរដ្ឋ»៕